ភ្នំពេញ ៖ ជនជាភេទទី៣ម្នាក់ ខឹងបុរសម្នាក់ហៅ “អាខ្ទើយ” បានស្ទុះទាញកាំបិតដេញកាប់ បណ្តាលឱ្យរយះជើង ដោយចោទថា តែត្រូវជនរងគ្រោះឈប់ម៉ូតូដេញវ៉ៃវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ច្រកឌឿងហែម ផ្លូវលេខ៣៨៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ស្ត្រីតែងខ្លួនជាប្រុសដែលបានកាប់គេឱ្យរងរបួស មានឈ្មោះខន ភារក្ស អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះមានឈ្មោះសុខ សម្បត្តិ អាយុ៣៥ឆ្នាំ។

តាមការរៀបរាប់របស់ភាគីភេទទី៣ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលខ្លួនកំពុងតែឈរលេងនៅមុខផ្ទះ ស្រាប់តែមានជនរងគ្រោះជិះម៉ូតូ១គ្រឿង ដឹកប្រពន្ធផង បានមកហៅខ្លួនថា “អាខ្ទើយ” ពេលនោះធ្វើឱ្យរូបគេខឹងខ្លាំងពេក ក៏បានជេរតបវិញ ហើយបុរសម្នាក់នោះក៏បានឈប់ម៉ូតូដេញតាមវាយខ្លួន ទើបរូបគេបានរត់ចូលទៅក្នុងផ្ទះ ទាញកាំបិតមកកាប់តែម្តង។

ដោយឡែក តាមសម្តីភាគីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបប្រពន្ធ ឆ្លងកាត់ផ្លូវលេខ៣៨៦ខាងលើ ពេលនោះក៏ស្រាប់តែស្ត្រីជាភេទទី៣ខាងលើនោះ បានយកដុំថ្ម និងកាំបិតដេញគប់ និងកាប់គាត់១កាំបិតចំស្មងជើងខាងស្តាំ បណ្តាលឱ្យរយះហូរឈាមតែម្តង។ ដោយខឹងខ្លាំងពេក គាត់ក៏បានឈប់ម៉ូតូដេញវាយវិញ ហើយក៏ត្រូវស្ត្រីជាភេទទី៣ កាប់បណ្តាលឱ្យរងរបួសជើងម្ខាងតែម្តង។ យ៉ាងណា បុរសខាងលើបានអះអាងថា គាត់មិនបានហៅភេទទី៣ខាងលើថា “អាខ្ទើយ” នោះទេ ហើយក៏មិនដែលស្គាល់ភេទទី៣ខាងលើនេះ ពីមុនមកដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ហើយចាប់ឃាត់ខ្លួន និងវាយខ្នោះដៃស្ត្រីជាភេទទី៣ និងនាំទាំងប្តីប្រពន្ធទាំង២នាក់នោះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង៣ ដើម្បីសួរនាំបញ្ជាក់ពីរឿងហេតុ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ភេទទី៣ខាងលើនេះ គឺជាមនុស្សមានសតិមិនសូវគ្រប់ ធ្លាប់បានកម្លាំងមានសមត្ថកិច្ចធ្វើការចាប់បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចចំនួន៤លើកមកហើយ ម៉្យាងទៀតស្ត្រីជាភេទទី៣នោះ ក៏ទើបតែចេញពីមណ្ឌលកែប្រែបានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចសម្រេចបញ្ជូនទៅកាន់មណ្ឌលកែប្រែជាលើកទី៥ ទាំងលើកនេះសារជាថ្មីទៀត៕