ភ្នំពេញ ៖ គណបក្សភ្លើងទៀន (Candlelight Party) បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំធ្វើ បុណ្យបង្សុកូល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងអំពើគប់គ្រាប់បែកដៃលើក្រុមបាតុករ នៅមុខអតីតវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីនេះ ធ្វើឡើងនៅស្តូបវីរបាតុករ មុខអតីតវិមានរដ្ឋសភា (បច្ចុប្បន្នជាវិមានតុលាការកំពូល) ។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀន ចុះថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារថា “គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្ដាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សភ្លើងទៀន នឹងរៀបចំពិធីបុណ្យបង្សុកូល ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានបាត់បង់ជីវិត ដោយអំពើភេរវកម្មនៃការវាយ ប្រហារដោយគ្រាប់បែកដៃចំនួន ០៤គ្រាប់ មកលើក្រុមបាតុករអហិង្សា និងសន្តិវិធី ដែលឈរទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ នៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

ពិធីបុណ្យបង្សុកូលនេះ នឹងប្រារព្ធធ្វើនៅថៃ្ងចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទី នៅបរិវេណស្តូបវីរបាតុករ មុខអតីតមន្ទីររដ្ឋសភា ស្ថិតនៅភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្ដាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន“ ។

គួរកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា ដែលជាថ្ងៃខួបសោកនាដកម្មបំផ្ទុះគ្រាប់បែក ៤គ្រាប់ នៅមុខអគារអតីតវិមានរដ្ឋសភា ដែលបានសម្លាប់បាតុករ ចំនួន១៦នាក់ និងជាង ២០០នាក់ផ្សេងទៀត រងរបួសធ្ងន់នោះ គណបក្សភ្លើងទៀន តែងរៀបចំធ្វើពិធីបង្សុកូល នៅថ្ងៃនោះ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបាតុករទាំងនោះ និងតែងតែអំពាវនាវឲ្យរដ្ឋាភិបាល រកយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈការតាមរកជនដៃដល់ដែលបានគប់គ្រាប់បែក នាពេលនោះ យកមកផ្តន្ទាទោស ។

សូមរម្លឹកថា ព្រឹត្តិការណ៍គប់គ្រាប់បែក លើអ្នកតវ៉ាដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ១៩៩៧ ដែលកាលនោះលោកជាប្រធានគណបក្សជាតិខ្មែរ បានបណ្តាលបាតុករស្លាប់ ចំនួន ១៦នាក់ និងប្រមាណ ១៥០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។ ព្រឹត្តិការណ៍ដ៏ឃោរឃៅនេះ ធ្លាប់ត្រូវបានការិយាល័យស៊ើបអង្កេតសហព័ន្ទរបស់អាមេរិក (FBI) មកធ្វើការស៊ើបអង្កេតដែរ តែក្រោយមក ក្រុម FBI នេះ បានបញ្ឈប់សកម្មភាពខ្លួន នៅឆ្នាំ ១៩៩៩ ក្រោមហេតុផលថា អាជ្ញាធរកម្ពុជា មិនសហការជាមួយក្រុមខ្លួន។

លោក សម រង្ស៊ី បានចាត់ទុកព្រឹត្តិការណ៍គប់គ្រាប់បែក ពេលនោះ ថាជាអំពើភេរវកម្ម ដែលរៀបចំឡើងដោយរដ្ឋអំណាច ជាពិសេស លោកបានចោទប្រកាន់សម្តេច ហ៊ុន សែន ជាអ្នកនៅពីក្រោយការគប់គ្រាប់បែកនោះ ប៉ុន្តែក្រោយមក លោក សម រង្ស៉ី បានធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន ចំពោះការចោទប្រកាន់នេះ។

នៅក្នុងលិខិតលោក សម រង្ស៊ី ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ លោកបានសរសេរថា «ខ្ញុំមានការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្រ្តី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្រ្តី នៅពីក្រោយការគប់គ្រាប់បែកហ្វូងបាតុករ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា ការចោទបសម្តេចនាយ ករដ្ឋមន្រ្តី ថាប៉ុនប៉ងសម្លាប់ឥស្សរជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀត មកលើសម្តេចនាយករដ្ឋ មន្រ្តី»។

លោក សម រង្ស៊ី បានសន្យានៅក្នុងលិខិតនោះថា «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងនោះ ហើយចៀសវាង មិនឱ្យបញ្ហាបែបនេះកើតមានឡើងទៀត»៕