Wednesday, May 13, 2026
Homeតារាខ្មែរឈិន ម៉ានិច្ច ឆ្ងល់អ្នកសួររឿងឡាន

ឈិន ម៉ានិច្ច ឆ្ងល់អ្នកសួររឿងឡាន

ភ្នំពេញ ៖ តារាចម្រៀង ឈិន ស្រីពេជ្រ ហៅឈិន ម៉ានិច្ច នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦ នេះបានបង្ហាញ អារម្មណ៍ហួសចិត្តផង អន់ចិត្តផង ព្រោះពេលនាងជិះឡាន Lexus LX570  ស្រាប់តែមានគេសួរថា នាងរកស៊ីអី ទើបមានឡានទើបជិះលឿនម្ល៉េះ? ហើយនាងឆ្លើយទៅអ្នកឆ្ងល់វិញថា នាងច្រៀង ជាង១០ឆ្នាំហើយតើ! ប៉ុន្ដែពេលនាងជិះរថយន្ដអគ្គិសនី(Ev) ស្រាប់តែមានគេសួរនាងទៀតថា តើលក់ឡាន 570 ហើយមែនទេ បានជាមកជិះអានេះវិញ ? ស្រីពេជ្រ ថានាងបានឆ្លើយទៅម្ចាស់សំណួរទីពីរនេះថា នាងចង់ជិះឡានមួយណាក៏បានដែរ និងថែមទាំងស៊កសំណួរច្រាសទៅវិញថា តើមានបញ្ហាអីមែន ?

 ជាមួយគ្នានេះដែរ ឈិន ម៉ានិច្ច ក៏បានពន្យល់ទៅម្ចាស់សំណួរទាំងឡាយថា នាងមិនយល់ទេ ហេតុអីរឿងទ្រព្យរបស់នាងសោះ មានអ្នកខ្វល់ខ្វាយដល់ម្ល៉ឹង? ម៉ានិច្ច ថែមទាំងពន្យល់ និងដាក់សំណួរបន្ថែមទៅអ្នកឆ្ងល់រឿងនាងមានលុយទិញឡានទំនើបៗជិះនោះថានាងខំ គ្មានពេលបានគេងពេញភ្នែកផង មួយថ្ងៃៗ ហើយម៉េចប្រុងឲ្យនាងដើរទៅធ្វើការមែន?តារាស្រអែមស្រស់រូបនេះថា នាងមិនបិទរឿងគេសួរទេ ប៉ុន្ដែនាងចង់ឲ្យម្ចាស់សំណួរ មានការចេះគិតគួរផង ព្រោះនាងមានដើមកំណើតជាកូនអ្នកក្រ និងពូជពង្សនាងថ្លៃថ្នូរណាស់ ខំណាស់ មិនមែនដេកចាំសំណាងធ្លាក់ពីលើមេឃឡើយ ។

គួរបញ្ជាក់ថា ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានផ្លាស់ប្ដូរមុខមាត់ថ្មី មានជីវភាពប្រែប្រួលខ្លាំង ក្រោយច្រៀងឲ្យហង្សមាស ជិត១០ឆ្នាំ ។ ស្រីពេជ្រ ដែលពីមុន គ្មានរថយន្ដទំនើបជិះ និងប្រភពខ្លះថា ពេលទៅច្រៀងតាមហាងបៀរហ្គារដិន ម្ដុំព្រែកលៀប ជូនកាលនាងជិះម៉ូតូឌុប ឥឡូវនាងមានរថយន្ដទំនើបៗ ដល់ទៅ ៤គ្រឿង ជិះឆ្លាស់គ្នា គឺ Lexus LX570, Jeep Rubicon, Mazda Ez6 ២០២៥  និងរថយន្ដ មួយទៀត មិនស្គាល់ម៉ាក។ អ្វីដែលគួរឲ្យហួសចិត្ត ពេលខ្លះ ម៉ានិច្ច ឈរថតក្បែរថយន្ដ Lexus LX570 របស់ខ្លួនហើយ នាងបែរជាចេញសារ Drama ថា អាយុប៉ុណ្ណឹងហើយ មិនសល់អីទៅវិញ ដែលសកម្មភាពទាំងនោះធ្វើឲ្យតារារៀមច្បងខ្លះ លេងសិល្បៈសឹងមួយជីវិត ជិះតែម៉ូតូកញ្ចាស់ និងរស់នៅបន្ទប់ជួលគ្មានវាចាថ្លែង។ ក្នុងវ័យ៣២ឆ្នាំនេះ ស្រីពេជ្រ ទិញបានផ្ទះផ្ទាល់ខ្លួន និងបានបើកហាងនៅក្បែរផ្សារចាស់ Manich Beauty Spa។ តាមរយៈទ្រព្យខាងលើនេះ គេប្រមាណថា ម៉ានិច្ច មានទ្រព្យមិនក្រោមកន្លះលានដុល្លារ  ។

