Thursday, March 26, 2026
Homeនយោបាយអ្នកឃ្លាំមើលថា ចោទចាប់ឃុំខ្លួនស្ត្រីនិយាយរឿងថៃឈ្លានពាន ជាសំណុំរឿងអយុត្តិធម៌

អ្នកឃ្លាំមើលថា ចោទចាប់ឃុំខ្លួនស្ត្រីនិយាយរឿងថៃឈ្លានពាន ជាសំណុំរឿងអយុត្តិធម៌

ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា ការចោទនិងចាប់ខ្លួនស្ត្រីម្នាក់ដែលចែករំលែករឿងថៃ ឈ្លានពានកម្ពុជា គឺជាសំណុំរឿងអយុត្តិធម៌ និងធ្វើឲ្យរងការរិះគន់ថា បិទបាំងកំហុសអ្នកធ្វើឱ្យបាត់ទឹកដី ។

 លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា “សំណុំរឿងអយុត្តិធម៌ ៖ ការចោទស្ត្រីចែករំលែករឿងថៃ ឈ្លានពាន រងការរិះគន់ថា បិទបាំងកំហុសអ្នកធ្វើឱ្យបាត់ទឹកដី ។ យោបល់ ៖ សំណុំរឿងអយុត្តិធម៌ ដែលតុលាការក្រុងភ្នំពេញ សម្រេចក្តីផ្តេសផ្តាស នៅក្រោមសម្ពាធនយោបាយ រួចដាក់ទោសទណ្ឌទៅលើពលរដ្ឋ ស្លូតត្រង់ គឺអ្នកស្រី ហ៊ុល មុន្នីសាមន ។ តាមពិតទៅ សំណុំរឿងព្រំដែនខ្មែរ ដែលទាហានថៃ ឈ្លានពាននោះ គឺមិនគួរត្រូវបានចាប់ពលរដ្ឋខ្មែរគ្នាឯង ដាក់ទោសនោះទេ។ នោះគឺជាសិទ្ធិសេរីភាពបញ្ចេញមតិ ប្រឆាំងការឈ្លានពានរបស់ថៃ ដូចរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរ នៅជុំវិញពិភពលោកដែរ។ ក្នុងន័យនេះ អ្នកស្រី ហ៊ុល មុន្នីសាមន និងអ្នកឯទៀតៗ គួរតែត្រូវដោះលែង ដោយគ្មានលក្ខខណ្ឌ និងលើកទឹកចិត្តដល់ពួកគេ ក្នុងស្មារតីឯកភាពជាតិខ្មែរ ពិតប្រាកដ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា “ជុំវិញរឿងការចាប់ឃុំខ្លួន និងផ្ដន្ទាទោសស្រ្តីរោងចក្រ ដែលមានឈ្មោះថា ហ៊ុល មុន្នីសាមន ជាសំណុំរឿងអយុត្តិធម៌ ដោយហេតុថា គាត់គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ ឬក៏សំណេរលើបណ្ដាញសង្គម ។ ការប្រើសិទ្ធិបញ្ចេញមតិក្នុងទម្រង់នៃសង្គមប្រជាធិបតេយ្យ គឺអនុញ្ញាតឲ្យនិយាយទិតៀនមន្រ្តីសាធារណៈ ឬក៏ផ្ដល់យោបល់ ដើម្បីកែទម្រង់រិះគន់សង្គមបាន អទ់ទាស់ខុសអីទេ គ្មានអ្នកណាគេចាប់ទោសអូសដំណើរអីទេ វៀរលែងតែករណីប្រើដៃ ប្រើជើង ធ្វើឲ្យមានរបួសស្នាម ។ អ៊ីចឹងនៅក្នុងសង្គមប្រជាធិបតេយ្យ គឺគេអនុញ្ញាតឲ្យប្រើសិទ្ធិបញ្ចេញមតិតាមរយៈពាក្យសម្ដី តាមរយៈការជួបប្រជុំអហិង្សាហ្នឹង គឺអត់ទាស់ខុសអីទេ តែនៅកម្ពុជា មិនដើរតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ ។ អ៊ីចឹងហើយដែលហៅថា ជាសំណុំរឿងអយុត្តិធម៌ហ្នឹង ។ ពលរដ្ឋខ្មែរ ដូចជាស្រ្តីរូបហ្នឹង និងអ្នកកាសែត រួមទាំងជនភៀសសឹកមួយចំនួន ដែលត្រូវបានចាប់ឃុំខ្លួននិងផ្ដន្ទាទោសកន្លងទៅហ្នឹង គឺសុទ្ធតែជាសំណុំរឿងអយុត្តិធម៌ ពីព្រោះគាត់មានទស្សនៈមិនខុសពីរដ្ឋាភិបាលទេ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ប៉ុន្តែពាក្យសម្ដីរបស់គាត់ដែលលើកឡើងហ្នឹង វាមានប៉ះទង្គិចពួកមន្រ្តីធំៗខ្លះ ក្នុងជួររដ្ឋាភិបាលហ្នឹង ដែលធ្វើឲ្យគេមិនសប្បាយចិត្ត ហើយគេប្រើអាច្បាប់ផ្ដេសផ្ដាសហ្នឹង ទៅចោទប្រកាន់តាមផ្លូវតុលាការ ហើយបញ្ជាឲ្យតុលាការហ្នឹងអនុវត្តបញ្ជាគេហ្នឹង ផ្ដន្ទាទោស ឬក៏ចាប់ដាក់ទោសទណ្ឌអីជាដើម ។ល។ ហ្នឹង ។ អ៊ីចឹងហើយបានហៅថា ជាសំណុំរឿងអយុត្តិធម៌ ដូចខ្ញុំបញ្ជាក់ជូនអម្បាញ់មិញអ៊ីចឹង“ ។

 លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “រឿងអយុត្តិធម៌នេះ វាធ្ងន់ធ្ងរណាស់ ។ អយុត្តិធម៌ទី១ គឺពលរដ្ឋ ទាំងពលរដ្ឋភៀសសឹក ទាំងអ្នកដែលអាជ្ញាធរចាប់ឃុំខ្លួនហ្នឹង គឺគាត់ឈឺចាប់រួចទៅហើយ ចំពោះការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា ដូចដែលពលរដ្ឋខ្មែរ ដូចជាមន្រ្តីរដ្ឋាភិបាល ទាំងអស់ ឈឺចាប់ទាំងអស់គ្នា ចំពោះការឈ្លានពានរបស់បរទេសជិតខាង មកលើទឺកដីកម្ពុជាហ្នឹង ។ ទី២ កម្ពុជា ប្រឈមនឹងការបាត់បង់ទឹកដី ដែលជាការព្រួយបារម្ភ ម៉្លោះហើយទុក្ខសោកអស់ហ្នឹង វាមិនអាចធ្វើឲ្យគាត់ទប់សង្វេគហ្នឹងបាន មិនអាចទប់ការឈឺចាប់ ។ ឧទាហរណ៍ ដូចជាពលរដ្ឋរងគ្រោះដោយសារបាត់បង់ផ្ទះសម្បែង ដីធ្លី លំនៅឋាន ដោយសារការឈ្លានពានរបស់ថៃ នោះ ។ នេះជាការឈឺចាប់ទី២ របស់ពួកគាត់ ហើយឈឺចាប់ទី៣ រដ្ឋាភិបាល មិនបានទាំងលើកទឹកចិត្តឲ្យដល់ពួកគាត់ទេ តែថែមទាំងចាប់ពួកគាត់ហ្នឹងដាក់ឃុំខ្លួន ។ អ៊ីចឹងអាការឈឺចាប់ហ្នឹង វាគុណទ្វេដងសម្បើមណាស់ នៅក្នុងការដែលសៀម ឈ្លានពានហ្នឹង ។ អ៊ីចឹងហើយបានជាជំរុញឲ្យមានការដោះលែង ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជន សកម្មជនបរិស្ថាន សកម្មជនដែលរិះគន់រឿងសៀម ឈ្លានពានហ្នឹងផង ទាំងអ្នកកាសែត ទាំងប្រជាពលរដ្ឋ ទាំងសកម្មជននយោបាយទាំងអស់ហ្នឹង ក្នុងគោលបំណងអី គឺគោលបំណងផ្សះផ្សាស្មារតីជាតិយើងឡើងវិញ ដើម្បីទប់ទល់ទៅនឹងអំពើឈ្លានពានរបស់ថៃ បច្ចុប្បន្ន ។ អ៊ីចឹងតុលាការ ក៏គួរតែធ្វើការកែទម្រង់ ហើយដើម្បីតុលាការ ធ្វើការកែទម្រង់ គឺរដ្ឋាភិបាលកម្ពុជា ត្រូវដាក់បទបញ្ជាឲ្យតុលាការ ទៅកែទម្រង់ បើកែមិនបាន ប្រព័ន្ធអនុវត្តច្បាប់ផ្ដេសផ្ដាសហ្នឹង ត្រូវតែដកមេតុលាការចេញ ដករដ្ឋមន្រ្តីណាខ្លះចេញដែលធ្វើការមិនកើត ហើយគណៈរដ្ឋមន្រ្តី ត្រូវធ្វើការកែទម្រង់ឡើងវិញ ដើម្បីពង្រឹងវិស័យនីតិរដ្ឋនោះ វិស័យយុត្តិធម៌នោះ ពង្រឹងសេដ្ឋកិច្ច ពង្រឹងទាំងវិស័យយោធាអីជាដើម ។ល។ ហ្នឹង អាហ្នឹងវាមានរឿងច្រើនណាស់ យើងនិយាយមួយថ្ងៃ ពីរថ្ងៃក័៏មិនចប់ដែរ ប៉ុន្តែអ្វីដែលពួកគាត់រងភាពអយុត្តិធម៌នេះ គួរតែត្រូវបានដោះលែង“ ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសអ្នកស្រី ហ៊ុល មុន្នីសាមន អាយុ ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ ចំពោះបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថអ្នករាជការសាធារណ: យោងតាមបញ្ញត្តិមាត្រា ៤៩៤, ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រមាណជា ១០០០ដុល្លារអាមេរិក) ជុំវិញការបង្ហោះសារលើហ្វេសប៊ុក ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

