ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាថៅកែលក់ផលិតផលអនឡាញ និងហាងវីងវេរលុយ បានចោទប្រកាន់បុគ្គលិកស្រីរបស់ខ្លួនម្នាក់ ថាបានកិបកេងលុយ អស់រយៈពេលជាង៣ឆ្នាំ សរុបជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈការរួមដៃគប់គិតគ្នាជាមួយម្ចាស់ទីតាំងវីងវេរលុយ ១កន្លែង ដោយយកក្រដាសវេរលុយដែលភ្ញៀវបានវេរមកហាង ទៅដកលុយ ដោយគ្មានការអនុញ្ញាត។

ស្ត្រីឈ្មោះ ស្រីហ្គេច ជាម្ចាស់ហាង G-Collections បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា “សូមបងប្អូនមេត្តាជួយ Share ម្នាក់មួយផង ដើម្បីដឹងពីល្បិចលួចកិបកេងលុយវីង (Wing) របស់បុគ្គលិកក្នុងហាងយើងខ្ញុំ ជាពិសេសសូមបងប្អូនអ្នកលក់ Online តូចធំទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំឱ្យជួបបញ្ហាដូចយើងខ្ញុំ។

រឿងហេតុផ្តើមពីបុគ្គលិកប្រចាំហាងយើងខ្ញុំម្នាក់ ឈ្មោះហៀង លីតា (HeangLeta) ភេទស្រី អាយុ៣៤ឆ្នាំ កើតថ្ងៃទី 03.02.1992 រស់នៅក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ លំនៅបច្ចុប្បន្ន រស់នៅភ្នំពេញ (ម្តុំឈូកវ៉ា១) ផ្ទះលេខ BLC26 ផ្លូវ០២ បុរីមង្គលសុខសាន្ត។ បុគ្គលនេះ បានធ្វើការក្នុងហាងយើងខ្ញុំ អស់រយៈពេលជាង ៣ឆ្នាំមកហើយ បានលួចកិបកេងលុយហាង ជិត១០ម៉ឺនដុល្លារ តាមរយៈក្រដាសវេរលុយវីង (Wing) ដែលភ្ញៀវបានវេរមកហាង ជនសង្ស័យខាងលើ មានបងប្អូនជាអ្នកបើក (Wing) រួចបានគប់គិតរួមដៃ គ្នាបើកដកលុយលើក្រដាសវីង (Wing) ដោយមិនមានការអនុញ្ញាត យកលេខទូរស័ព្ទហាង ទៅបើកឡើយ (រយៈពេលនៃការលួច គឺជិត២ឆ្នាំ)។

មូលហេតុដែលវាលួចបាន ដោយសារតែហាងយើងខ្ញុំ មានបុគ្គលិកច្រើននាក់ ក្នុងការឆ្លើយតបឆាតភ្ញៀវ ហើយរាល់ពេលភ្ញៀវវេរលុយ មកបើមានបុគ្គលិកណាមួយ បានចូលតបនិងអរគុណភ្ញៀវ គឺត្រូវ Screenshot ក្រដាសវេរលុយរបស់ភ្ញៀវ ចូលទម្លាក់ក្នុង Group Telegram របស់ហាង ហើយជនសង្ស័យខាងលើហ្នឹង វាបានបើក Notification ឆាតរបស់ផេក បើមានភ្ញៀវណាឆាតវេរលុយមក វាចូលមើលមុនគេ និងតបឆាតជំនួសបុគ្គលិកផ្សេងៗទៀត ហើយ Screenshot រូបក្រដាសវីង (Wing) វេរលុយទុក និងផ្ញើឱ្យភ្នាក់ងារវីងម្នាក់ (ដែលត្រូវជាបងប្អូនរបស់វា ដើម្បីដកលុយ) ដោយមិនមានផ្ញើក្រដាសវេរលុយទាំងនោះ ចូលក្នុង Gruop ការងាររបស់ហាង ឡើយ។

ក្នុងរឿងនេះ យើងខ្ញុំជាម្ចាស់ហាង ក៏មានកំហុស ២ធំៗដែរ ៖
– កំហុសទី១ ៖ គឺទុកចិត្តលើបុគ្គលិកខ្លួនឯងពេក គិតថាគេស្មោះត្រង់ជាមួយយើង។
– កំហុសដ៏ធំទី២ ៖ គឺទុកចិត្តលើសេវាកម្មធនាគារវីង (Wing) ព្រោះគិតថា បើអត់មានយកទូរស័ព្ទទៅ គេមិនបើកឱ្យទេ តែនេះកើតឡើងដោយយើងខ្ញុំនឹកស្មានមិនដល់ថា ភ្នាក់ងារវីង (Wing) រូបនេះ មិនគោរពតាមច្បាប់ក្រុមហ៊ុន ហ៊ានធ្វើអំពើខុសច្បាប់ ចូលដៃគ្នាជាមួយបងប្អូនវា ដែលជាបុគ្គលិកខ្ញុំ លួចលុយហាង អស់រយៈពេលយូរយ៉ាងនេះ។
ជាចុងក្រោយ នាងខ្ញុំនឹងប្តឹងធ្វើតាមច្បាប់ និងសង្ឃឹមថា ខាងធនាគារវីង (Wing) នឹងចាត់វិធានការចំពោះបុគ្គលភ្នាក់ងារវីង (Wing) នេះផងចុះ ព្រោះបុគ្គលទាំង២នាក់ មិនចូលខ្លួនដោះស្រាយ ហើយរត់គេចខ្លួនបាត់ទៀត។
រូបខាងក្រោម គឺរូបរបស់ជនសង្ស័យ និងរូបភ្នាក់ងារវីង (Wing) ដែលចូលដៃគ្នាដកលុយពីហាងយើងខ្ញុំ ដោយមិនខ្លាចញញើតទៅលើច្បាប់ឡើយ…”។

ជុំវិញការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុគ្គលិកដែលរងការចោទប្រកាន់ខាងលើ និងអ្នកពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