Sunday, November 23, 2025
Homeព័ត៌មានជាតិរាំមើលមុខឌឺដងក្នុងក្លឹបឯណោះទេ... ស្រាប់តែទៅខ្ទេចគូទឡានទៅវិញ

រាំមើលមុខឌឺដងក្នុងក្លឹបឯណោះទេ… ស្រាប់តែទៅខ្ទេចគូទឡានទៅវិញ

ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់ រងរបួសធ្ងន់ និងស្រាលមួយ បន្ទាប់ពីបើកម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀត ដេញកាប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបឌុយម៉ិច តាមបណ្តោយផ្លូវលេខ១០៩  កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនរងគ្រោះទី១. មានឈ្មោះគា ទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរកៅអីសាឡុង នៅជិតផ្សារអូរឫស្សី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះទី២. ដែលរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ  អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-6762។

យោងតាមសម្តីក្មេងជនរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយ រូបគេនិងមិត្តភក្តិចំនួន ៨នាក់ បាននាំគ្នាចូលរាំលេងក្នុងក្លឹបហ្គោល នៅម្តុំផ្សារដីហ៊ុយ ពេលដែលកំពង់រាំលេងរូបគាត់ ក៏ក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នា៧ទៅ៨នាក់រាំក្បែរនោះ  ដែលហើយរូបគេមិនចាំអារម្មណ៏ថា ក្រុមនោះវ៉ៃសោះ។ ខណៈពេលដែលចេញមកវិញ ពួកគេក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ពេលជិះម៉ូតូបានបន្តិច  ស្រាប់តែក្រុមក្មេងស្ទាវនោះបានជិះម៉ូតូ៥ទៅ៦គ្រឿង បានដេញកាប់រូបគេទាំង២នាក់ ទើបបើករត់ទាំងភ័យស្លន់ស្លោ រហូតដល់កន្លែងកើតហេតុខាងលើ ក៏បុករថយន្តព្រូសមិនចាំស្លាកលេខ បណ្តាលឱ្យដួលរងរបួសធ្ងន់ និងស្រាលតែម្តង ភ្លាមៗរថយន្តនោះបានបើកចេញទៅបាត់ ហើយក្រុមក្មេងស្ទាវដែលដេញកាប់ក៏បោះដាវចោលចំនួន២ដើម នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូរបស់ជនរងគ្រោះរងការខូចខាត បែកកុងទ័រ  និងបែកកាទែរម៉ាស៊ីនហូរប្រេងចេញមកក្រៅ ខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឱ្យជនរងគ្រោះដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យព្យាបាល ដោយឡែក ជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាល បញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលមនោរម្យ ដើម្បីសួរនាំកំណត់មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES