Thursday, August 28, 2025
Homeសង្គម និងជីវិតប្រុស៤នាក់ ស្ទាក់ភ្ជង់ប្លន់ស្រីស្អាត

ប្រុស៤នាក់ ស្ទាក់ភ្ជង់ប្លន់ស្រីស្អាត

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទើបនឹងចេញពីធ្វើការពេលយប់ ជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង លុះមកដល់ផ្លូវបត់ចូលផ្ទះ ដែលជាកន្លែងស្ងាត់ ក៏លេចមុខជនសង្ស័យ៤នាក់ ស្ទាក់គំរាមដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស (ច្រកតូច) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះដែលត្រូវក្រុមជនសង្ស័យស្ទាក់ប្លន់ម៉ូតូ មានឈ្មោះហេង វាសនា អាយុ២១ឆ្នាំ មុខុរបរបុគ្គលិកភោជនីយដ្ឋានមួយកន្លែង ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកគូរ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាក Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FH-8003។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នាងទើបនឹងចេញពីធ្វើការនៅភោជនីយដ្ឋានមួយកន្លែង រួចក៏ជិះម៉ូតូ Zoomer-X តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស បំណងត្រឡប់ទៅផ្ទះវិញ លុះទៅដល់ចំណុចផ្លូវបេតុងបត់ចូលផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយ ស៊ូគីលែត ពណ៌ស មិនចាំស្លាកលេខ១គ្រឿង និងម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ១គ្រឿង បានមកធ្វើសកម្មភាពដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់ ប្រសិនបើនាងមិនព្រមប្រគល់ម៉ូតូទៅឱ្យពួកគេតាមសម្រួលនោះទេ ដោយក្នុងនោះ មានជនសង្ស័យបានដាក់ដៃចូលចង្កេះខោ ឃើញដូចនេះ នាងភ័យពេក ក៏ចុះពីលើម៉ូតូ ហើយជនសង្ស័យម្នាក់ចំណោម៤នាក់បានចុះមកជិះម៉ូតូរបស់ខ្លួនជិះគេចខ្លួនបាត់សម្រោលតែម្តង៕

RELATED ARTICLES