Thursday, April 30, 2026
Homeតារាខ្មែរប៉ែន ចំរ៉ុង ស្តាយ១០ឆ្នាំ ជួបហើយបែក

ប៉ែន ចំរ៉ុង ស្តាយ១០ឆ្នាំ ជួបហើយបែក

ភ្នំពេញ ៖ ពិធីករ លោក ប៉ែន ចំរ៉ុង បានថ្លែងទាំងក្ដុកក្ដួល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថាជាថ្ងៃចុងក្រោយរបស់លោកបានថតកម្មវិធី Freshy Winner របស់ទូរទស្សន៍ PNN ហើយក្រោយលោកទទួល ដំណឹងដ៏សោកស្ដាយបំផុតថា ស្ថានីយទូរទស្សន៍មួយនេះ នឹងផ្អាកដំណើរការផ្សាយទាំងស្រុង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីដំណើរការរយៈពេល ១០ឆ្នាំ ពេលនេះត្រូវដល់វេលាបែកគ្នាពីក្រុមការងារទាំងអស់។ លោក ចំរ៉ុង បានដើរចាប់ដៃនិងឱបក្រុមការងាររបស់ PNN ទាំងស្រងូត្រសងាត់អមដោយចាក់ ចម្រៀងលោកព្រាប សុវត្ថិ «ចប់ហើយ» ធ្វើឲ្យអ្នករួមអាជីព ទប់ទឹកភ្នែកសឹងមិនជាប់។

 ប៉ែន ចំរ៉ុង ថ្លែងថា «ឱ! ទ្រនំធ្លាប់ទំនៅដ៏សែនសុខសាន្ដអើយ! យើងត្រូវបែកគ្នាទាំងអាឡោះអាល័យ»។ លោកចំរ៉ុង បន្ថែមថា លោកបានរួមការងារជាច្រើន នៅ PNN ដោយមានមោទនភាព ការស្រលាញ់ ឲ្យតម្លៃ ផ្ដល់ឱកាស ទុកចិត្តពីថ្នាក់ដឹកនាំ ហើយជាប្រភេទការងារសុទ្ធតែជាលំដាប់ៗ និង Event ជាច្រើនផងដែរ។ លោកចាត់ទុកថា ១០ឆ្នាំ នៅទ្រនំ PNN នេះជាទ្រនំកក់ក្ដៅរបស់លោក ហើយលោកសង្ឃឹមថា ពេលណាមួយ នឹងអាចជួបគ្នា រួមការងារជាថ្មីជាមួយអ្នករួមអាជីពទៀត ។

តាមប្រភពថា មិនមែនតែលោក ប៉ែន ចំរ៉ុង ម្នាក់ទេ ដែលស្ដាយស្រណោះអាឡោះអាល័យចំពោះការបិទទ្វាររបស់ PNN នោះ ប៉ុន្ដែអ្នកធ្វើការវិស័យនេះ ជាង៣០០នាក់ផ្សេងទៀតនៅស្ថានីយទូរទស្សន៍ ១នេះ ក៏ត្រូវបានរំសាយផងដែរ ។ ចំណែកលោកស្រី ធីតា ដែលជាអ្នកកាន់តួនាទីធំ១ នៅ PNN បានថ្លែងសារថា «ទីផ្សារដែលបានក្ដោបកា្ដប់ជិត 800k$ (ជិត៨០ម៉ឺនដុល្លារ) ប្រចាំខែ នឹងបែងចែកទៅស្ថាប័នផ្សេងទៀត ដើម្បីបន្ដអាជីវកម្មក្នុងវិស័យនេះ បុគ្គលិកដ៏មានបទពិសោធន៍និងជំនាញ មួយភាគធំរបស់យើង ក៏ទទួលបានការងាថ្មីរួចហើយដែរ ហើយយើងកំពុងពិចារណាលើសំណើការងារ (ដែលមានស្នាក់ការនៅក្រៅស្រុក)»។

