Sunday, November 23, 2025
Homeព័ត៌មានជាតិកូនក្រមុំជិតចូលរោងការ បាត់ខ្លួន៥ថ្ងៃ ម៉ែថា មានប្រុសលួងលោមកូនស្រីគាត់ឲ្យផ្តាច់ពាក្យវិញ គេទិញឡានឲ្យជិះ

កូនក្រមុំជិតចូលរោងការ បាត់ខ្លួន៥ថ្ងៃ ម៉ែថា មានប្រុសលួងលោមកូនស្រីគាត់ឲ្យផ្តាច់ពាក្យវិញ គេទិញឡានឲ្យជិះ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា កូនក្រមុំរបស់គាត់ម្នាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏ស្រាប់តែបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល៥ថ្ងៃមកហើយ និងត្រូវបានគាត់ជាម្តាយសង្ស័យថា កូនស្រីរូបនេះអាចនឹងចាញ់ល្បិចបុរសម្នាក់ ខណៈដែលមុនបាត់ខ្លួនប៉ុន្មានថ្ងៃ មានប្រុសម្នាក់ទាក់ទងតាមហ្វេសប៊ុក លួងលោមឱ្យកូនស្រីគាត់ផ្តាច់ពាក្យទៅ គេនឹងធ្វើមាសឱ្យពាក់ និងទិញឡានឱ្យជិះ។

កូនក្រមុំដែលបាត់ខ្លួនមុនថ្ងៃចូលរោងការតែប៉ុន្មានថ្ងៃនេះ មានឈ្មោះសួន ចរិយា អាយុ១៩ឆ្នាំ  មានលំនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ យុវតីរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដោយគិតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ ហើយក៏មិនអាចទាក់ទងទូរស័ព្ទចូលដែរ។

តាមសម្តីស្ត្រីឈ្មោះទា សម្បត្តិ ត្រូវជាម្តាយបង្កើតរបស់យុវតី សួន ចរិយា ដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល៥ថ្ងៃ ទាំងដែលថ្ងៃចូលរោងការកាន់តែខិតជិតមកដល់ទៅហើយនោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កូនស្រីរបស់គាត់ត្រូវបានពួកគាត់ជាចាស់ទុំផ្សំផ្គុំឱ្យរៀបការជាមួយនឹងយុវជនម្នាក់រស់នៅភូមិជាមួយគ្នា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដោយពួកគាត់បានបោះធៀបការ ដើរអញ្ជើញភ្ញៀវជិតអស់ទៅហើយ ចំណែកម្ហូបអាហារ ភ្លេងភ្លាត់ ផ្នួង ស្អាងការ ក៏បានកក់រួចរាល់អស់ហើយដែរ ស្រាប់តែនៅសុខៗកូនស្រីរូបនេះបែរជាចេញបាត់ពីផ្ទះដោយគ្មានដំណឹងអ្វីសូម្បីតែបន្តិច។

ស្ត្រីជាម្តាយរូបនេះ បន្តថា មង្គលការនេះធ្វើឡើងដោយមិនមានការបង្ខិតបង្ខំចិត្តរបស់កូនស្រីនោះទេ ពោលគឺរវាងកូនស្រីគាត់ និង កូនកំលោះដែលជាអនាគតប្តីរបស់នាងបានស្រលាញ់គ្នាល្អូកល្អិនចាក់ទឹកមិនលិចនោះទេ ហើយព្រោះតែឃើញថាកូនៗស្រលាញ់គ្នានេះហើយ ទើបពួកគាត់ជាចាស់ទុំសួរនាំចិត្តកូនៗ រួចក៏ផ្សំផ្គុំឱ្យពួកគេរៀបការតែម្តង ដោយខាងប្រុសបានជូនថ្លៃបណ្ណាការដល់គ្រួសារគាត់ចំនួន២ពាន់ដុល្លារ ចំណែកថ្លៃចំណាយលើពិធីមង្គលការទាំងមូល រួមទាំងតុចិន ភ្លេងភ្លាត់ ផ្នួង គឺគ្រួសារទាំងសងខាងជាអ្នកចេញម្នាក់ពាក់កណ្តាលស្មើគ្នា។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩នោះ គាត់បានរៀបចំចេញទៅហៅភ្ញៀវការកូនស្រី រួចក៏ផ្តាំឱ្យកូនស្រីឈ្មោះសួន ចរិយា នៅផ្ទះមើលថែប្អូនតូចផង ព្រោះប្អូនក្តៅខ្លួនព្យួរសេរ៉ូមនៅឡើយ ហេតុនេះត្រូវមើលថែ ជ្រលក់ក្រមានឹងទឹក ជូតខ្លួនឱ្យប្អូនផង។ លុះផ្តាំផ្ញើកូនស្រីរួច គាត់ក៏ចេញទៅដើរហៅភ្ញៀវការបាត់ទៅ ស្រាប់តែល្ងាចឡើង ពេលត្រឡប់មកដល់ផ្ទះវិញ ឃើញកូនតូចក្តៅខ្លួនកាន់តែខ្លាំង ទើបគាត់ខឹងពេក ក៏ស្តីបន្ទោសកូនស្រី (សួន ចរិយា) ២-៣ម៉ាត់ទៅ ពីរឿងអត់ជូតខ្លួន បញ្ចុកបាយទឹកឱ្យប្អូន។ ស្រាប់តែពេលត្រូវគាត់ស្តីបន្ទោសរួច កូនស្រីនេះក៏ទាញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខព្រៃវែង 1I-1944 ជិះចេញពីផ្ទះ លុះគាត់សួរនាំថាទៅណា កូនស្រីក៏ឆ្លើយថា ទៅទិញបបរឱ្យប្អូន រួចក៏ចេញទៅបាត់លែងឃើញត្រឡប់មកវិញរហូតតែម្តង។

ស្ត្រីជាម្តាយខាងលើ បានបញ្ជាក់ថា តាមអ្វីដែលគាត់បានកត់សម្គាល់ គឺនៅមុនកូនស្រីចេញបាត់ពីផ្ទះប៉ុន្មានថ្ងៃ ធ្លាប់មានបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) បានឆាតមកលួងលោមកូនស្រីរបស់គាត់ឱ្យផ្តាច់ពាក្យពីគូដណ្តឹងវិញទៅ ចាំគេធ្វើមាសឱ្យពាក់ និងទិញឡានឱ្យជិះទៀតផង។ លុះពេលដឹងរឿង គាត់ក៏បានសួរនាំ និងពន្យល់ណែនាំកូនស្រីដែរ តែមិនដឹងថាយ៉ាងម៉េច ស្រាប់តែមិនបានប៉ុន្មានផង កូនស្រីក៏បាត់ខ្លួនតែម្តង ទើបគាត់សង្ស័យថា កូនស្រីគាត់ត្រូវបុរសរូបនោះលួងលោមនាំយកទៅតែម្តង។

ក្រោយពីកូនស្រីបាត់ខ្លួនចេញពីផ្ទះភ្លាមៗ ស្ត្រីជាម្តាយរូបនេះ ក៏បានកាន់រូបថតទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍តាមស្វែងរកកូនស្រីត្រឡប់មកវិញដែរ តែមិនមានដំណឹងសោះ សូម្បីតែលេខទូរស័ព្ទកូនស្រីក៏ទាក់ទងមិនចូល ទើបធ្វើឱ្យគាត់ជាម្តាយ រួមនឹងក្រុមគ្រួសារមានការព្រួយបារម្ភ បានចែកផ្លូវគ្នា កាន់រូបថតតាមស្វែងរករហូតដល់ភ្នំពេញ និងស្នើសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយផង ក្រែងកូនស្រីបានឮបានឃើញ វិលត្រឡប់មកផ្ទះវិញ ព្រោះថា ថ្ងៃមង្គលការកាន់តែកៀកចូលមកដល់ណាស់ទៅហើយ។

ជាមួយនេះ ស្ត្រីជាម្តាយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ កូនស្រីរបស់គាត់ដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទាក់ទងផ្តល់ដំណឹងដល់គាត់ជាម្តាយផង តាមរយៈទូរស័ព្ទលេខ ០៩៦ ៨៣៣ ២៧០៣៕

RELATED ARTICLES