Friday, March 27, 2026
Homeនយោបាយគឹម សុខ បំភ្លឺ ខឹងឡាច សំរោង ចុះចូលជូតញើសឲ្យសម រង្ស៊ី

គឹម សុខ បំភ្លឺ ខឹងឡាច សំរោង ចុះចូលជូតញើសឲ្យសម រង្ស៊ី

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការលើកឡើងពីសំណាក់មជ្ឈដ្ឋានអ្នកគាំទ្របក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជាពិសេស ពីទឹប្រឹក្សារដ្ឋាភិបាល ដែលថា លោក គឹម សុខ ខឹងលោក ឡាច សំរោង ដែលបានដើរចេញពីបក្សកាន់អំណាច ទៅចុះចូល ជូតញើសឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បច្ចប្បន្នជាប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បន្ទាប់ពីបានឃើញវត្តមានលោក ឡាច សំរោង នៅក្នុងសមាជសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានបញ្ជាក់ថា ហេតុផលដែលលោកប្រឆាំងដាច់ខាតនឹងការទទួលយកលោក ឡាច សំរោង ចូលក្នុងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលដឹកនាំដោយលោក សម រង្ស៊ី ដោយ សារតែបុគ្គលរូបនេះ មានប្រវត្តិមិនល្អ ពាក់ព័ន្ធនឹងការឆបោក ។

គួរកត់សម្គាល់ថា មកដល់ពេលនេះ ក្នុងអំឡុងពេលបន្តរត់គេចខ្លួននៅក្រៅប្រទេស លោក ឡាច សំរោង អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ដែលត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនោះ លោក ឡាច សំរោង ស្រាប់តែបានលេចមុខ ជាវាគ្មិននៅក្នុងសមាជរបស់សហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក  ក្រោមអធិបតីភាពលោក សម រង្ស៊ី ។

 សម្រាប់មន្រ្តីគណបក្សកាន់អំណាច នៃរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលនៅក្រៅប្រទេស របស់លោក សម រង្ស៉ី ថាជាការប៉ុនប៉ងរំលោភលើអធិបតេយ្យជាតិ ហើយបានលើកឡើងថា ការដែលលោក ឡាច សំរោង រត់ចោលស្រុក ជាប់ពាក់ព័ន្ធជាមួយរឿងគ្រូមា លី សាម៉េត ទៅចូលរួមចលនាក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី គឺដើម្បីបង្ហាញការគាំទ្រដល់លោក សម រង្ស៊ី ជាចំហ ហើយបុគ្គលរូបនេះ នឹងប្រើស្ទីលចាស់ ជូតញើសឲ្យលោក សម រង្ស៉ី ដូចពេលធ្វើចំពោះលោក លី សាម៉េត កាលនៅស្រុកខ្មែរ កន្លង ទៅអ៊ីចឹងដែរ ។

 លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មិនមែនជារឿងអ្វីចម្លែកទេ បើលោក ឡាច សំរោង ទៅជូតញើសឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ក្នុងនាមជាបុគ្គលពូកែអែបអប ហើយប្ដូរជំហរទៅរកប្រឆាំង ។ ប៉ុន្តែអ្វីដែលជាចំណុចគួរតាមដានទាំងអស់គ្នា នៅក្នុងចរន្តប្រឆាំង នៃរដ្ឋាភិបាលក្រៅប្រទេស គឺរដ្ឋាភិបាលខុសច្បាប់នេះ នឹងមានបញ្ហារង្គោះរង្គើផ្ទៃក្នុង ឈានទៅរកការបែកបាក់ ព្រោះលោក គឹម សុខ អ្នកនាំពាក្យ និងជាប្រធានស្ថាប័នមួយ នៃរដ្ឋាភិបាលនេះ កំពុងខឹងលោកឡាច សំរោង ដែលទៅជូតញើស ឲ្យលោក សម រង្ស៊ី បន្ទាប់ពីលេចវត្តមាននៅក្នុងសមាជ សហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងទៅនេះ ខណៈដែលខ្លួនជាថ្នាក់ដឹកនាំសំខាន់ ហើយកំពុងទទួលបានការយកចិត្តទុកដាក់ពីលោក សម រង្ស៊ី មិនបានទៅចូលរួមដោយផ្ទាល់ឡើយ ។

