ភ្នំពេញ ៖ ផ្ទះលក់ដ្រូន មួយកន្លែង ស្ថិតក្នុងបុរី លនស៊ីធី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ ទាំងយប់ បណ្តាលឱ្យបុរសជាម្ចាស់ផ្ទះ ត្រូវភ្លើងឆេះបានស្លាប់ ចំណែកស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ ត្រូវភ្លើងឆេះរលាក រលួយ មួយចំហៀងខ្លួន ត្រូវបានកងសង្គ្រោះ៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះវីឡាកូនកាត់ លេខ៥២២៦ ជាផ្ទះលក់ដ្រូន យីហោ ប្រូហ្វីត លីងឃើរ (ខេមបូឌា) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៨ បុរី លនស៊ីធី ស្ថិតក្នុងក្រុម១ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ខ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវភ្លើងឆេះស្លាប់នៅក្នុងផ្ទះ មានឈ្មោះ ជា មួយសុង អាយុ៦៤ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធ ដែលរងរបួសធ្ងន់ មានឈ្មោះ លី ចិន្តា អាយុ៦៣ឆ្នាំ (រងរបួសរលាកមួយចំហៀងខ្លួន)។ ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះវីឡាកូនកាត់ កម្ពស់៣ជាន់ មានទំហំ ៨ម៉ែត្រ គុណនឹង ១៣ម៉ែត្រ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីក្នុងផ្ទះខាងលើ និងជះភ្លើងចេញតាមបង្អូច ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏ប្រញាប់រាយការណ៍សុំជំនួយពីសមត្ថកិច្ចជំនាញ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងសង្រ្គោះគ្រោះ ៧១១ នៃកងពលតូចលេខ៧០ និងស្ថានប័នជំនាញពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៧គ្រឿង ក្នុងនោះមាន រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៤ឡាន ស្មើនឹង ៦៨ម៉ែត្រគូប រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន ស្មើនឹង ៧០ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹក អស់១ឡាន ស្មើនឹង ០៦ម៉ែត្រគូប និងរថយន្តសង្គ្រោះ ចំនួន១គ្រឿង។

ចំពោះសំណង់រងគ្រោះ ជាប្រភេទផ្ទះវីឡាកូនកាត់ កម្ពស់ ៣ជាន់ ទំហំ ៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងផ្ទះ អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងទាំងស្រុង នៅម៉ោង២២:១០នាទីយប់ ថ្ងៃដដែល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវពីមូលហេតុ។ ចំពោះករណីខាងលើនេះ បានបណ្តាលឱ្យស្លាប់មនុស្ស ១នាក់ និងម្នាក់ទៀត រងរបួសធ្ងន់។

សូមបញ្ជាក់ថា យោងតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីអគ្គិភ័យ កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ មានចំនួន ២៤៧/២៦៦លើក ថយចុះចំនួន ១៩លើក ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៥ ក្នុងនោះ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០២/១៤នាក់, រងរបួស២៩/១២នាក់ ឆេះផ្ទះ ចំនួន២១១/១៨៦ ខ្នង, តូបលក់ដូរ ១៣/២៤។
ចំពោះ មូលហេតុ មានចំនួន៣ គឺ : ១- អគ្គិសនី ៤២.១៣% ២- ប្រើប្រាស់ភ្លើង ៣៩.៥៨% ៣- ក្តាប់ពុំបាន ១៨.២៩% ។

រាជធានី-ខេត្ត ដែលកើតមានអគ្គិភ័យច្រើន : – រាជធានីភ្នំពេញ ៥៣/៤២លើក កើន ១១លើក,ខេត្តកណ្តាល ២៧/៣៨លើក ថយចុះ ១១លើក៕
