ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកដើរកសត្វព្រៃម្នាក់ (ព្រានព្រៃ) បានស្ពាយកាំភ្លើងច្នៃ១ដើមដើរចូលព្រៃ ដើម្បីរកបរបាញ់សត្វ ស្រាប់តែអកុសលកាំភ្លើងបានរៀលកៃ បណ្តាលឱ្យត្រូវចំខ្លួនឯងធ្លាយទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូននៅកណ្តាលព្រៃស្ងាត់។
ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៩ នៅត្រង់ចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ។
បុរសរងគ្រោះដែលរៀលកៃកាំភ្លើងច្នៃ បណ្តាលឱ្យធ្លាយទ្រូងខ្លួនឯងស្លាប់នេះ មានឈ្មោះ ប៊ុន លៀងគីម អាយុ២៨ឆ្នាំ មុខរបរ ដើរបរបាញ់សត្វ (ព្រានព្រៃ) មានប្រពន្ធនិងកូន២នាក់ ក្នុងបន្ទុក សព្វថ្ងៃមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់យុវតីម្នាក់អាយុ១៦ឆ្នាំ ត្រូវជាក្មួយស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នាងបានឃើញពូរបស់នាង (ជនរងគ្រោះ) បានស្ពាយកាំភ្លើងច្នៃ (បាញ់គ្រាប់កង់) ទៅជាមួយ រួចក៏ដើរចេញពីផ្ទះសំដៅចូលទៅក្នុងព្រៃ ដើម្បីរកទាក់ក្រួច អ៊ឺត និងបរបាញ់សត្វដូចសព្វដង។ ស្រាប់តែមិនបានប៉ុន្មានផង ក៏មានអ្នកភូមិរត់មកប្រាប់ថា មានគេប្រទះឃើញពូរបស់នាងដេកស្លាប់នៅក្នុងព្រៃបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ដោយឡែក តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានចេញទៅទាក់ក្រូចអឺត និងដាក់អន្ទាក់សត្វ នៅចំណុចព្រៃកើតហេតុខាងលើ ដូចសព្វមួយដង ដោយចេញពីផ្ទះតាំងពីម៉ោង៨ព្រឹកម៉្លេះ។ លុះមកដល់វេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃដដែល នាងក៏បានទូរស័ព្ទទៅប្តី តែទូរស័ព្ទមិនចូល ប៉ុន្តែនាងក៏មិនបានចាប់អារម្មណ៍ ឬសង្ស័យអ្វីដែរ ព្រោះនឹកស្មានថាប្តីរវល់ទាក់សត្វ លុះអស់ថ្មទូរស័ព្ទក៏មិនបានដឹង។ រហូតដល់វេលាម៉ោង២និង១៥នាទីរសៀលថ្ងៃដដែល ក៏ស្រាប់តែមានអ្នកស្រុកបានមកប្រាប់ថា ឃើញប្តីនាងដេកស្លាប់នៅក្នុងព្រៃ ទើបមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ លុះធ្វើកោសល្យវិច័យសពរួចរាល់ ក្រុមបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យនៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅលើខ្លួនសពជនរងគ្រោះមានស្នាមត្រូវរបួសនឹង គ្រាប់កាំភ្លើងខ្យល់១គ្រាប់ចំដើមទ្រូងខាងឆ្វេង គ្រាប់កាំភ្លើងនោះគឺជាគ្រាប់កង់ដែលមាន ទំហំ៤លី និងទូរស័ព្ទរបស់ជនរងគ្រោះស្មាតហ្វូន១គ្រឿង នៅពីលើដើមទ្រូងផ្នែកខាងឆ្វេង ដោយគ្របលើមុខរបួសរបស់ជនរងគ្រោះ។ ដោយឡែក ដៃជនរងគ្រោះខាងស្តាំ ឃើញមានស្នាមបែកជាំដុំៗ និងផ្នែកកខាងក្រោយ ក៏ឃើញមានស្នាមជាំជាច្រើនកន្លែងផងដែរ។

រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញដឹកនាំដោយលោកប៉ុល វុទ្ធី ស្នងការងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុដោយផ្ទាល់។

ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាបឋមថា ការស្លាប់របស់ជនរងគ្រោះខាងលើនេះ គឺបណ្តាលមកពីរៀលកៃកាំភ្លើងខ្យល់ដោយខ្លួនឯង ដោយសារតែសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្យល់របស់ជនរងគ្រោះនៅក្នុងព្រៃ ដែលមានចម្ងាយពីសពជនរងគ្រោះ ប្រមាណជា៥ម៉ែត្រ និងនៅជិតសពជនរងគ្រោះ ឃើញមានថង់ស្ពាយមួយ ដែលក្នុងថង់នោះ មានអន្ទាក់ក្រួចអឺត ចំនួន៤ និងគ្រាប់កង់សម្រាប់បាញ់កាំភ្លើងខ្យល់ ចំនួន៧៧គ្រាប់ ក្រៅពីនេះសមត្ថកិច្ចរកមិនឃើញស្លាកស្នាមនៅក្បែរសពជនរងគ្រោះ ដែលគួរឱ្យសង្ស័យថា ជាអំពើឃាតកម្មឡើយ។

ទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបើកការស៊ើបអង្កេតជាបន្តទៀត ដើម្បីស្វែងរកការពិត ជុំវិញករណីស្លាប់របស់ជនរងគ្រោះ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