អ្នកស្រី មុន្នីសាមន ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនគរបាលឯកសណ្ឋានស៊ីវិល ខណៈពេលដែលអ្នកស្រីកំពុងជិះកង់ ទៅទិញថ្នាំពេទ្យ នៅផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកស្រី ត្រូវបានបញ្ជូនទៅសាកសួរនៅស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ និងក្រោយមក គាត់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ អ្នកស្រី មុន្នីសាមន កំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) រាជធានីភ្នំពេញ ។ អ្នកស្រី មុន្នីសាមន ជាពលរដ្ឋម្នាក់ ស្ថិតនៅចំណោមមនុស្សចំនួន ៩៧នាក់ ដែលត្រូវបានចាប់ខ្លួន ដោយប្រើសិទិ្ធពាក់ព័ន្ធនឹងភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ ដែលត្រូវបានចងក្រងដោយអង្គការ លីកាដូ ។

 ក្រោយការចាប់ខ្លួនអ្នកស្រី ហ៊ុល មុន្នីសាមន មានការរិះគន់ពីអតីតបក្សប្រឆាំងថា រដ្ឋាភិបាល កំពុងប្រើដៃតុលាការ យាយីពលរដ្ឋដែលស្រឡាញ់ជាតិទឹកដី ដើម្បីបិទបាំងកំហុសធ្វើឱ្យបាត់បង់ទឹកដី ទៅប្រទេសជិតខាង ដោយសារតែអសមត្ថភាពទាមទារដីទាំងនោះត្រឡប់យកមកវិញ។

 លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានលើកឡើងថា ការចោទប្រកាន់នេះ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត នៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ចង់លាក់បាំងកំហុសធ្វើឱ្យបាត់បង់ទឹកដី ទៅប្រទេសថៃ ៥១ទីតាំង ។ យ៉ាងណា លោកថា បើសិនរដ្ឋាភិបាល នៅតែបន្តចាប់ខ្លួនពលរដ្ឋខ្មែរ ព្រោះតែការបញ្ចេញមតិ ឬក៏ចង់បំបិទសិទ្ធិពលរដ្ឋ មិនឱ្យឈឺឆ្អាលនឹងរឿងទឹកដី និងការឈ្លានពានរបស់ប្រទេសជិតខាង មកលើកម្ពុជា ទៀត ចង់មិនចង់ នៅថ្ងៃណាមួយ ពលរដ្ឋនឹងងើបតវ៉ាប្រឆាំងនឹងការដឹកនាំ ជាក់ជាមិនខាន។

 ជុំវិញការចាប់ខ្លួនអ្នកដែលនិយាយរឿងព្រំដែន ដូចខាងលើនេះដែរ សម្រាប់អង្គការសិទ្ធិមនុស្សលីកាដូ សង្កេតឃើញថា អំឡុងពេលដែលកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ សេរីភាពនៃការបញ្ចេញមតិ ហាក់ដូចជាមានសភាពអាប់អួ ហើយក៏មានការចាប់ខ្លួនជាបន្តបន្ទាប់ ទៅលើអ្នកសារព័ត៌មាន ពលរដ្ឋ សកម្មជននយោបាយ និងសកម្មជនសង្គម ដែលបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គម ហើយក្នុងនោះ ក៏មានការចោទប្រកាន់ទាក់ទងនឹងបទញុះញង់ រហូតទៅដល់បទចោទផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសជាអាទិ៍ បទឧក្រិដ្ឋ និងបទមជ្ឈិមមួយចំនួនផ្សេងទៀត ដែលនាំឱ្យមានការរិះគន់ពីអង្គការជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាសកម្មភាពបែបនេះ ធ្វើឱ្យប៉ះពាល់ដល់លំហរសេរីភាពបញ្ចេញមតិ លំហសេរីភាពសារព័ត៌មាន និងលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ។

