ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ១ក្រុម ជាមុខសញ្ញាលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវ បង្ក្រាប ឃាត់ខ្លួនសរុបចំនួន៨នាក់ ព្រមទាំងដកហូតបានម៉ូតូចំនួន២គ្រឿង។ការបង្ក្រាបករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅក្នុង មូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធធ្ងន់បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រី ទាំង៨នាក់ កម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាង ម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូច១គ្រឿង គ្មានស្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ) និងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ អត់ស្លាកលេខ ចំនួន១គ្រឿងទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ ទោស ប្រាកដមែន។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។ ចំណែក ម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