ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងបង្កការអុកឡុកក្រុមគ្រួសារជាញឹក ញាប់ លុះចុងក្រោយ ខឹងសុំលុយម្តាយមិនបាន ផ្ទុះកំហឹង ដុតផ្ទះម៉ែចោល បណ្តាលឱ្យឆាបឆេះខ្ទេចទាំងស្រុង រួចរត់គេចខ្លួនបាត់។

ករណីកូនប្រុសដុតផ្ទះម្តាយនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនបង្កហេតុ មានឈ្មោះ ចាន់ ផល ហៅទត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។ ចំណែកផ្ទះដែលជនសង្ស័យដុតបំផ្លាញ ធ្វើពីដែក ប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះ ចាន់ ចេង អាយុ៥៨ឆ្នាំ ត្រូវជាម្តាយជនបង្ក។ ម្តាយកូនទាំងពីរ មានលំនៅក្នុងភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កហេតុ ឈ្មោះចាន់ ផល ហៅទត គឺជាមនុស្សបែកថ្នាំ ហើយតែងបង្កការអុកឡុកក្នុងគ្រួសារ មិនឈប់ឈរ។ លុះមកដល់ថ្ងៃកើតហេតុ ជនបង្កហេតុ បានសុំលុយពីម្តាយ តែម្តាយមិនមានលុយឱ្យ ស្រាប់តែកូនប្រុសផ្ទុះកំហឹង ធ្វើសកម្មភាពដុតផ្ទះម្តាយចោលតែម្តង បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុងតែម្តង។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា អគ្គិភ័យនេះ បានផ្តើមចេញពីរឿងកូនប្រុសបែកថ្នាំ ខឹងសុំលុយម្តាយមិនបាន ក៏ដុតបំផ្លាញផ្ទះម្តាយចោលតែម្តង។ លោកអធិការ បន្តថា បើតាមប្រវត្តិ ពេលជននេះបង្កការអុកឡុកម្តងៗ ម្តាយមិនសូវសហការជាមួយសមត្ថកិច្ចទេ ផ្ទុយទៅវិញ ម្តាយកាន់តែជំរុញកូន ឱ្យរត់គេច កុំឱ្យសមត្ថកិច្ចឃាត់ខ្លួនទៀតផង ស្រាប់តែពេលនេះ កូនប្រុស ដុតផ្ទះចោល ធ្វើឱ្យភ្លើងឆេះអស់គ្មានសល់ សូម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏រំដោះមិនបានដែរ។ ក្រោយដុតផ្ទះម្តាយឆេះហ្មត់ ជន សង្ស័យ បានរត់គេចខ្លួនបាត់ភ្លាមៗ រហូតមកដល់ពេលនេះ រកមិនទាន់ឃើញនៅឡើយ៕


