Sunday, November 23, 2025
Homeព័ត៌មានជាតិសូមប្រយ័ត្ន!!! អ្នកមិនមានជំនាញបើកឡានច្បាស់ កុំប្រថុយឲ្យសោះចុះពីលើភ្នំគូលែន

សូមប្រយ័ត្ន!!! អ្នកមិនមានជំនាញបើកឡានច្បាស់ កុំប្រថុយឲ្យសោះចុះពីលើភ្នំគូលែន

សៀមរាប៖ រថយន្តភ្ញៀវទេសចរមួយគ្រឿងដែលបានមានមនុស្សចំនួន១៣នាក់ បានធ្វើដំណើរចុះពីលើភ្នំគូលែន ស្រាប់តែជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលឲ្យមនុស្សស្លាប់ និងរងបួសជាច្រើននាក់ ហើយភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងកាលពីវេលា១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែន​ថ្មី​ ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ កាលពីវេលា១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងម៉ាក​ SANG YONG ISTANA ពាក់​ស្លាក​លេខសៀមរាប 2A-9016 ពណ៌ស​ ​បានធ្វើដំណើរចុះ​ពី​លើភ្នំ​គូលែន​តាម​ច្រក​ខាងកើត ​ក៏​ក្រឡាប់​តែម្ដង ធ្វើឲ្យមនុស្ស២នាក់ ជាជនជាតិចិនបានស្លាប់ និង១១នាក់ទៀត បានរងរបួសធ្ងន់ស្រាល (ស្រី៦នាក់)។ ភ្លាមៗ អ្នកបើកបរ​រថយន្ត​ និង​មគ្គុទេសក៍ បាននាំគ្នារត់គេខ្លួនបាត់អស់។

លោក​អធិការបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះដែលស្លាប់និងរងរបួស ត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយលើ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ 

លោក​អធិការបានបញ្ជាក់ថា ករណី​គ្រោះថ្នាក់​ក្រឡាប់រថយន្តនេះ មូលហេតុ​មកពី​អ្នកបើកបរបើកលឿន​ពេលចុះ​ចំណោទ ទើបបណ្ដាលឲ្យគ្រោះថ្នាក់។ ចំណែករថយន្តគ្រោះថ្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋានស្រុកស្វាយលើ ដើម្បី​រង់ចាំ​ដោះ ស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ គ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែននេះ កន្លងមកក៏បានកើតឡើងម្ដងរួចមកហើយនៅចំណុចដូចគ្នានេះ។ ដែលបង្កឡើងដោយរថយន្តម៉ាក HYUNDAI COUNT ដឹកភ្ញៀវទេសចរខ្មែរចំនួន២៨នាក់ ហើយក៏បានបង្កឲ្យរបួសធ្ងន់ស្រាលចំនួន១២នាក់ផងដែរ៕

RELATED ARTICLES