 លោក យឿន យឿត បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា “បច្ចុប្បន្ន កម្ពុជា មានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងតាមរយៈដំណើរការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមក្របខ័ណ្ឌនៃរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធរដ្ឋធម្មនុញ្ញនេះ បានកំណត់យ៉ាងច្បាស់ ពីរចនាសម្ព័ន្ធអំណាចរដ្ឋ និងនីតិវិធីក្នុងការបង្កើតរាជរដ្ឋាភិបាល ដើម្បីធានាថា ការគ្រប់គ្រងប្រទេស មានសន្តិភាព ស្ថិរភាពនយោបាយ និងស្របតាមច្បាប់។ ក្នុងបរិបទនេះ ការប្រកាសបង្កើត “រដ្ឋាភិបាលឯករាជ្យ២៣តុលា” ដោយ Sam Rainsy ដែលធ្វើឡើងនៅក្រៅប្រទេស មិនមានស្ថានភាពស្របច្បាប់ ឬការទទួលស្គាល់ពីស្ថាប័នរដ្ឋ នៅក្នុងប្រទេសឡើយ «ជាអំពើរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ។ តាមគោលការណ៍រដ្ឋធម្មនុញ្ញ ការបង្កើតរដ្ឋាភិបាល ឬអង្គភាពនយោបាយណាមួយ ត្រូវធ្វើតាមនីតិវិធីច្បាប់ និងត្រូវទទួលស្គាល់ដោយស្ថាប័នជាតិ ដែលមានសមត្ថកិច្ច។ តើវត្តមាន លោក ឡាច សំរោង ធ្វើឲ្យគឹម សុខ ដេកមិនលក់ឬ ? គឹម សុខ កំពុងខឹងឡាច សំរោង ទៅជូតញើសឱ្យសម រង្ស៊ី? “ ។

 លោក យឿន យឿត បានបន្តថា “លោក គឹម សុខ កំពុងក្តៅក្រហាយ មិនសុខចិត្តសោះ ពេលឃើញវត្តមានលោក ឡាច សំរោង អតីតអ្នកជូតញើសដ៏ចំណានរបស់លោក លី សាម៉េត ចូលរួមក្នុងរបស់ដែលគេហៅថា សមាជជាតិ ដែលរៀបចំឡើងដោយរបស់ខុសច្បាប់ដែលគេហៅថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ លោក គឹម សុខ បានចេញមកឡាំប៉ាតាមហ្វេសប៊ុក ដោយប្រកែកថា លោក ឡាច សំរោង គ្មានតួនាទីអ្វីក្នុងរបស់ដែលគេហៅថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ឡើយ ហើយប្រកាសដាច់ខាត ប្រឆាំងនឹងបុគ្គលឈ្មោះ ឡាច សំរោង នេះ។ តាមពិតទៅ គឹម សុខ កំពុងខឹងផង និងកំពុងភ័យផង ដោយខ្លាចលោក ឡាច សំរោង នេះ អាចនឹងក្លាយជាអ្នកជូតញើសថ្មី របស់ទណ្ឌិត សម រង្ស៊ី ហើយយូរៗទៅ នឹងអាចជំនួសតំណែងលោក គឹម សុខ ឬអាចនឹងទាត់លោក គឹម សុខ ចេញឆ្ងាយពីលោក សម រង្ស៊ី តែម្តង។ វត្តមានឡាច សំរោង កំពុងលងគឹម សុខ ឱ្យចិត្តសុខមិនសុខដូចឈ្មោះឡើយ នៅពេលនេះ!“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក យឿន យឿត ពីភាពក្ដៅក្រហាយរបស់លោកគឹម សុខ ទៅនឹងវត្តមានលោក ឡាច សំរោង នៅក្នុងសមាជសហគមន៍ខ្មែរ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក​សម រង្ស៉ី ខាងលើនេះ បានធ្វើឡើងក្រោយពីលោក គឹម សុខ បានប្រកាសតាមបណ្ដាញសង្គមថា លោកសោកស្ដាយយ៉ាងខ្លាំងដែលបុគ្គលជាប់ប្រវត្តិឆបោកដ៏ល្បី ដូចលោក ឡាច សំរោង មានវត្តមានជួរមុខ ទន្ទឹមឥស្សរជនសំខាន់ៗ ដែលជាថ្នាក់ដឹកនាំ ឬដៃគូនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នៅក្នុងសមាជសហគមន៍ខ្មែរ លើទឹកដីអាមេរិក កាលពីចុងសប្ដាហ៍មុន ។

លោក គឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ខ្ញុំសោកស្ដាយយ៉ាងខ្លាំង ដែលបុគ្គលជាប់ប្រវត្តិឆបោកដ៏ល្បី ដូចលោក ឡាច សំរោង មានវត្តមានជួរមុខ ទន្ទឹមឥស្សរជនសំខាន់ៗ ដែលជាថ្នាក់ដឹកនាំ ឬដៃគូនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ នៅក្នុងសមាជជាតិកម្ពុជា លើទឹកដីអាមេរិក កាលពីចុងសប្ដាហ៍មុន ។ ខ្ញុំមិនដឹងថា លោក ឡាច សំរោង នៅជួរមុខនេះ ដោយរបៀបណាទេ ប៉ុន្តែបុគ្គលនេះ គ្មានតួនាទីអ្វីក្នុងរដ្ឋាភិបាលកម្ពុជាឯករាជ្យឡើយ ។ សមាជជាតិ ដែលរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ចប់ទៅរយៈពេល ១សប្ដាហ៍ហើយ ប៉ុន្តែរូបភាពដ៏គួរឲ្យអៀនខ្មាសនេះ នៅបន្ដផ្សព្វផ្សាយលើបណ្តាញសង្គម ។ នេះជាមូលហេតុដែលខ្ញុំសូមបញ្ជាក់ជំហរសោកស្ដាយរបស់យើង នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ។ យើងខ្ញុំប្រឆាំងដាច់ខាតនឹងបណ្ដាញ ឆបោកគ្រប់ទម្រង់ ។ ខ្ញុំអះអាងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា មានជំហរប្រមូលកម្លាំងខ្មែរគ្រប់ទិសទី ដើម្បីដណ្ដើមយកប្រទេសកម្ពុជា មកជូនប្រជាពលរដ្ឋខ្មែរវិញ ។ យើងបានកំណត់គោលការណ៍រចនាសម្ព័ន្ធបុគ្គលដឹកនាំ ដែលត្រូវតែស្អាតស្អំ ដើម្បីកសាងជំនឿចិត្តរបស់ប្រជាពលរដ្ឋ ។ យើងជឿជាក់ថា នេះគឺជាផ្លូវត្រូវតែមួយគត់ ក្នុងដំណើរឆ្ពោះទៅសង្គ្រោះប្រទេសកម្ពុជា ។ យើងមានជំនឿមុតមាំថា ទាល់តែយើងស្អាតស្អំ ទើបយើងឈ្នះពួកជនផ្ដាច់ការ“ ។

