ខេត្តកណ្តាលៈ រថយន្តកុងតឺន័រ ១គ្រឿង បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកចូលរោងលក់ដូរ ១កន្លែង នៅក្បែរផ្លូវ បណ្តាលឱ្យលោកអធិការរងនគរបាលស្រុកកៀនស្វាយ ម្នាក់ ដែលកំពុងបំពេញបេសកកម្មការងារ ការពារក្បួនថ្នាក់ដឹកនាំ រងរបួសធ្ងន់ បាក់ជើងទាំងសងខាង បាក់ដៃ និងបែកក្បាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តូបលក់ដូរដែលត្រូវរថយន្តកុងតឺន័របុករះ មានម្ចាស់ឈ្មោះ ឡេង ឆុន ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែកលោកអធិការរងនគរបាលស្រុកកៀនស្វាយ ដែលរងរបួសធ្ងន់ គឺលោកអនុសេនីយ៍ឯក ជិន លីណា អាយុ៤៥ឆ្នាំ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ (រងរបួសបាក់ជើងទាំង២ បាក់ដៃឆ្វេង និងបែកក្បាល)។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័រ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រ ១គ្រឿង ម៉ាក INTERNATIONAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7209 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0286 មានទិសដៅអ្នកលឿង ទៅភ្នំពេញ បើកបរដោយឈ្មោះជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុករះតូបលក់ដូរខាងលើ ដែលខណៈនោះ មានវត្តមានលោកអនុសេនីយ៍ឯក ជិន លីណា អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលការងារគ្រឿងញៀន កំពុងបំពេញបេសកកម្មការងារ ការពារក្បួនថ្នាក់ដឹកនាំ បណ្តាលឱ្យលោកអធិការង ជិន លីណា រងរបួសយ៉ាងធ្ងន់ បាក់ដៃឆ្វេង បាក់ជើងទាំង២ និងបែក ក្បាល ព្រមទាំងបង្កឱ្យខូចខាតម៉ូតូ ចំនួន ២គ្រឿង ១-ម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1G-4993 (ម៉ូតូរបស់ម្ចាស់ផ្ទះ) ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DG-3892 ដែលនៅក្បែរនោះទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូ ២គ្រឿង និងរថយន្តកុងតឺន័របង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តបង្កហេតុ យកមកទទួលខុសត្រូវតាមនីតិវិធី៕