យ៉ាងណា តាមការអះអាងរបស់ឈិន ម៉ានិច្ច ឆ្លើយតបទៅអ្នកពូកែសួរនាងខាងលើនេះស្រីស្រស់ថា ការងារនាង ជាអ្នកចម្រៀង ១០ឆ្នាំហើយ ហេតុនេះអ្នកសង្ស័យទាំងឡាយ ពីប្រភពចំណូលរបស់នាង គួរតែចេះគិតផង មុននឹងសួរនាងថា បានលុយ មកពីណានោះ ។

ឈិន ម៉ានិច្ច ត្រូវបានទស្សនិកជនពេញចិត្ត ពេលនាងច្រៀងបទស្លូវ មនោសញ្ចេតនាបែបស្រុកស្រែ  ពិសេស អំឡុងពេលចាប់ដៃជាមួយលោកដួង វីរៈសិទ្ធ ព្រោះពួកគេមានទឹកដមសំឡេងផ្អែមដូចគ្នា ។ ប៉ុន្ដែក្រោយវីរៈសិទ្ធ ចាកចេញពីហង្សមាស ម៉ានិច្ច មិនសូវមានបទល្បីៗទៀតទេ ហើយដៃគូនាង ជាមួយតារាម្នាក់ណាក៏មិនប្រាកដ ស្របពេលដែលនាងផ្ទាល់ ក៏មិនទាន់ឃើញវិវឌ្ឍខ្លួនទៅជាមានក្រុមរាំផ្ទាល់ខ្លួន និងចេញបទញាក់ច្រើនដូចតារាល្បីៗផ្សេងទៀតដែរ ។ អ្វីដែលគួរមានចម្ងល់ គឺបុរសម្នាក់ គេសង្ស័យថា ជាសង្សារនាង ដើរតាមឆាកតន្រ្ដី ជូននាងទៅច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍ និងប្រលងចម្រៀង នៅហង្សមាស អំឡុងនាងមិនទាន់ល្បីឈ្មោះនោះ ពេលនេះបាត់ខ្លួនឈឹងតែម្ដង ។ ប៉ុន្ដែនៅថ្ងៃមង្គលការអ្នកនាងសុភ័ក្រ្ដ កុសុម៉ា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ានិច្ច បែរជាបណ្ដើរបុរសថ្មីទៅវិញ តែជាង ១ឆ្នាំ ចុងក្រោយ ក៏ស្ងាត់ដំណឹងស្នេហ៍របស់ស្រីពេជ្រ ម្ដងទៀត គ្មានដំណឹងនាងរៀបការឡើយ ។

តាមប្រភពថា ឈិន ម៉ានិច្ច ដែលមានទឹកដមសំឡេងផ្អែម មិនត្រឹមតែទាក់ចិត្តទស្សនិកជន គាំទ្រនាងប៉ុណ្ណោះ ទេ តែមន្ដស្នហ៍របស់នាង បានធ្វើឲ្យមន្រ្ដីធំម្នាក់ ធ្លាប់ជាសង្សារអតីតតារាហង្សមាស ម្នាក់ក៏លង់ស្នេហ៍នាងដែរ ព្រោះស្រីពេជ្រ មិនទាន់កែសម្រស់ទ្រង់ទ្រាយធំដូចតារាល្បីៗមួយចំនួនទេ ៕

RELATED ARTICLES