ខេត្តស្វាយរៀង ៖ ភ្លៀងកក់ខែ មួយមេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់ប៉ើងរលំផ្ទះប្រជាពលរដ្ឋ អស់ចំនួន៥ខ្នង ក្នុងនោះខូចខាតធ្ងន់ ចំនួន១ខ្នង និង៤ខ្នងទៀត ខូចខាតមធ្យម។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
បន្ទាប់ពីជួបគ្រោះធម្មជាតិ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ទាំង៥គ្រួសារ ត្រូវបានសាខាកាកបាទក្រ ហមកម្ពុជា ខេត្តស្វាយរៀង ចុះអន្តរាគមន៍ ផ្តល់ជាអំណោយមនុស្សធម៌ភ្លាមៗផងដែរ។

លោក សួស ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅឃុំសំបួរ ស្រុករមាសហែក ចំនួន៥ខ្នង (ធ្ងន់ ១ខ្នង មធ្យម ៤ខ្នង)។

អំណោយដែលបានចែកជូន ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់១ ឃីត ១កញ្ចប់ (មានមុង១ ភួយ១ ក្រមា១ សារុង១) ថវិកា ៥ម៉ឺនរៀល។ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ ទទួលបានបន្ថែម កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ ថវិកា ២០ម៉ឺនរៀល។ ជាមួយនេះ លោកស្រី ដួង វណ្ណា ក៏បានឧបត្ថម្ភដល់អាជ្ញាធរឃុំ ១៣នាក់ នូវថវិកា មួយចំនួនផងដែរ៕