ភ្នំពេញ ៖ អតីតមន្ត្រីពន្ធដារម្នាក់ ត្រូវបានម្ចាស់ក្រុមហ៊ុនមួយ ប្តឹងពីបទឆបោក (ធានារត់ការបង់ពន្ធឱ្យក្រុមហ៊ុន) តែបែរជាស៊ីដាច់លុយបង់ពន្ធ ប្រមាណ ៣ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ ធ្វើឱ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹង និងត្រូវតុលាការសម្រេចផ្តន្ទាទោស អតីតមន្ត្រីពន្ធដាររូបនោះ ឱ្យជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ និងត្រូវសងប្រាក់ ចំនួន ២៤ ២០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន១០លានរៀលទៀត ដល់ដើមបណ្តឹងទៀតផង។ ជាមួយនេះ តុលាការ ក៏បានចេញដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួនអតីតមន្ត្រីពន្ធដាររូបនោះផងដែរ ស្របពេលដែលជនជាប់ចោទ កំពុងរត់គេចខ្លួន។

ជនជាប់ចោទដែលតុលាការកំពុងស្វែងចាប់ខ្លួន មានឈ្មោះ រស់ សុមេធ ភេទប្រុស អាយុ៥៤ឆ្នាំ ជាអតីតមន្ត្រីពន្ធដារ មានស្រុកកំណើតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមានលំនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះ ជា ដើមបណ្តឹង មានឈ្មោះ យូ គាវ ភេទស្រី ម្ចាស់ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា)។
តាមប្រភពក្រុមគ្រួសាររងគ្រោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដើមចមដំបូង ឈ្មោះ រស់ សុមេធ សំអាងខ្លួនជាមន្ត្រីពន្ធដារ បានមកធានារត់ការបង់ពន្ធឱ្យក្រុមហ៊ុនរបស់ខ្លួន ដោយយកប្រាប់ រាប់ម៉ឺនដុល្លារ លុះក្រោយមក ស្រាប់តែខាងពន្ធដារ ជូនដំណឹងថា ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា) ពុំបានបង់ពន្ធ អស់ជាច្រើនឆ្នាំ។ ក្រោយទទួលបានដំណឹងបែបនេះ តំណាងក្រុមហ៊ុន មានការភ្ញាក់ផ្អើល និងបានទំនាក់ទំនងទៅឈ្មោះ រស់ សុមេធ ដើម្បីសួរនាំ ប៉ុន្តែឈ្មោះនេះ បានលើកហេតុផលនិងពន្យារពេលរហូត ពី១ខែ ទៅ១ខែ ដោយគ្មានការទទួលខុសត្រូវឡើយ។ សរុបជារួម លុយក៏មិនសងមកវិញ ពន្ធក៏មិនបានបង់ដូចការគ្រោងទុក ខណៈឈ្មោះ រស់ សុមេធ បានគេចខ្លួនបាត់តែម្តង។
ដោយអស់ជម្រើស ទើបលោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា) សម្រេចប្តឹងឈ្មោះ រស់ សុមេធ ចាត់ការតាមច្បាប់តែម្តង។
ក្នុងរឿងនេះ ក្រុមគ្រួសាររងគ្រោះ សូមអំពាវនាវនិងប្រកាសដល់បងប្អូនសាធារណជន ប្រសិនបើបានជួបឬប្រទះឃើញជនជាប់ចោទ ឈ្មោះ រស់ សុមេធ មេត្តាផ្តល់ដំណឹងមកកាន់ទូរស័ព្ទ ០៧១ ៤៩៥៦៤៤៤ នោះក្រុមគ្រួសារជនរងគ្រោះ នឹងជូនសគុណជាទីគាប់ចិត្ត។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖
បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៦៩០ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានពិរុទ្ធជន ឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស កើតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើត នៅភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ (ក្រៅឃុំ)
ជាប់ចោទពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
បានឃើញ សាលក្រមព្រហ្មទណ្ឌលេខ ៤០២២ “ធ” ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបាន វិនិច្ឆ័យសេចក្តីដូចខាងក្រោម ៖
១-ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស កើតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧២ ជនជាតិខ្មែរ (មានអត្តសញ្ញាណដូចខាងលើ) ដាក់ពន្ធនាគារ កំណត់រយៈពេល០១ (មួយ)ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
២-បង្គាប់ឱ្យឈ្មោះ រស់ សុមេធ (រស់ សាមេធ) សងសំណងចំនួន ២៤ ២០០ (ពីរម៉ឺនបួនពាន់ពីររយ) ដុល្លារអាមេរិក និងសំណងជំងឺចិត្ត ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះយូ គាវ ការទាមទារលើសពីនេះ ត្រូវបដិសេធចោល។
