Friday, May 15, 2026
Homeតារាខ្មែរសុខគា គីមលាង ត្រៀមទៅប្រកួតសម្រស់នៅជប៉ុន

សុខគា គីមលាង ត្រៀមទៅប្រកួតសម្រស់នៅជប៉ុន

ភ្នំពេញ ៖ ក្នុងអាយុ២៦ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០គ.ក្រ នាដការី សុខគា គីមលាង ហៅកូនស្រមោច ជាបវរកញ្ញាអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ (Miss International Cambodia 2026) តំណាងឲ្យប្រទេសកម្ពុជា នឹងទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ ឆ្នាំ២០២៦ (Miss International 2026) នៅប្រទេសជប៉ុន ឆាប់ៗខាងមុខនេះ ក្រោយពីនាងបានហ្វឹកហាត់ដើរម៉ូដពីអ្នកជំនាញ ជាច្រើនសប្ដាហ៍ ដើម្បីដណ្ដើមយកមកុដ ជូនកម្ពុជា ។

តើសុខគា គីមលាង ជាតារាបង្ហាញម៉ូដ សម្ដែង តារាស្ពត និងជាអ្នកគ្រូក្រមុំរូបស្រស់បង្រៀនរបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ រូបនេះ នឹងអាចសម្រេចក្ដីសុបិនឈ្នះមកុដបវរកញ្ញា Miss International 2026 នៅជប៉ុន បានដែរឬទេ ក្រោយខកចិត្តគ្រងមកុដ Miss Universe 2026 នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ?។

ខាងក្រោមនេះ ជាបទសម្ភាសន៍របស់អ្នកយកព័ត៌មានកាសែត «នគរធំ» ជាមួយកញ្ញាសុខគា គីមលាង កាលពីពេលថ្មីៗនេះ ៖

នគរធំ ៖ ហេតុអ្វីបានជាកញ្ញាសុខគា គីមលាង សម្រេចចិត្តចូលរួមប្រកួត Miss International 2026  នៅប្រទេសជប៉ុន ?

សុខគា គីមលាង ៖ មូលហេតុដែលខ្ញុំចូលរួមប្រកួតបវរកញ្ញា គឺខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលអាចជាតំណាង បើកផ្លូវឲ្យអ្នកជំនាន់ក្រោយ ពិសេសអ្នករបាំ ឬអ្នកសិល្បៈខាងវប្បធម៌ គាត់មានឱកាស និងមើលឃើញពីសមត្ថ ភាពរបស់ខ្ញុំ ដែលជានាដការីរបាំបុរាណ ក៏អាចទៅជាន់លើឆាកដ៏មានឥទ្ធិពល មិនថាទាំងជាតិ និងអន្ដរជាតិទេ គឺចង់បង្ហាញថា យើងមិនមែនផ្លាស់ប្ដូរខ្លួនឯងទេ តែបន្ថែមនូវបទពិសោធន៍ ហើយយកកន្លែងដែលយើងមានបទពិសោធន៍ល្អ អ្វីជាខ្លួនយើង ខ្លួនឯងជាអ្នកណា? ជានាដការី មកពីណា? ហើយក៏លើសពីការផ្សព្វផ្សាយវប្ប ធម៌ ជាពិសេសអាកប្បកិរិយាជាស្រ្ដីខ្មែរ ទាំងនៅឆាកជាតិ និងអន្ដរជាតិ។

នគរធំ ៖ តើ Miss International ២០២៦ មានចំណុចពិសេសជាងកម្មវិធីប្រលងបវរកញ្ញាផ្សេងទៀតយ៉ាងណា ទើបធ្វើឲ្យ សុខគា គីមលាង ពេញចិត្តចូលរួមប្រកួត ? ចុះបើមានស្លៀកឈុតប៊ីគីនី តើកញ្ញា ហ៊ានស្លៀកឬអត់ ?

 សុខគា គីមលាង ៖ Miss International គឺលើសពីការប្រកួតសម្រស់ ហើយខ្ញុំចាប់អារម្មណ៍ ដោយសារតែលោកឧកញ៉ា ចិន សំណាង គាត់បានទិញសិទ្ធិផ្ដាច់មុខ គាត់ជាម្ចាស់ហាងពេជ្រមួយ បានផ្ដល់ឱកាសឲ្យខ្ញុំ អ្នកតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅប្រទេសជប៉ុន នូវកម្មវិធីដែលមានអាយុកាលដល់ទៅ ៦០ឆ្នាំ មួយនេះ។ ខ្ញុំគិតថា កម្មវិធីនេះ វាអត់សូវបង្ហាញការសិចស៊ីអីច្រើន ប៉ុន្ដែអ្វីដែលគេចង់បាន គឺមនុស្សដែលធ្វើការងារនៅក្នុងសង្គមច្រើន ហើយជាអ្នកដែលពូកែក្នុងការនិយាយភាសាអង់គ្លេស និងជាអ្នកមានឥទ្ធិពល។ កម្មវិធីនេះប្រទេសជប៉ុន ក៏មានបញ្ចូលនូវវប្បធម៌គ្នាទៅវិញទៅមក និងអ្វីដែលសំខាន់នោះ គឺអាកប្បកិរិយា សុភាពរាបសា រមទម  និងភាពស្មោះត្រង់។

នគរធំ ៖ តើ Miss International ២០២៦ មានបេក្ខភាពបវរកញ្ញា ប៉ុន្មានប្រទេស ចូលរួមប្រកួត ? កញ្ញាគីមលាង មានការំពឹងថា នឹងទទួលបានជោគជ័យយ៉ាងណាដែរ ?

