ក្រោមការសួរនាំរយៈពេល២ថ្ងៃ ទៅលើជន៨នាក់ ដែលក្នុងនោះម្នាក់ជាបងប្រុសលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ គឺលោកឡាយ ណារិន្ធ តួនាទីស្នងការរងនគរបាលខេត្ត ក្នុងករណីស្រីស្អាត ចេវ សុ ឮវឌ្ឍនា ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ មានអ្នកខ្លះបានសារភាពថា ករណីនេះមិនមែនជាអំពើអត្តឃាត តែជាអំពើឃាតកម្ម។ ចំណែកលោកឡាយ ណារិទ្ធ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។
តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ បានឲ្យអ្នកសារព័ត៌មានដឹងថា ករណីឃាតកម្មនេះ ក្នុងចំណោមជន៨នាក់នេះ មានអ្នកខ្លះបានសារភាពហើយ ប៉ុន្តែសមត្ថកិច្ចចង់ដឹងឲ្យកាន់តែច្បាស់ថាអ្នកណាជាមេក្លោង ហើយជាអ្នកបញ្ជាពីក្រោយករណីសម្លាប់ស្រីស្អាតនេះ។
ដំណើរការនៃកាសាកសួរជនទាំង៨នាក់ នោះ នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្តធ្វើការងារដោយយកចិត្តទុកដាក់បំផុត ដើម្បីឈានទៅបំបែកសំណុំរឿងឃាតកម្មនេះ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ មានករណីចងកសម្លាប់ខ្លួនមួយ បានកើតឡើងនៅចំណុចផ្ទះជួល ក្នុងភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយស្ត្រីមេម៉ាយរូបស្រស់ឈ្មោះចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរនោះ បានចងកបញ្ចប់ជីវិតនៅក្នុងផ្ទះ ដោយបន្សល់ទុកកូនៗ៣នាក់ ឱ្យក្លាយជាក្មេងកំព្រា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានសម្ងំនៅក្នុងបន្ទប់ក្នុងផ្ទះយ៉ាងយូរ ពោលគឺតាំងពីថ្ងៃរសៀល។ រហូតដល់ល្ងាចឡើង ដោយមានការសង្ស័យ ទើបអ្នកបម្រើក្នុងផ្ទះបានដើរទៅគោះទ្វារហៅ តែមិនឮសូរមាត់ឆ្លើយតប ទើបបើកទ្វារចូលទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ស ចងកភ្ជាប់នឹងចម្រឹងដែកវាំងននជាប់មាត់បង្អួច។ ជាមួយនេះ នៅក្នុងបន្ទប់ដែលស្ត្រីរងគ្រោះចងកសម្លាប់ខ្លួន សមត្ថកិច្ចបានរកឃើញសំបុត្រ១ច្បាប់ ដែលក្នុងខ្លឹមសារបានសរសេររៀបរាប់ពីទុក្ខសោករឿងស្នេហ៍។
លោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។ ចំណែកមូលហេតុ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែនៅក្នុងបន្ទប់ធ្វើអត្តឃាតនោះ សមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់ ដែលស្ត្រីរងគ្រោះបន្សល់ទុក និងបានសរសេររៀបរាប់ពីវិបត្តិស្នេហ៍របស់ខ្លួន ដែលនាំឱ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះ អាចបណ្តាលមកពីវិបត្តិស្នេហា ឬស្នេហាត្រីកោណ ជាដើម។
ដោយឡែក លោកខៀវ សាមុត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌក្រុងដូនកែវ បានអះអាងថា ស្ត្រីរងគ្រោះឈ្មោះចេវ សុវឌ្ឍនា មានកូន៣នាក់ តែបច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូននៅឯរាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះមកជួលផ្ទះកន្លែងកើតហេតុ នៅក្រុងដូនកែវ ដើម្បីស្នាក់នៅ និងធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ ហើយសព្វថ្ងៃ គេក៏មិនដែលឃើញស្ត្រីរងគ្រោះចេញទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឱ្យមានការសន្និដ្ឋានថា ស្ត្រីរងគ្រោះរូបនេះ គឺជាស្ត្រីមេម៉ាយ។យ៉ាងណា មរណភាពអ្នកស្រីចេវ សុវឌ្ឍនា ត្រូវបានសាច់ញាតិ និងមហាជនដាក់សង្ស័យថា មិនមែនជាករណីអត្តឃាតឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឱ្យសង្ស័យ ព្រោះនៅក្បែរសពស្ត្រីរូបនេះ មិនមានកៅអីដើម្បីឡើងចងក ហើយស្ត្រីនោះក៏បានយកដៃកាន់ខ្សែចងកថែមទៀត ហាក់ដូចជាប្រឹងរើបម្រះ មុននឹងស្លាប់។ ចំណែកនៅលើករបស់សព ក៏មានស្នាមម្រាមដៃផងដែរ។ ប៉ុន្តែនៅក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានរៀបរាប់ថា ស្ត្រីរងគ្រោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួនក្នុងកម្ពស់ ពីកម្រាលឥដ្ឋ ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ ២០សង់ទីម៉ែត្រ។ ចំណែកមូលហេតុនាំឱ្យចងកសម្លាប់ខ្លួននេះ ត្រូវបានមន្ត្រីនគរបាល អះអាងថា ជាករណីវិបត្តិស្នេហា ដោយយោងតាមរយៈសំបុត្រមួយច្បាប់រហែក ជា២ចំណែក ដែលគេអះអាងថា រកឃើញនៅក្នុងកាបូបយួរដៃរបស់ស្ត្រីរងគ្រោះ តែរឿងសំបុត្រនេះ ប្រភពខ្លះថា មិនដឹងចេញពីណាទេ៕