លោក អំ សំអាត នាយកគ្រប់គ្រងកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ថា ប្រសិនបើនៅតែមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជា ធិបតេយ្យ និងការអភិវឌ្ឍប្រទេសផងដែរ។ ដូច្នេះលោកជំរុញដល់រដ្ឋាភិបាល ត្រូវបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញានានា ហើយគោរពទៅតាមរដ្ឋធម្មនុញ្ញ គោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពលរដ្ឋបានអនុវត្តសិទ្ធិរបស់ពួកគាត់ឱ្យបានពេញលេញ ។

ពាក់ព័ន្ធនឹងករណីនេះ “នគរធំ” មិនអាចសុំការអត្ថាធិប្បាយអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ កាលពីម្សិលមិញ ។

ចំណែក លោក សុន ឆ័យ ប្រធានគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ បានលើកឡើងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា ដើម្បីរក្សានិងការពារអំណាចប្រកបដោយចីរភាព រដ្ឋាភិបាល គួរងាកមកអនុវត្តយុទ្ធសាស្ត្រ “កំណែទម្រង់ស៊ីជម្រៅ” ជាជាងការប្រើប្រាស់វិធានការបង្ក្រាប។ លោកគូសបញ្ជាក់ថា បញ្ហាព្រំដែន ជាបញ្ហាដែលប៉ះពាល់ដល់អារម្មណ៍ជាតិនិយមខ្លាំងបំផុត ដែលការណ៍នេះ រដ្ឋាភិបាល គួរផ្តល់ព័ត៌មានច្បាស់លាស់ ដូចជាការបង្ហាញផែនទី ការចរចា និងភ័ស្តុតាងច្បាប់អន្តរជាតិ ឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីចៀសវាងការយល់ច្រឡំ និងការផ្ទុះឡើងនៃកំហឹងមហាជន ។

បើយោងតាមសមាគមការពារសិទ្ធិមនុស្ស អាដហុក និងអង្គការលីកាដូ ដែលបានបូកសរុបឱ្យដឹងថា ក្នុងរយៈ ពេលជាង១ខែ ដើមឆ្នាំ២០២៦ នេះ មានអ្នកកាសែត និងពលរដ្ឋដែលបានចុះផ្សាយនិងបញ្ចេញមតិទាក់ទងនឹងបញ្ហាព្រំដែនចំនួន ៧នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន និងមានអ្នកកាសែត ២នាក់ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារ រហូតដល់១៤ឆ្នាំ ទាក់ទងទៅនឹងការបង្ហោះរូបថតមួយសន្លឹក នៅប្រាសាទតាក្របី មានជាប់រូបមីន នៅពីខាងក្រោយ។

 ពាក់ព័ន្ធទៅនឹងការប្រើប្រាស់បទចោទ ញុះញង់ នៃក្រមព្រហ្មទណ្ឌ ដើម្បីដាក់សម្ពាធទៅលើអ្នកហ៊ានបញ្ចេញមតិផ្សេងៗ រួមទាំងការបញ្ចេញមតិរឿងបញ្ហាព្រំដែននេះដែរ ទាំងអង្គការលីកាដូ និងសមាគមអាដហុក មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅបន្តប្រឈមនឹងនិន្នាការរឹតត្បិតខ្លាំង លើសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងសិទ្ធិទទួលបានយុត្តិធម៌។ សកម្មភាពនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ លទ្ធិ ប្រជាធិបតេយ្យ និងអាចប៉ះពាល់ដល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។

អង្គការសិទ្ធិមនុស្ស ទាំងពីរខាងលើ បានអំពាវនាវដល់រដ្ឋាភិបាល គោរពនិងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់ ក្នុងការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្តាញសង្គមនោះទេ ហើយអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយ ដោយគ្រាន់តែអ្នកទាំងនោះបានបញ្ចេញមតិរបស់ពួកគេ៕ កុលបុត្រ

RELATED ARTICLES