សុខគា គីមលាង ៖ ប្រទេសជប៉ុន ជាម្ចាស់កម្មវិធីហ្នឹង ដែលមានច្រើនប្រទេស ចូលរួម តែខ្ញុំអត់ច្បាស់ថា មានប៉ុន្មានប្រទេសដែរ ព្រោះអត់ទាន់បានឆែកមើល។ Miss International ហ្នឹង មិនចាញ់កម្មវិធីប្រលងបវរកញ្ញាអន្ដរជាតិធំៗផ្សេងទៀតទេ ។ ខ្ញុំមានការរំពឹងចំពោះ Miss International ហ្នឹងច្រើនដែរ ដោយសារលោកឧកញ៉ា បានរៀបចំការរៀនសូត្រ អញ្ជើញគ្រូពីក្រៅប្រទេស ដែលគាត់មានជំនាញច្បាស់លាស់ ក្នុងការហ្វឹកហាត់ ឆ្លើយសំណួរ ការដើរម៉ូដ  ដែលយើងបានហាត់កន្លងមក និងការរៀនពីអាកប្បកិរិយា វិន័យ  សីលធម៌ ព្រោះបញ្ហាទាំងនេះ ជារឿងចម្បង បន្ទាប់ពីសម្រស់ ។

នគរធំ ៖ ក្នុងនាមជានាដការីម្នាក់ តើកន្លងមក កញ្ញាសុខគា គីមលាង ធ្លាប់យករបាំបុរាណ និងរបាំព្រះរាជទ្រព្យ ទៅសម្ដែងបង្ហាញអន្ដរជាតិ នៅប្រទេសណាខ្លះ?

 សុខគា គីមលាង ៖ ខ្ញុំមានឱកាសទៅតាមសម្ដែងនៅក្រៅប្រទេស តាមក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងនានា ដែលបានទាក់ទងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ បើកឱកាសបានទៅសម្ដែងតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ ដូចជា កម្មវិធីអាស៊ាន កម្មវិធីទេសចរណ៍ ។ ពីដើមឡើយ បានទៅដល់ប្រទេសអឺរ៉ុប មានដូចជា បារាំង  អាល្លឺម៉ង់ ចិន  ជប៉ុន ញូវហ្សេឡែន ទៅច្រើនគួរសមដែរ (សើច) គឺមានតែប្រទេសអាមេរិក១ ដែលអត់ទាន់បានទៅទេ ។

នគរធំ ៖ សំណួរចុងក្រោយ តើកញ្ញា គីមលាង មានចំណុចពិសេសជាងបេក្ខភាពផ្សេងៗទៀត នៅត្រង់ណា ដែលជឿជាក់ថា ខ្លួនឯងនឹងទទួលបានជោគជ័យ ឈ្នះមកុដ Miss International 2026 ?

សុខគា គីមលាង ៖ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព នឹងយកជ័យលាភី កន្លែងណាមួយ ធ្វើឲ្យប្រទេសកម្ពុជា ប្រជាជនកម្ពុជា មានមោទនភាព ព្រោះជោគជ័យនេះ វាមិនមែនសម្រាប់តែខ្ញុំម្នាក់ទេ គឺកម្ពុជា ទាំងមូល ក៏ត្រូវការចូលរួមពីថ្នាក់ដឹកនាំ ក៏ដូចជាបណ្ដាក្រសួងនានា ព្រោះរាល់ថ្ងៃនេះ ខ្ញុំមានមូលនិធិ «ស្រមោចរាំ» ដែលគាំទ្រឬផ្គត់ផ្គងដល់សិល្បៈ ឬកន្លែងណាក៏ដោយ ឲ្យតែខ្វះខាត មានការចូលរួមក្នុងចីរភាព SDG ដែលមាននៅក្នុងការប្រកួតនោះទាក់ទងផ្លូវចិត្ត ជាមួយនឹងអនាម័យ។ ខ្ញុំគិតថា ខ្ញុំអាចផ្សព្វផ្សាយឲ្យទូលាយ និងបង្កើត Project មួយ បង្កើតនូវកម្មវិធីមួយ ដែលជាគំរូ និងការផ្សព្វផ្សាយដើម្បីឲ្យយល់ដឹងទូលំទូលាយពីការថែរក្សាសុខភាព ការអប់រំ  សីលធម៌  និងការលើកទឹកចិត្ត ៕

RELATED ARTICLES