ខេត្តកំពង់ស្ពឺ ៖ អ្នកភូមិជាច្រើន បានរៃអង្គាសលុយគ្នា ជួលធុងបាស់មកចាក់រាំលេងកម្សាន្តសប្បាយ លុះចុងក្រោយក៏ក្លាយជាទុក្ខ ដោយសារតែក្រោយពេលរាំចប់ ក៏កើតមានជំលោះ រហូតឈានដល់អំពើហិង្សា ដោយក្រុមក្មេងស្ទាវ បានព្រួតគ្នាកាប់បុរសម្នាក់ បណ្តាលឱ្យដាច់កស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវង់រាំ មួយកន្លែង ស្ថិតក្នុងភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង។
បុរសរងគ្រោះដែលត្រូវក្មេងស្ទាវកាប់ដាច់កស្លាប់ មានឈ្មោះហម ស្រស់ អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះឈួន សាន់លី អាយុ៣៣ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ អ្នកភូមិរបស់គាត់ បានរៃអង្គាសលុយគ្នាទៅជួលធុង បាស់ យកមកដាក់ ដើម្បីរាំលេងកម្សាន្តសប្បាយ ដោយមានប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ ចូលរួមរាំលេងយ៉ាងសប្បាយក្អាកក្អាយ។ លុះមក ដល់វេលាម៉ោង១១យប់ ក៏ស្រាប់តែមានក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ២០នាក់ ដែលបានចូលរាំលេងជាមួយគ្នានោះដែរ បានបង្ករឿង អុក ឡុក កើតជាអំពើហិង្សា ទាញដាវកាប់ប្រហារបុរសរងគ្រោះចំកញ្ចឹងកខាងស្តាំ បណ្តាលឱ្យផុងដល់លលាដ៍រងរបួសយ៉ាងធ្ងន់ និងត្រូវបាន ក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ដឹកបានត្រឹមពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យលស្លាប់យ៉ាងអាណោចអាធ័ម។ ដោយឡែកក្រុមជនដៃដល់ ក្រោយពីបង្កហេតុរួច បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់៕