តាមព័តមានថា លោក ប៉ែន ចំរ៉ុង ដែលឆ្នាំនេះមានអាយុ ៤៤ឆ្នាំ និងប្រឡូកសិល្បៈអស់រយៈពេល ២២ឆ្នាំ បានចូលធ្វើការនៅ PNN ឆ្នាំ២០១៦ ហើយនៅទីនោះ លោកកាន់កម្មវិធីជាច្រើន ដូចជា ការប្រគំតន្រ្ដីតាម Event ដែល PNN រៀបចំ, កម្មវិធី «Idol Fun House» និង Freshy Winner ជាដើម ។ នៅជាមួយ PNN  ១០ឆ្នាំនេះ លោក ចំរ៉ុង មិនចេះប្រកាន់ខ្លួនទេ ពោលគឺលោកចាប់ដៃជាមួយពិធីការិនីថ្មីៗ ដែលមិនសូវមានបទពិសោធន៍ ហើយតម្លៃខ្លួនថត រៀងរាល់កម្មវិធីនីមួយៗ ម្ដងតម្លៃ ១៥០ដុល្លារ ។ ប្រាក់ចំណូលពី MC នៅ PNN មួយច្រកនេះហើយ នាំឲ្យលោក ចំរ៉ុង អាចដកឃ្លាពីអាជីពសម្ដែង កន្លងមក មិនសូវសកម្មដូចតារាផ្សេងៗទៀត ទើបពេលនេះ លោកនិយាយទាំងក្ដុកក្ដួលអួកណែនឱរាថា ជាការលាទាំងមិនអស់ចិត្ត ។ ប៉ុន្ដែទាក់ទងបញ្ហានេះ លោកស្រី ធីតា ថាអ្វីៗនៅលើលោកនេះ សុទ្ធតែមានវដ្ដរបស់វា ដូច្នេះយើងម្នាក់ៗត្រូវតែទទួលយកភាពមិនទៀងទាត់នេះ ដោយស្នាមញញឹម ជឿជាក់លើខ្លួនឯង និងរស់នៅជាមួយក្ដីស្រមៃ នឹងជួយឲ្យយើងមានភាពធន់ផ្លូវចិត្ត ដើម្បីដើរទៅមុខដោយក្ដីសង្ឃឹម និងសុទិដ្ឋិនិយម។

ថ្វីត្បិតតែលោក ប៉ែន ចំរ៉ុង ហាក់នៅដេកស្ដាយស្រណោះការងារនៅ PNN មិនទាន់អស់អាល័យទ្រនំចាស់ ប៉ុន្ដែរឿងនេះ លោកហាក់បានដឹងខ្លួនមុនរួចជាស្រេចទៅហើយ ទើបលោករៀបជើងព្រួល រួចជាស្រេច ដោយកាល ពីចុងខែកុម្ភៈ ឆ្នាំ២០២៦ លោកបានវិវឌ្ឍខ្លួនពីតារា សម្ដែងធម្មតា និងពិធីករលើឆាកម្នាក់ ក្លាយជា ផលិតករ ប្រតិបត្តិ (executive producer) ភាពយន្ដរបស់ 4U media។ គេជឿថា មុខរបរថ្មីនេះ នឹងធ្វើឲ្យលោក ចំរ៉ុង យកពេលវេលាទំនេរការងារនៅ PNN មកផ្ដោតលើការផលិតភាពយន្ដវិញម្ដង ប្រសិនបើរឿងទី១ របស់លោក «ភូមិគ្រឹះម្លិះ» បានជោគជ័យ ។ ប៉ុន្ដែតារាកូន៣ រូបនេះ នឹងធ្លាក់កូដវិញជាមិនខាន ក្នុងករណីលោកបាត់បង់ការងារជា MC ហើយមិនប្រញាប់វិលរកការសម្ដែងភាពយន្ដ និង MV វិញ ឬរកទ្រនំស្ថានីយទូរទស្សន៍ថ្មី ដើម្បីបន្តការងារជំនាញរបស់លោក ៕

RELATED ARTICLES