ប្រទេសបារាំង ៖ អ្នកច្នៃម៉ូដ និងគ្រួបង្ហាត់ម៉ូដែល ល្បីឈ្មោះ លោក គង់ អូលីវ៉ា និងតារាចម្រៀង ណាន វីសារ បានលេចមុខនៅព្រលានយន្ដហោះអន្ដរជាតិតេជោ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងដំណើរទៅចូលរួមមហោស្រពភាពយន្ដអន្ដរជាតិ ក្រុងកាន (Cannes Film Festival) លើកទី៧៩ នៅលើកោះកាន (Cannes) ប្រទេសបារាំង ។


លោក គង់ អូលីវ៉ា បា្រប់មុនឡើងយន្ដហោះថា នេះជាលើកទី២ សម្រាប់រូបលោក ក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ព្រោះកាលពីឆ្នាំ២០២៥ លោកក៏បានចូលរួមម្ដងហើយដែរ តែពេលនោះ លោកមិនសូវមានពេលសម្រាប់ខ្លួនឯងទេ ព្រោះត្រូវគ្រប់គ្រងតួ ៩នាក់ផ្សេងទៀត ដែលទៅចូលរួមដែរ ហេតុនេះ ពេលជួបតារាល្បីៗ អត់សូវមានពេលថតឬសំណោះសំណាលគ្នា។ប៉ុន្ដែសម្រាប់ឆ្នាំនេះ លោកបានរួមដំណើរជាមួយលោក ណាន វីសា ហេតុនេះវីសា នឹងជួយលោកច្រើនទាក់ទងការងារមួយនេះ ហើយលោកនឹងបង្ហាញខ្លួនទាំងពីរថ្ងៃ នៅមហោស្រពភាពយន្ដអន្ដរជាតិ ក្រុងកាន លើកនេះ គឺទាំងនៅថ្ងៃទី១៨ និងទី១៩ ខែឧសភា ខណៈដែលតារាខ្មែរ ដែលទៅចូលរួមដែរ ភាគច្រើនពួកគេនឹងចូលរួមនៅថ្ងៃទី១៩ ឧសភា ដែរ ។ លោកអូលីវ៉ា ការទៅលើកទីពីរនេះ លោកបានត្រៀ មឈុតពិសេសជាច្រើន ដែលច្នៃដោយក្រណាត់ខ្មែរ ដែលការច្នៃម៉ូដនោះ ជាអត្តសញ្ញាណរបស់ខ្មែរ បង្ហា ញពីវប្បធម៌ អរិយធម៌កម្ពុជា ទៅកាន់ពិភពលោក ដែលបញ្ហានេះ លោកធ្វើមិនមែនដើម្បីខ្លួនឯងទេ ប៉ុន្ដែគឺដើម្បីប្រ ទេសកម្ពុជា ហើយនៅថ្ងៃទី១៨ ឧសភា លោកនឹងទៅជួបឯកអគ្គរាជទូតខ្មែរ ប្រចាំនៅបារាំង ជាមុនសិន បន្ទាប់ មក ទើបចូលកម្មវិធីដើរលើកម្រាលព្រំក្រហម មហោស្រពភាពយន្ដអន្ដរជាតិ ក្រុងកាន ដែលលោកនឹងយកប្រពៃណីខ្មែរ ទៅបង្ហាញអន្ដរជាតិ នាពេលនោះ ។ លោកថា ដោយសាតែមានទំនាក់ទំនងល្អជាមួយ Agency រៀបចំកម្មវិធីនោះជាប់ ហេតុនេះគ្មានអ្វីដែលពិបាកឡើយសម្រាប់លោក ក្នុងការចូលរួមឆ្នាំនេះ ឬឆ្នាំក្រោយៗទៀត ។

អ្នកច្នៃម៉ូតដ៍ល្បីឈ្មោះលោកគង់ អូលីវ៉ា និងតារាចម្រៀងលោកណាន វីសារ
ចំណែកតារាចម្រៀង ណាន វីសារ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ វិញថាលោកមានកិត្តិយសដែលបានចូលរួមព្រឹត្តិការណ៍ធំនោះ ព្រោះកន្លងមក លោកធ្លាប់តែច្រៀងតែពេលនេះមានឱកាសទៅចូលរួមកម្មវិធីអន្ដរជាតិ នៅបរទេសដែរ។ ប៉ុន្តែលោកថា មុនចេញទៅទីក្រុងកាន ជាលើកដំបូងនេះ កន្លងមកលោកក៏ធ្លាប់ធ្វើការងារជាមួយលោក គង់ អូលីវ៉ា ជាញឹកញាប់ផងដែរ ដែលលោកតែងតែទទួលបានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីលោកអូលីវ៉ា ជានិច្ច ។

