Sunday, November 23, 2025
Homeព័ត៌មានជាតិអូនផ្ញើម៉ូតូផង បងលក់ចាយហ្មត់

អូនផ្ញើម៉ូតូផង បងលក់ចាយហ្មត់

ភ្នំពេញ ៖ នារីម្នាក់ត្រូវចេញទៅបំពេញភារកិច្ចនៅតាមខេត្ត ក៏ផ្ញើទុកម៉ូតូ១គ្រឿង ឱ្យប្រុសស្នេហ៍ជានិស្សិត ស្នាក់នៅបន្ទប់ជាមួយគ្នា ជួយមើលថែបណ្តោះអាសន្ន ស្រាប់តែពេលត្រឡប់មកវិញ បាត់ទាំងប្រុសស្នេហ៍ បាត់ទាំងម៉ូតូ លុះជិត១ខែក្រោយមក ទើបលេចមុខប្រុសស្នេហ៍ត្រឡប់មកបន្ទប់ជួលវិញ តែពេលសួរនាំរឿងម៉ូតូ ក៏ត្រូវប្រុសស្នេហ៍រូបនោះឆ្លើយថា លក់ចាយអស់ហើយ ធ្វើឱ្យខាងស្រីកើតទុក្ខ មិនសុខចិត្តប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្រុសស្នេហ៍ហេងស៊យ យកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្នេហ៍ហេងស៊យស៊ីដាច់ម៉ូតូសង្សារនេះ បានកើតឡើង តាំងពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ រហូតមកដល់ល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹងរបស់នារីរងគ្រោះជាស្រីស្នេហ៍។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសន បុរី អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលលេខ៣ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះថ.បល.ណ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៣ ជាមួយជនសង្ស័យខាងលើ។

តាមបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នាងត្រូវចេញទៅបំពេញការងារនៅតាមខេត្ត ហើយបានទុកម៉ូតូរបស់នាង១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CS-3563 នៅបន្ទប់ជួល ដោយឱ្យប្រុសស្នេហ៍ហេងស៊យ ឈ្មោះសន បុរី ដែលស្នាក់នៅជាមួយគ្នា មើលការគ្រប់គ្រងជំនួស។

ពាក្យបណ្តឹងបានបន្តថា ក្រោយពេលនាងចេញទៅបាត់នៅថ្ងៃដដែលនោះ ឈ្មោះសន បុរី បានលួចយកម៉ូតូរបស់នាង និងបានរត់គេចខ្លួន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល ទើបលេចមុខជនសង្ស័យត្រឡប់មកវិញ កំពុងដេកនៅក្នុងបន្ទប់ជួល ដោយពុំឃើញម៉ូតូរបស់នាងមកជាមួយនោះទេ ពេលនោះ  នាងក៏បានសួរនាំ ស្រាប់តែប្រុសស្នេហ៍ហេងស៊យឆ្លើយថា លក់ចាយអស់ហើយ ទើបនាងខឹងក៏ប្តឹងប៉ូលិសមូលដ្ឋានឱ្យមកចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សន បុរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់នារីរងគ្រោះជាស្រីស្នេហ៍ ទៅលក់យកលុយចាយអស់ប្រាកដមែន។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យទឹកនោមរបស់ជនសង្ស័យរកឃើញ មានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោម ដែលបញ្ជាក់ថា ជនសង្ស័យក៏បានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES