Monday, November 24, 2025
Homeព័ត៌មានជាតិតាមពិត ដំបូងចាប់អូសចូលរថយន្ត តែគូស្នេហ៍នេះមិនព្រម ទើបមានរឿងចឹង

តាមពិត ដំបូងចាប់អូសចូលរថយន្ត តែគូស្នេហ៍នេះមិនព្រម ទើបមានរឿងចឹង

ខេត្តព្រះសីហនុ ៖ នារីជនជាតិចិនម្នាក់ទើបនឹងបណ្តើរគ្នាជាមួយគូស្នេហ៍ចេញពីកាស៊ីណូមួយកន្លែង ក៏ស្រាប់តែត្រូវជនជាតិចិន៣នាក់បម្រុងចាប់គូស្នេហ៍ទាំង២ចូលឡាន តែដោយសារជនរងគ្រោះទាំង២នាក់មិនព្រមចូលតាមសម្រួល ក៏ឈានដល់ការប្រតាយប្រតប់គ្នា ទើបធ្វើឱ្យក្រុមជនសង្ស័យខឹងសម្បាក៏ដកកាំភ្លើងបាញ់ប្រហារនារីរងគ្រោះចំកញ្ចឹងកធ្លាយមកគល់ដោះស្លាប់ភ្លាមៗមួយរំពេច។

ករណីឃាតកម្មបាញ់សម្លាប់នារីជនជាតិចិនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នារីរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះ Zhang Dan អាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកបុរសជាគូស្នេហ៍នារីរងគ្រោះ មានឈ្មោះ Xiao LiZhi ជាជនជាតិចិនដូចគ្នា ធ្វើការនិងស្នាក់ នៅជាមួយគ្នា។

ដោយឡែក ក្រុមជនដៃដល់ជាខ្មាន់កាំភ្លើងមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ តែត្រូវសមត្ថកិច្ចអះអាងថា គឺសុទ្ធតែជាជនជាតិចិនដូចគ្នា និងមានគ្នាទាំងអស់៣នាក់ជិះរថយន្ត១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ។

តាមប្រភពពីសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាឃាតករទាំង៣នាក់បានធ្វើសកម្មភាពបាញ់នារីរងគ្រោះឈ្មោះ Zhang Dan ខណៈពេលដែលនារីរងគ្រោះនិងគូស្នេហ៍ ឈ្មោះ Xiao LiZhi ដើរចេញពីក្នុងកាស៊ីណូអ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែងយីហោគ័រជីអ៊ិហាវ។

លុះពេលជនរងគ្រោះទាំង២នាក់ដើរដល់ចំណុចផ្លូវបត់មួយកន្លែងជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែលេចមុខបុរសជនជាតិចិនចំនួន២នាក់ បានចុះមកពីលើរថយន្ត ហើយបម្រុងចាប់អូសនារីរងគ្រោះនិងប្រុសស្នេហ៍ចូលក្នុងរថយន្ត តែពេលនោះនារីរងគ្រោះបានរើបម្រាស់ ទើបជនសង្ស័យបានបាញ់ប្រហារនារីរងគ្រោះ១គ្រាប់ ត្រង់កញ្ចឹងកខាងឆ្វេងធ្លាយមកគល់ដោះខាងស្តាំ បណ្តាលឱ្យនារីរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ ក្រុមជនសង្ស័យក៏បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកគូស្នេហ៍នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំ ទៅធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌ។

ចំពោះជនសង្ស័យជាឃាតករ កម្លាំងជំនាញគរបាលព្រហ្មទណ្ឌបានសហការជាមួយជំនាញពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES