ភ្នំពេញ ៖ នៅក្នុងរយៈពេល ៣ថ្ងៃ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្តាខណ្ឌនានា បង្ក្រាបបានក្រុមចាប់ជំរិត ចោរប្លន់ ដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ចំនួន៩នាក់ ដែលបានប្រព្រឹត្តបទល្មើស ៣ករណី ព្រមទាំងដកហូតវត្ថុតាងជាច្រើន ហើយបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងការបង្ហាញមុខនោះ មានវត្តមានតែជនសង្ស័យចំនួន៧នាក់ប៉ុណ្ណោះ ដោយជនសង្ស័យ២នាក់ទៀត ដែលជាក្រុមចាប់ជំរិត ជនជាតិចិន បានរងរបួស បន្ទាប់ពីព្យាយាមរត់គេចខ្លួន ដោយលោតទម្លាក់ខ្លួនពីលើផ្ទះ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការខណ្ឌកំ បូល ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវនៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ ពីនៅថ្ងៃទី១៩ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បង្ក្រាបបានជនសង្ស័យសរុបចំនួន៩នាក់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបន្តថា ជនសង្ស័យទាំង៩នាក់ បានប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា រួមមាន ៖
ករណីទី១-លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាវាយប្លន់ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ចម្រុះ ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ ចំនួន០១គ្រឿង និងទូរស័ព្ទដៃម៉ាក Honor ចំនួន១គ្រឿង នៅចំណុចដីវាល ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង២០នាទីរំ លងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និងរក្សាទុក ដឹកញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំ ណុចបន្ទប់ជួល លេខ៩ សហគមន៍អណ្តូង៦ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រហូតមកដល់វេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ ខ្លួនបានជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះណាត ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ។ ទី២-ឈ្មោះភោគ សំណាង ភេទប្រុស អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះហៀប គន្ធា ភេទប្រុស អាយុ៥៣ឆ្នាំ និងទី៤-ឈ្មោះឆាយ រតនា ភេទប្រុស អាយុ៣៦ឆ្នាំ។
ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ចំនួន៧គ្រឿង ដាវកែច្នៃ ចំនួន១០ដើម កាំបិត ចំនួន៤ដើម កូនកាំបិត ចំនួន៣ដើម កាំបិតប៉័ងតោ ចំនួន១ដើម កាំបិតផ្គាក់ ចំនួន១ដើម និងដែកឆាបកែច្នៃចុងស្រួច ចំនួន៥ដើម ស្លាកលេខម៉ូតូ ចំនួន៥បន្ទះ កូនសោ មួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង ទូរស័ព្ទដៃ ចំនួន២០គ្រឿង ឧប ករណ៍ស្ទង់ ម៉ាក METAL DETECTOR ចំនួន១ ក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់ថង់ (១ដុំធំ និង១១កញ្ចប់ថង់តូច) ថ្នាំគ្រាប់ពណ៌ផ្កាឈូក ១កញ្ចប់ ចំនួន៨០គ្រាប់។
ករណីទី២-លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតវាយប្លន់ម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ ទី១-ឈ្មោះហេង បញ្ញា ហៅបុល ហៅហេង រ័ត្នវិបុល ភេទប្រុស ទី២-ឈ្មោះឃិន ខឿន ហៅដេត ភេទប្រុស និងទី៣-ឈ្មោះសេង លៀងហៅ ហៅប៊ី ភេទប្រុស។
ករណីទី៣-ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ជំរិតទារប្រាក់ ពុំបានសម្រេច និងអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្នុងបុរី មុខផ្ទះលេខ 02A ផ្លូវលេខ៣ ភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន២នាក់ ១-ឈ្មោះ LI ZHENG ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ២-ឈ្មោះ LI XIN LIANG ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះ LING ZHAO HONG ភេទប្រុស ឆ្នាំកំណើត១៩៦៣ ជនជាតិចិន មុខរបរពាណិជ្ជករ មានលំនៅ បុរីខាសិន ផ្ទះលេខ០២ៅ ផ្លូវលេខ៣ ភូមិ ទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅក្នុងការឃាត់ខ្លួនជនសង្ស័យចាប់ជំរិតនោះដែរ សមត្ថកិច្ចដកហូតបានរថយន្ត ចំនួន២គ្រឿង និងសម្ភារៈជាច្រើនទៀតផងដែរ។

បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