ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានឱ្យម៉ូតូរបស់ខ្លួន ទៅមិត្តភក្តិម្នាក់ ខ្ចីជិះ ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីម្នាក់ បានសម្រេច លុះក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានបន្តបន្ទាប់ សរុបចំនួន៤នាក់ រួមទាំងជនដៃដល់ឆក់ អ្នកផ្តល់មធ្យោបាយធ្វើសកម្មភាព និងអ្នកទទួលផលចោរកម្ម ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូ លេខ 1KS1 ស្ថិតនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លុះមក ដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់។ បន្ទាប់មក នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថ កិច្ចបន្តឃាត់ខ្លួនជនសង្ស័យ ថែមម្នាក់ទៀត សរុបចំនួន៤នាក់។
ជនសង្ស័យ ទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភ័ណ្ឌ ចិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ឆ្នាំង។ ទី២-ឈ្មោះឌុល ថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ឆ្នាំង។ ទី៣-ឈ្មោះសៅ ច័ន្ទរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះណុប រុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ គរ ដានីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (កំពុងរត់គេចខ្លួន)។
ចំពោះទូរស័ព្ទដែលជនសង្ស័យឆក់យកទៅ ម៉ាក iPhone 11 ពណ៌ស្វាយ ជារបស់ជនរងគ្រោះឈ្មោះជាតិ សំភ័ស ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំង បានទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះ ឈ្មោះជាតិ សំភ័ស ដោយប្តឹងថា កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នាងបានជិះម៉ូតូ ម្នាក់ឯង ចេញពីភូមិខាងលើ លុះមកដល់ចំណុចផ្លូវកៅស៊ូលេខ 1KS1 ស្ថិតក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាក លេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាង ដែលទុកនៅហោប៉ៅខោខាងក្រោយ។ ក្រោយពេលធ្វើសកម្ម ភាពរួច ក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅខាងទិសខាងកើតបាត់។
ប្រភពដដែល បន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីយុវតីរងគ្រោះ និងដោយអនុវត្តតាមការដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក៏ឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យ បាន ចំនួន២នាក់ (ឈ្មោះភ័ណ្ឌ ចិន និងឈ្មោះឌុល ថៃ) រួចក៏នាំខ្លួនយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភ័ណ្ឌ ចិន បានឆ្លើយសារភាពថា រូបគេបានទិញទូរស័ព្ទ ១គ្រឿង ម៉ាក iPhone ពណ៌ស្វាយ ក្នុងតម្លៃ ១៣ម៉ឺនរៀល ពីឈ្មោះសៅ ច័ន្ទរ៉ា។ ក្រោយពីសាកសួរចម្លើយ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះសៅ ច័ន្ទរ៉ា ដោយជននេះបានឆ្លើយសារភាពថា រូបគេពិតបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ជាមួយឈ្មោះ គរ ដានីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងអម្ពិល ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (គេចខ្លួន) ដោយបានខ្ចីម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពីមិត្តភក្តិម្នាក់ ឈ្មោះណុប រុន។
បន្ទាប់មក នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀត ឈ្មោះណុប រុន ដែលជាម្ចាស់ម៉ូតូ ឱ្យជនសង្ស័យខាងលើខ្ចីជិះធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន២គ្រឿង ម៉ាក iPhone 11 ពណ៌ស្វាយ (ជារបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ) និងម៉ាក iPhone 12 (ជារបស់ជនសង្ស័យ) និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LL-7669 (មធ្យោបាយជិះធ្វើសកម្ម ភាព)។

ជនសង្ស័យទាំង៤នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។ ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