Wednesday, March 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារវាលយន្ត ភ្លើងឆេះខ្ទេច១៨តូប

ផ្សារវាលយន្ត ភ្លើងឆេះខ្ទេច១៨តូប

ខេត្តស្វាយរៀង ៖ តូបលក់ដូររបស់អាជីវករ នៅក្នុងផ្សារវាលយន្ត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលយប់  បង្កការភ្ញាក់ផ្អើលដល់ក្រុមអាជីវករ នាំគ្នាប្រមូលយកអីវ៉ាន់ចេញរៀងៗខ្លួន និងបានរាយ ការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បាញ់ទឹកពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថហត្ថខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីមានសេចក្ថីរាយការណ៍ថា មានករណីអគ្គិភ័យ ឆេះតូបលក់ដូរក្នុងផ្សារវាលយន្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង កម្លាំងនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលក្រុងស្វាយ រៀង និងនគរបាលស្រុកស្វាយទាប ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យ សរុបចំនួន ៨គ្រឿង ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២ គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក ស្វាយទាប ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ចំនួន៤គ្រឿង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ សរុបចំនួន២២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង  ដោយភ្លើង បានរលត់ទៅវិញ នៅវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃដដែល។

ចំពោះមូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យខាងលើ គឺផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យមានការខូចខាត  ឆេះតូបលក់គ្រឿងក្រអូប និងតូបលក់អីវ៉ាន់ចាប់ហួយ សរុបចំនួន១៨តូប ស្មើនឹង ១៤ម្ចាស់៕

RELATED ARTICLES