ខេត្តកំពត ៖ នារីរូបស្រស់ម្នាក់ បានកើតមានជំងឺចម្លែកម៉្យាង ដោយគ្រូពេទ្យពន្យល់ថា ជាជំងឺអស់ភាពស៊ាំ ដែលសារពាង្គកាយបាត់បង់អង់ទីគ័រ ធ្វើឱ្យជំងឺឱកាសនិយម វាយលុក បំផ្លាញអស់គ្រឿងក្នុង យ៉ាងឆាប់រហ័ស ដោយត្រឹមរយៈពេលតែ ២យប់៣ថ្ងៃ ក៏បាត់បង់ជីវិត យ៉ាង អាណោចអាធ័ម។

នារីអភ័ព្វ មានឈ្មោះ យ៉ុង ស៊ីថា មានលំនៅក្នុងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្លុំទៀននំខួបកំណើត ជាលើកចុងក្រោយ បានប្រមាណ ៥នាទី។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បងប្រុសរបស់នារីរងគ្រោះ បានបង្ហោះវីដេអូ បង្ហាញពីទិដ្ឋភាពនារីរងគ្រោះ ផ្លុំទៀននំខួបកំណើតរបស់ខ្លួន ជាលើកចុងក្រោយ ភ្ជាប់ជាមួយសំណេរថា “ខួបកំណើតដ៏ល្វីងបំផុត នៃជីវិតចុងក្រោយរបស់ប្អូនខ្ញុំ អូនអើយ! កម្សត់ពេកហើយ…”។
តាមរយៈវីដេអូខាងលើ សាច់ញាតិ ក្រុមគ្រួសារ បានរៀបចំនំខួបកំណើតពណ៌លឿងមួយ ដោយមានអុជទៀន ចំនួន២ដើម ជូននារីរងគ្រោះ ដែលកំពុងអង្គុយលើគ្រែ ដោយមានអ្នកជួយគ្រាហ៍ទប់ពីក្រោយផងនោះ ដើម្បីផ្លុំ និងឱ្យនារីរងគ្រោះ បួងសួងដោយខ្លួនឯង។ ភ្លាមនោះ នារីរងគ្រោះ ដែលប្រឹងលើកដៃសំពះស្ទើរមិនចង់រួច បានប្រឹងនិយាយដោយសំឡេងខ្សាវៗ បន់ផ្សងថា “កុំឱ្យកូនឈឺដូចជាតិនេះទៀតណា លំបាកណាស់…”។

ចំណែកសាច់ញាតិ ក្រុមគ្រួសារ ដែលកំពុងនៅព័ទ្ធជុំវិញនារីរងគ្រោះ បានទ្រហោយំគ្រប់គ្នា ធ្វើឱ្យពិធីខួបកំណើត ដែលមនុស្សទូទៅធ្លាប់តែរីករាយ ប្រែក្លាយជាពោរពេញដោយសំណោក និងទឹកភ្នែក គួរឱ្យសង្វេគបំផុត។
បងប្រុសរបស់នារីរងគ្រោះ បានឱ្យដឹងផងដែរថា ក្រោយពីប្អូនស្រី (នារីរងគ្រោះ) បានផ្លុំទៀននំខួបកំណើតរួចហើយ បានប្រមាណ ៥នាទី នាងក៏បានលាចាកលោក ចោលក្រុមគ្រួសារ បងប្អូន ឪពុកម្តាយទៅ ដោយគ្មានថ្ងៃវិលត្រឡប់។
បន្ទាប់ពីឃើញវីដេអូដ៏សោកសង្រេងនេះ បានធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម រំជួលចិត្តគ្រប់គ្នា និងបានចូលរួមរំលែកទុក្ខ ចំពោះសាច់ញាតិនារីរងគ្រោះផងដែរ។ ជាមួយនេះ មហាជន បានចោទជាសំណួរទៅកាន់បងប្រុសនារីរងគ្រោះ ដោយចង់ដឹងពីមូលហេតុ ដែលបណ្តាលឱ្យនារីអភ័ព្វរូបនេះ បាត់បង់ជីវិតទាំងវ័យក្មេង ហើយក៏ត្រូវបានបងប្រុសបញ្ជាក់ប្រាប់ថា “ពេទ្យពន្យល់ថា ជំងឺគាត់ អស់ភាពស៊ាំដែលសារពាង្គកាយទទួលបានអង់ទីគ័រ គឺគ្មានអង់ទីគ័រ ធ្វើឱ្យជំងឺឱកាសនិយម លុកលុយបាន ស៊ីអស់គ្រឿងក្នុង លឿនណាស់ ពីរយប់ បីថ្ងៃ…”។
ដោយឡែក នៅថ្ងៃដដែលនោះដែរ បងប្រុសរបស់នារីរងគ្រោះ បានបង្ហោះវីដេអូ ១បន្ថែមទៀត បង្ហាញពីស្ថាន ភាពចុងក្រោយរបស់ប្អូនស្រីខ្លួន ដែលកំពុងដេកស្តូកស្តឹង សល់តែដង្ហើមចុងក្រោយ នៅលើគ្រែក្រោមផ្ទះ ដោយមានម្តាយនិងសាច់ញាតិអង្គុយកាន់ដៃសងខាង ទួញយំសោកផង ភ្ជាប់ជាមួយសំណេរថា “ប្អូនសុំម៉ាក់មកផ្ទះ ខ្លាចម៉ាក់ពិបាក ខ្លាចម៉ាក់ប៉ាហត់នឿយ ប្អូនសុំមកផ្ទះ ដេកឱ្យស្រួល។ អូនអើយអូន! ប្អូនលាពួកយើង រហូតហើយ…”។

បងប្រុសដដែល បានសរសេរបន្ថែមថា “ប្អូនខ្ញុំស្អាតខ្លាំងណាស់ ស្លូតណាស់ គាត់ល្អណាស់ ចុងក្រោយនៃជីវិត ក៏នៅតែខ្លាចម៉ែពុក ពិបាកហត់នឿយដែរ…”។
ចំណែកសាច់ញាតិរបស់នារីរងគ្រោះ បានបង្ហោះសារសោកអាល័យតាមបណ្តាញសង្គម ជាបន្តបន្ទាប់ ចំពោះការបាត់បង់សមាជិកគ្រួសាររូបនេះ ដោយក្នុងនោះ ម្តាយមីងរបស់នារីរងគ្រោះ បានសរសេរថា “ឃើញហើយ សែនអាណិត ហើយសោកស្តាយខ្លាំងណាស់ ក្មួយអើយ! ក្មួយជាមនុស្សល្អ ស្អាត ស្លូតទៀត មិនគួរណាសោះ! បើជាតិក្រោយមានពិត ក្មួយបានមកនៅជុំគ្រួសារក្មួយវិញណា! សូមឱ្យក្មួយសុខភាពល្អ កុំឱ្យឈឺ អាយុវែងណាក្មួយ កុំឱ្យអាយុខ្លីដូចជាតិនេះទៀត ម៉ាក់ប៉ា បងប្អូនទទួលយកមិនបានទេ ឃើញវីដេអូនេះ ទឹកភ្នែកហូរ រហូត…”។

រីឯស្ត្រីជាម្តាយមីងម្នាក់ទៀត បានរៀបរាប់ទាំងអួលដើមកថា “ក្មួយអ៊ី លែងលំបាកហើយ អ៊ីមកធ្វើខួបកំណើតឱ្យអូនហើយ អ៊ីមកមើលក្មួយស្រីហើយ ក្មួយអ៊ីស្អាត ក្មួយអ៊ីពូកែណាស់ ជាតិក្រោយ អូនអត់លំបាកដូចជាតិនេះទេ បេះដូងអ៊ី ប្រេះអស់ហើយក្មួយ…”៕