ខេត្តកណ្តាល ៖ មនុស្ស ៣នាក់ បានរងរបួសស្រាល និងរថយន្ត ចំនួន៣គ្រឿង រួមទាំងរបងមន្ទីរពេទ្យ បានខូចខាត បន្ទាប់ពីរថយន្តម៉ាក Lexus LX-470 ១គ្រឿង បានជួបបញ្ហាគាំងចង្កូត រួចរេចង្កូតទៅបុកជាមួយរថយន្តម៉ាក KIA Visto និងបន្តទៅបុករថយន្តម៉ាកតូយ៉ូតា ព្រូស ដែលចតទុកចោល ព្រមទាំងជ្រុលទៅបុករបងថ្ម មន្ទីរសម្រាកព្យាបាល គគីរ យ៉ាងពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ភាគីរថយន្តបង្កហេតុ ម៉ាក Lexus LX-470 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2P-9267 បើកបរដោយឈ្មោះនួន ធារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ រួមដំណើរដោយឈ្មោះនុត បូរិន ភេទស្រី អាយុ៥៣ឆ្នាំ និងឈ្មោះ រស់ សារឹម ភេទស្រី អាយុ៧១ឆ្នាំ ដែលអ្នកទាំងបី មានលំនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកភាគីរងគ្រោះទី១ ជិះរថយន្តម៉ាក KIA Visto ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-1585 បើកបរដោយឈ្មោះទ្រី សុខសាន្ត ភេទប្រុស អាយុ៤០ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះម៉ាក ដាលីន ភេទប្រុស អាយុ២៧ឆ្នាំ។ រីឯរថយន្តរងគ្រោះទី២ ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-1266 គឺត្រូវបានម្ចាស់ចតទុកចោលនៅលើការ៉ូឡា មុខមន្ទីរសម្រាកព្យាបាល គគីរ។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាក Lexus LX-470 បានធ្វើដំណើរពីទិសដៅរាជធានីភ្នំពេញ ឆ្ពោះទៅអ្នកលឿង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបបញ្ហាគាំងចង្កូត រួចរេចង្កូតទៅបុកជាមួយរថយន្តម៉ាក KIA Visto ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យខូចខាតផ្នែកខាងមុខ និងចំ ហៀង។ ភ្លាមៗនោះ រថយន្តម៉ាក Lexus LX-470 បានបន្តទៅបុករថយន្តម៉ាក តូយ៉ូតា ព្រូស ដែលចតទុកចោលនៅចម្ងាយប្រហែល ២០ម៉ែត្រ ពីផ្លូវជាតិ បណ្តាលឱ្យខូចខាតផ្នែកខាងក្រោយ ហើយរថយន្តបង្កហេតុ ដដែលនេះ ក៏បានបន្តទៅបុករបងមន្ទីរសម្រាកព្យាបាល គគីរ បណ្តាលឱ្យបាក់របងថ្ម ប្រវែង៥ម៉ែត្រការ៉េ ថែម ទៀត។
លោកអធិការ បានបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឱ្យបុរស ចំនួន៣នាក់ រងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលរដ្ឋបាលគគីរ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីរង់ចាំផ្នែកជំនាញសណ្តាប់ធ្នាប់ មកវាស់វែង។ យ៉ាងណា ភាគីរថយន្តបង្កហេតុ បានសម្រេចយល់ព្រមសងសំណងរាល់ការខូច ខាត ទៅដល់ភាគីរងគ្រោះពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់រឿង៕