Sunday, November 23, 2025
Homeព័ត៌មានជាតិដល់ថ្នាក់នេះពេក សមត្ថកិច្ចអស់ពាក្យនិយាយតែម្តង

ដល់ថ្នាក់នេះពេក សមត្ថកិច្ចអស់ពាក្យនិយាយតែម្តង

ខេត្តស្វាយរៀង ៖ បុរសម្នាក់ទំនងជាផឹកស្រាស្រវឹងជោកជាំ ជិះម៉ូតូក្នុងល្បឿនលឿន លុះសមត្ថកិច្ចប្រទះឃើញ ក៏ជិះម៉ូតូប្រដេញតាមឃាត់សួរនាំ និងហាមកុំឱ្យជិះម៉ូតូលឿនពេក ព្រោះខ្លាចបង្កគ្រោះថ្នាក់ ស្រាប់តែបុរសខាងលើមួម៉ៅក្តៅចិត្ត ចាក់សាំងដុតម៉ូតូខ្លួនឯង បណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានតាហោ (ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។

បុរសចិត្តក្តៅដែលដុតម៉ូតូខ្លួនឯងឆេះខ្ទេច ព្រោះតែក្តៅចិត្តរឿងប៉ូលិសឃាត់មិនឱ្យជិះលឿន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ចំណែកម៉ូតូដែលត្រូវភ្លើងឆេះអស់ទាំងស្រុង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជើងខ្លាំងខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ជិះប្រដេញពីក្រោយ ហើយឃាត់ឱ្យឈប់សួរនាំ និងបានណែនាំប្រាប់កុំឱ្យជិះលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ខ្លាចគ្រោះថ្នាក់ផង។ ស្រាប់តែភ្លាមនោះ បុរសខាងលើបាននិយាយទំនងជាស្រវឹងថា “គេបើកតែគេ បើគ្រោះថ្នាក់គ្រោះថ្នាក់តែគេដែរ គ្មានអីពាក់ព័ន្ធទេ” គ្រាន់តែនិយាយរួច បុរសរូបនោះ ក៏ផ្តួលម៉ូតូរបស់ខ្លួន បន្ទាប់មកក៏ទាញយកដែកកេះមកដុតឆេះខ្ទេច ហើយក៏ដើរចេញទៅធ្វើមិនដឹង។

បន្ទាប់ពីដុតម៉ូតូរួច សមត្ថកិច្ចក៏បានឃាត់ខ្លួនជននោះ យកទៅស្នងការដ្ឋានខេត្តស្វាយរៀង ដើម្បីសួរនាំនិងធ្វើតេស្តទឹកនោម ក្រែងមានសាធាតុញៀន៕

RELATED ARTICLES