ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនក្រុមតារាតិកតុក (Tik Tok) សរុបចំនួន១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន។

ជុំវិញករណីនេះ អយ្យការអមតុលាការកំពុងសាកសួរយុវជនយុវនារីទាំង១១នាក់នៅឡើយ ហើយជាមួយគ្នានេះ សមត្ថកិច្ចក៏មិនទាន់បង្ហាញឈ្មោះជនសង្ស័យនៅឡើយដែរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថ ដែលចូលរួមក្នុងប្រតិបត្តិការបង្ក្រាបក្រុមតារាតិកតុកនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ វេលាម៉ោង៧និង២០នាទីយប់ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន១១នាក់ ដែលក្នុងនោះ ពួកគេសុទ្ធតែជាក្រុមតារាតិកតុកល្បីៗ ប៉ុន្តែបែរជាពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន (ប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅចំណុចអគារ ឌឹប៊្រីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ខណៈពួកគេប្រមូលផ្តុំគ្នាលក់ផង និងជក់គ្រឿងញៀនផង)។

ក្រោយចាប់ខ្លួនក្រុមតារាតិកតុកទាំងនោះ សមត្ថកិច្ចក៏បានរឹបអូសសារធាតុញៀនមួយ ចំនួនដូចជា ក្រាមពណ៌សថ្លា០៥កញ្ចប់ ស្មើនិង៨,២៣ក្រាម ម្សៅពណ៌ស ៤កញ្ចប់ ស្មើនឹង២,៦៩ក្រាម ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ ក្រាម៕

