ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន ៨នាក់ និងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់ ដែលមានទម្ងន់ប្រមាណ ជាងកន្លះគីឡូ។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ ដំបង ដោយបានការសម្របសម្រួលលើនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ដោយ មានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ បានដឹកនាំកម្លាំងបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ បានចំនួន៨នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៦កញ្ចប់ ទម្ងន់ ៥០១,២៥ក្រាម ទូរស័ព្ទដៃ ចំនួន១១គ្រឿង (ចាស់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១គ្រឿង ម៉ូតូ ចំនួន ៥គ្រឿង សម្ភារសម្រាប់ច្រកនិងប្រើប្រាស់ថ្នាំញៀន មួយចំនួន។

ជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