ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានទាមទារលែងលះគ្នាជាមួយប្រពន្ធ និងសុំចែកកូនទៀតផង តែប្រពន្ធមិនព្រម និងថែមទាំងបាននាំកូនរត់គេចទៅដេកផ្ទះម្តាយបាត់ ទុកឱ្យប្តីដេកចាំផ្ទះតែម្នាក់ឯង លុះឈឺចិត្តស្អិតទ្រូងរឿងសុំលែងប្រពន្ធអត់បាន បុរសជាប្តីក៏ទៅផឹកស្រាថ្នាំអស់កន្លះលីត្រ រួចក៏បែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន។
ហេតុការណ៍បុរសជាប្តីតូចចិត្តសុំលែងប្រពន្ធអត់បាន ចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្ទោង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់។
បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះសួន សុគា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងប្រពន្ធបានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង ដោយសារតែបុរសជាប្តីបានទាមទារលែងលះគ្នាជាមួយប្រពន្ធ និងថែមទាំងបានដណ្តើមចែកកូនគ្នាទៀតផង ប៉ុន្តែត្រូវស្ត្រីជាប្រពន្ធបដិសេធ រួចក៏នាំកូនរត់ចេញទៅដេកផ្ទះម្តាយបង្កើតរបស់ខ្លួនបាត់ទៅ ដោយទុកឱ្យបុរសជាប្តីនៅដេកចាំផ្ទះតែម្នាក់ឯងប៉ុណ្ណោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីប្រពន្ធកូនចេញបាត់ទៅ បុរសជាប្តីក៏បានដើរចេញពីផ្ទះទៅផឹកស្រាថ្នាំអស់កន្លះលីត្រ រួចទើបត្រឡប់មកដេកនៅផ្ទះវិញ។ លុះដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បងប្រុសរបស់ជនរងគ្រោះ បានដើរទៅហៅឱ្យប្អូន (ជនរងគ្រាះ) ឱ្យក្រោកឡើង ក្នុងគោលបំណងឱ្យជួយលើកឥវ៉ាន់ ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញប្អូនប្រុសរបស់ខ្លួន ចងកនឹងក្រម៉ាជាប់និងរតផ្ទះរបស់ខ្លួនបណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយពិនិត្យ៕