ទោះបីយ៉ាងណា លោក គឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា ការដែលលោកប្រើពាក្យ «សោកស្ដាយ» គឺសោកស្ដាយដែលបុគ្គល ឡាច សំរោង នេះ មានល្បិចទៅបង្ហាញមុខនៅជួរមុខ ក្នុងវេទិកាសមាជជាតិ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា តែលោកអះអាងដាច់ខាតថា បុគ្គលឡាច សំរោង មិនមែនជាមន្ត្រីរដ្ឋាភិបាលកម្ពុជាឯករាជ្យ ទេ ទោះក្នុងកម្រិតណាក៏ដោយ ហើយលោកក៏មិនសហការជាមួយបុគ្គលដែលជាប់ឧក្រិដ្ឋកម្មឆបោកនេះដែរ ។

 លោក គឹម សុខ បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា មិនបានទទួលយកលោក ឡាច សំរោង ទេ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ពីព្រោះ ឡាច សំរោង ជាបុគ្គលដែលមានប្រវត្តិពាក់ព័ន្ធនឹងការឆបោក ។ ជំហររបស់រដ្ឋាភិបាលយើង ប្រឆាំងនឹងការឆបោកគ្រប់ទម្រង់ ។ ក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា យើងទទួលយកតែបុគ្គលស្អាតស្អំប៉ុណ្ណោះ ។ ខ្ញុំប្រើពាក្យ «សោកស្ដាយ» គឺសោកស្ដាយដែលបុគ្គល ឡាច សំរោង នេះ មានល្បិចទៅបង្ហាញមុខនៅជួរមុខ ក្នុងវេទិកាសមាជជាតិ របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ។ តែដាច់ខាត បុគ្គលឡាច សំរោង មិនមែនជាមន្ត្រីរដ្ឋាភិបាលយើងទេ ទោះក្នុងកម្រិតណាក៏ដោយ ហើយយើងក៏មិនសហការជាមួយបុគ្គលដែលជាប់ឧក្រិដ្ឋកម្មឆបោកនេះដែរ…” ។

 ដោយឡែក លោក មុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សប្រឆាំង (អតីតគណ បក្សសង្រ្គោះជាតិ) ដែលជាជំនួយការលោកកឹម សុខា អតីតមេបក្សប្រឆាំង បានចំអកឲ្យក្រុមលោក សម រង្ស៉ី ថា មិនសរសើរមិនបាន ដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក សម រង្ស៊ី បានអញ្ជើញលោកឡាច សំរោង ចូលរួមជាភ្ញៀវកិត្តិយសក្នុងសមាជ ហើយអង្គុយនៅកៅអីជួរមុខទៀត ។

 លោក មុត ចន្ថា បានបញ្ជាក់តាមបណ្ដាញគណនីសង្គម ហ្វេសប៊ុក របស់លោកថា «អ្វីដែលហៅថា «រដ្ឋាភិ បាល២៣តុលា» បានប្រមូលផ្តុំមនុស្សដែលមានគុណវុឌ្ឍិនិងកេរ្តិ៍ឈ្មោះ «ឡាច សំរោង» ។ បុគ្គលឡាច សំ រោង គឺជាជនពុករលួយ និងជនឆបោកដ៏ល្បីឈ្មោះនៅក្នុងបក្សប្រជាជនកម្ពុជា ប៉ុន្តែឥឡូវរដ្ឋាភិបាល២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី បានអញ្ជើញចូលរួមសមាជ ដោយផ្តល់កិត្តិយសឱ្យអង្គុយកៅអីជួរមុខទៀតផង។ សូមកោតសរសើរដល់អស់លោក លោកស្រី ដែលជ្រើសរើសបានមនុស្សល្បីឈ្មោះដ៏អសោចរូបនេះ» ៕ កុលបុត្រ

RELATED ARTICLES