៣-ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនជនជាប់ចោទឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស (មានអត្តសញ្ញាណដូចខាងលើ) តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
– សាលក្រមនេះ ជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កំបាំងមុខជនជាប់ចោទឈ្មោះ រស់ សុមេធ (រស់ សាមេធ) និងកំបាំងមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ យូ គាវ។ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ គូភាគី មានសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់កំណត់។
យល់ឃើញថា ៖ ពិរុទ្ធជនឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស កើតថ្ងៃទី២០ ខែមិថុនា ជនជាតិខ្មែរ ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល ០១ (មួយ) ឆ្នាំ ពីបទ ៖ ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលជនជាប់ចោទរូបនេះ បច្ចុប្បន្នបានគេចខ្លួន មិនមានវត្តមាន នាពេលសវនាការ និងពេលប្រកាសសាលក្រមនេះទេ។
គប្បីចាប់ខ្លួនឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស កើតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧២ ជនជាតិខ្មែរ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៤០២២ “ធ” ទៅឃុំខ្លួន ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ហេតុដូច្នេះសម្រេច
១/ បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ ឱ្យចាប់ខ្លួនឈ្មោះ រស់ សុមេធ (រស់ សាមេធ) ភេទប្រុស កើតថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧២ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើ តាមអំណាចសាលក្រមព្រហ្មទណ្ឌ លេខ ៤០២២ “ធ” ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ និងនាំជននេះ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ។
២/ បង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ទទួលនិងឃុំខ្លួនជននេះ តាមអំណាចសាលក្រមព្រហ្មទណ្ឌ លេខ ៤០២២ “ធ” ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ…។
ដោយឡែក យោងតាមលិខិតទទួលឯកសារ ដែលចុះហត្ថលេខាដោយអតីតមន្ត្រីពន្ធដារ ឈ្មោះ រស់ សុមេធ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ មានខ្លឹមសារ ដូចខាងក្រោម ៖
ខ្ញុំបាទឈ្មោះ រស់ សុមេធ បានទទួលឯកសារពីក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា) លេខ អតប ៖ 180002600 ដើម្បីទុកសម្រាប់ផ្ទៀងផ្ទាត់ ដោះស្រាយ ទូទាត់និងបង្ហាញបន្ទុកភ័ស្តុតាង ឲ្យបានត្រឹមត្រូវតាមច្បាប់សារពើពន្ធ ដែលបានកំណត់។ សហគ្រាសទាំងនេះ ដែលមានការខុសឆ្គងក្នុងការជំពាក់បំណុលពន្ធ មិនបានបង់ពន្ធជូនរដ្ឋ ក្នុងរយៈពេលកន្លងទៅ។
១- ក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា) ក្នុងការិយបរិច្ឆេទឆ្នាំ២០១០ រហូតដល់២០១៣ លេខអត្តសញ្ញាណកម្មសារពើពន្ធ 180002600
សកម្មភាពអាជីវកម្ម ៖ នីហរណ៍ អាហរណ៍
ទីតាំងម្ចាស់ក្រុមហ៊ុនដែលមានអាសយដ្ឋាន ៖ ផ្ទះលេខ គ្មាន ផ្លូវលេខ គ្មាន ភូមិកណ្តោលជ្រំ ឃុំកណ្តោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានជាប់ជំពាក់បំណុលពន្ធក្នុងការគ្រប់គ្រងសហគ្រាសផ្ទាល់ របស់លោក ស្រី យូ គាវ ភេទស្រី សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ៖ 060616418 ដើម្បីឲ្យមាននូវភាពរលូនក្នុងការដោះស្រាយបំណុលពន្ធសហគ្រាសខាងលើនេះ។ ករណីការដោះស្រាយនេះ ពុំបានលទ្ធផលជាស្ថាពរ ខ្ញុំបាន រស់ សុមេធ នឹងប្រគល់ត្រឡប់ឯកសារគ្រប់ចំនួន ឲ្យម្ចាស់ក្រុមហ៊ុនវិញ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុន ដោះ ស្រាយបន្ត…។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោក រស់ សុមេធ អតីតមន្ត្រីពន្ធដារ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