លោក គង់ អូលីវ៉ា បានឲ្យដឹងដែរថា កាលពីឆ្នាំ២០២៥ ពេលទៅចូលរួមមហោស្រពភាពយន្ដអន្ដរជាតិ ក្រុងកាន នោះ លោកមានគីឡូដល់ទៅជាង ៨០គ.ក្រ តែសម្រាប់ឆ្នាំនេះវិញ លោកបានសម្រកអស់ជាង ២០គ.ក្រ ពោលគឺនៅសល់តែជាង ៦០គ.ក្រប៉ុណ្ណោះ ។ អ្នកច្នៃម៉ូដល្បីរូបនេះ និយាយដោយមោទនភាពដែរថា លោកមានឱ កាសដើរជុំវិញពិភពលោកនេះ គឺជាព្រះប្រទានឲ្យ ព្រោះកាលនៅពីតូច លោកធ្លាប់តែបេះម្អម ដាក់ញ្ច្រែង ដើរលក់ តែឥឡូវក្ដីសុបិនលោក ក្លាយជាការពិត លោកអាចនាំយកអត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោកបាន តាមរយៈស្នាដៃនៃការច្នៃម៉ូដរបស់លោក ដើម្បីធ្វើឲ្យមានកំណើនវិស័យទេសចរណ៍នៅកម្ពុជា និងឲ្យគេស្គាល់កម្ពុជា ថាជាប្រជាជនដែលស្លូតត្រង់ មិនចេះរំលោភបំពានអ្នកណាទេហើយយើងមានសិល្បៈ អរិយធម៌ និងវប្បធម៌ ដ៏ពិតប្រាកដ។ លោកថា ក្រៅពីប្រើក្រណាត់ខ្មែរសុទ្ធសាធ ដើរលើកម្រាលព្រំក្រហម មហោស្រពភាពយន្ដអន្ដរជាតិ ក្រុងកាន ដោយរូបលោកផ្ទាល់ទាំងពីរថ្ងៃនោះ លោកក៏បានច្នៃម៉ូដពិសេស ឲ្យបវរកញ្ញាម្នាក់ ដែលទៅចូលរួមពិធីនោះដែរ ។

គួរបញ្ជាក់ថា មហោស្រពភាពយន្ដទីក្រុងកាន (Cannes Film Festival) បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ គឺជាមហោស្រពភាពយន្ដដ៍ធំ ចំណាស់ និងមានកិត្យានុភាពបំផុតមួយ នៅលើពិភពលោក។ Cannes Film Festival តែងតែប្រារពធ្វើឡើងជារៀងរាល់ឆ្នាំ នៅខែឧសភា នៅទីក្រុងកាន (Cannes) ភាគខាងត្បូងនៃប្រទេសបារាំង ក្នុងគោលបំណងលើកកម្ពស់សិល្បៈ ភាពយន្ដ ចែករំលែកខ្សែភាពយន្ដថ្មីៗ និងជាវេទិកាជួបជុំអ្នកជំនាញក្នុងវិស័យភាពយន្ដ មកជុំវិញពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះ ទាក់ទាញភាពយន្ដល្បីៗ អ្នកផលិតភាពយន្ដ និងអ្នកសារព័តមានអន្ដរជាតិ ជាច្រើនស្ថាប័ន ចូលរួម។ ភាពយន្ដដែលត្រូវបានជ្រើសរើសដាក់ បញ្ចាំង នឹងប្រកួតប្រជែងពានរង្វាន់ដែលខ្ពស់បំផុត «Palme d’Or» (ដូងមាស) ។

លោក គង់ អូលីវ៉ា បានឲ្យដឹងដែរថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅលើកោះកាន ប្រទេសបារាំង ទាំងពីរថ្ងៃនោះមក លោកនឹងបន្ដការងារនៅប្រទេសអេស្ប៉ាញ ដែលការងារនោះ លោកថា សុទ្ធតែទាក់ទងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក៕
