Thursday, March 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូលជនអនាថា ២ថ្ងៃ ៥០នាក់

ប្រមូលជនអនាថា ២ថ្ងៃ ៥០នាក់

ខេត្តបាត់ដំបង ៖ ត្រឹមរយៈពេល ២ថ្ងៃ កម្លាំងអធិការក្រុងបាត់ដំបង បានចុះប្រតិបត្តិការប្រមូលក្រុមជនអនាថា ឬជនគ្មានជម្រក បានចំនួនជាង៥០នាក់ ដែលដើរឬស្នាក់នៅពាសវាលពាសកាលតាមសំណង់អនាធិបតេយ្យ ឬតាមសូនច្បារនានា ក្នុងក្រុងបាត់ដំបង ហើយបានបញ្ជូន ទៅកាន់មណ្ឌលសំចត របស់សង្គមកិច្ចខេត្ត ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ដើម្បីថែទាំនិងកែប្រែ។

លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការប្រមូលក្រុមជនអនាថានេះ បានធ្វើឡើងដោយយោងតាមបទបញ្ជាលោកស្នងការខេត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយរយៈពេល ២ថ្ងៃនេះ កម្លាំងរបស់លោក បានចុះប្រមូលបានក្រុមជនអនាថា នេះបានចំនួន៥១នាក់ ក្នុងនោះមានស្ត្រី ចំនួន៧នាក់។

តាមប្រភពសមត្ថកិច្ច ក្រុមជនអនាថា គ្មានជម្រកនេះ ភាគច្រើនពួកគេបង្ហាញខ្លួនពេលយប់ នៅតាមផ្លូវសាថារណៈ ឬតាមសួនច្បារនានា នៅក្នុងក្រុង។ ក្រុមនេះមានគ្រប់សមាសភាព ដោយពួកគេមួយចំនួនធ្វើដំណើរមកពីតាមបណ្តាខេត្តផ្សេងៗ ដែលមានអ្នកដឹកជញ្ជូនយកមកទម្លាក់ឱ្យធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ពាសពេញក្រុងបាត់ដំបង។ ក្នុងនោះជនខ្លះ ជាមុខសញ្ញា លួច ឆក់ ជួញដូរ ឬសេពថ្នាំញៀន។

ដំណាលគ្នានឹងកម្លាំងអធិការក្រុងបាត់ដំបង បើកយុទ្ធនាការចុះបង្ក្រាប ឬប្រមូលក្រុមជនអនាថាខាងលើនេះ កម្លាំងបង្ការ បង្ក្រាប នៃស្នងការខេត្ត ក៏បានបើកយុទ្ធនាការនេះផងដែរ។

លោកឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានប្រាប់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្លាំងរបស់លោក បានចុះប្រមូលក្រុមជនវង្វេងផ្ទះនេះ បានរាប់សិបនាក់ដែរ ហើយភាគច្រើនធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន។

លោកស្នងការរង បានបញ្ជាក់ថា ក្រុមមួយចំនួនដែលរកឃើញមានសារធាតុញៀន លោកស្នងការ បញ្ជាឱ្យកសាងសំណុំរឿង បញ្ជូនទៅប្រគល់ជូនការិយាល័យជំនាញ ចាត់ការបន្ត។ រីឯជនដែលមិនពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់មណ្ឌលសំចត របស់សង្គមកិច្ច នៅស្រុកសង្កែ។ លោកបានបញ្ជាក់បន្ថែមថា ជនមួយចំនួន ត្រូវបានចាត់ការតាមនីតិវិធី និងមួយចំនួនទៀត មន្ត្រីជំនាញ កំពុងសាកសួរ៕

RELATED ARTICLES