Monday, November 24, 2025
Homeព័ត៌មានជាតិរាបដល់ដីអស់ តែមួយប៉ព្រិចភ្នែក... ស្រាប់តែក្រុមហ៊ុនកោះហៅអ្នករងគ្រោះទៀត

រាបដល់ដីអស់ តែមួយប៉ព្រិចភ្នែក… ស្រាប់តែក្រុមហ៊ុនកោះហៅអ្នករងគ្រោះទៀត

ខេត្តស្ទឹងត្រែង ៖ ផ្ទះស្នាក់នៅរបស់ក្រុមកម្មករបម្រើការងារក្នុងក្រុមហ៊ុនលោកឧកញ៉ាអាន ម៉ាឌី ដែលសង់ជាប់ៗគ្នាចំនួន៩ខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងដីឡូត៍ចម្ការកៅស៊ូរបស់ក្រុមហ៊ុនអាន ម៉ាឌី ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្មករទាំងអស់កំពុងបំពេញការងារជាក្រុមៗទៅតាមឡូត៍ចម្ការកៅស៊ូដោយពុំដឹងពីមូលនៃការឆេះនោះទេ។ ស្រាប់តែមកដល់វេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ក៏មានអ្នកប្រទះឃើញមានផ្សែងនិងអណ្តាតភ្លើងខ្មួលខ្មាញ់ឡើងលើរសាត់តាមខ្យល់។ គាប់ជួនពេលនោះមានស្ត្រីម្នាក់រត់ទៅហៅគេឯងដែលជាកម្មករកំពុងប្រមូលជ័រផ្អើលឆោឡោនាំគ្នាទៅពន្លត់ ដោយក្នុងនោះអ្នកខ្លះយករបស់របរចេញនិងខ្លះទៀតទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីឱ្យចុះមកជួយអន្តរាគមន៍ ប៉ុន្តែដោយសារផ្លូវឆ្ងាយរថយន្តពន្លត់អគ្គិភ័យទៅមិនទាន់ធ្វើឱ្យទំហំឆេះរាលដាលបន្តគ្នាពីផ្ទះមួយទៅមួយទៀតយ៉ាងឆាប់រហ័ស។

លោកចាន់ សុផា ស្នងការរងទទួលផែនអាវុធជាតិផ្ទុះនិងអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីអគ្គិភ័យ លោកបានបញ្ជាកម្លាំងចេញរថយន្តអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការរាល់ដាលដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ជាង១០រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមការឱ្យដឹងពីក្រុមកម្មករដែលស្នាក់នៅទីតាំងកើតហេតុបានឱ្យដឹងថា ផ្ទះកម្មករទាំងអស់មានចំនួន៩ខ្នង ស្មើ១៨បន្ទប់ គឺឆេះទាំងស្រុង ដោយមិនអាចយកអ្វីៗចេញបានទេធ្វើឱ្យគ្រួសារនីមួយៗបាត់បង់លុយជាច្រើនលានរៀល រួមទាំងសម្ភារប្រើប្រាស់ទាំងអស់។

បន្ទាប់ពីហេតុការណ៍ឆេះខាងលើនេះ ម្ចាស់ក្រុមហ៊ុនក៏បានកោះហៅអ្នករងគ្រោះទៅបំភ្លឺបាត់អ្វីខ្លះ ក្រុមហ៊ុននឹងជួយផ្តល់មកវិញ៕

RELATED ARTICLES