Wednesday, March 18, 2026
Homeព័ត៌មានជាតិពង្រឹងខ្លួនឲ្យខ្លាំង កម្ពុជា ត្រូវធ្វើ ពេលសណ្ដាប់ធ្នាប់ពិភពលោកគ្រោះថ្នាក់

ពង្រឹងខ្លួនឲ្យខ្លាំង កម្ពុជា ត្រូវធ្វើ ពេលសណ្ដាប់ធ្នាប់ពិភពលោកគ្រោះថ្នាក់

ភ្នំពេញ ៖ អ្នកនយោបាយ អ្នកជំនាញវិទ្យាសាស្រ្ត-ភូមិសាស្រ្តនយោបាយ អ្នកឃ្លាំមើលសង្គម អ្នកវិភាគ និងមជ្ឈដ្ឋានបញ្ញវន្ត បានលើកឡើងថា ខណៈដែលសណ្ដាប់ធ្នាប់ពិភពលោក មានភាពរញ៉េរញ៉ៃ ប្រែប្រួល និងគ្រោះថ្នាក់ខ្លាំង កម្ពុជា ដែលជាប្រទេសទន់ខ្សោយផែ្នកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា នៅក្នុងតំបន់និងពិភពលោក ជាពិសេសកំពុងទទួលរងការឈ្លានពានអធិបតេយ្យ បូរណភាពទឹកដី ពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ នោះ ត្រូវពង្រឹងខ្លួនឲ្យខ្លាំង តាមរយៈការធ្វើកំណែទម្រង់លើវិស័យមួយចំនួន ។ ក្នុងនោះកំណែទម្រង់មូលធនមនុស្ស ឬការលើកកម្ពស់ធនធានមនុស្ស គឺជារឿងអាទិភាពចាំបាច់បំផុត ដែលកម្ពុជា ត្រូវចាប់ផ្ដើមគិតគូរ ដោយការប្រមូលផ្ដុំនូវបណ្ដុំចង្កោមបណ្ឌិត បញ្ញវន្ត ជំនាញឯកទេសគ្រប់និន្នាការនយោបាយ មកចូលរួមជាមួយគ្នា ដើម្បីផ្ដល់គំនិតយុទ្ធសាស្រ្ត ការពារសន្តិសុខ និងអភិវឌ្ឍន៍ជាតិ ព្រោះនៅពេលដែលពិភពលោក កំពុងមានសង្រ្គាមបែបនេះ គ្មានប្រទេសមហាអំណាចណា មកជួយយើងបានទេ ក្រៅពីយើងត្រូវជួយខ្លួនឯង ពង្រឹងខ្លួនឲ្យខ្លាំង។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថា ចាប់ពីពេលនេះតទៅ ពិភពលោក កំពុងតែជួបនូវភាពរញ៉េរញ៉ៃ ដោយសារតែប្រទេសកុម្មុយនីស្ដផ្ដាច់ការ តែងតែបង្កនូវភាពវឹកវរ ដើម្បីអំណាចនៃក្រុមគ្រួសារ បក្ខពួក បង្កើនឥទ្ធិពលបែបបំផ្លាញមនុស្សជាតិ ។ ជាក់ស្ដែង សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងឆាបឆេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរួមគ្នាកម្ទេចអ៊ីរ៉ង់ ក្រោមហេតុផលកម្ទេចនូវនយោបាយចាត់តាំងផ្ដាច់ការ រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ ដូច្នេះនៅពេលដែលពិភពលោក កំពុងតែជ្រួលច្របល់បែបនេះ យើងមិនអាចកាត់ស្មាន វិនិច្ឆ័យ សន្និដ្ឋាន វិភាគបានថា តើនឹងមានសង្រ្គាមលោកលើកទី៣ កើតឡើងឬយ៉ាងណាទេ ប៉ុន្តែអ្វីដែលកម្ពុជា មានភាពឆ្លាតវៃក្នុងស្ថានភាពពេលនេះ គឺត្រូវមានពហុគំនិតបង្កើតនូវវិទ្យាស្ថាន “យុទ្ធសាស្រ្តចក្ខុវិស័យ” ដើម្បីធ្វើការងារការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន ឲ្យខ្លាំង រឹងមាំ ទាំងវិស័យយោធា សេដ្ឋកិច្ច និងនយោបាយផ្ទៃក្នុងជាតិ ដោយផ្ដោតលើចំណុច ចំនួន៣ ។ ក្នុងនោះ ចំណុចទី១ គឺការកសាងធនធានមនុស្ស ប្រមូលបណ្ឌិតបញ្ញវន្ត អ្នកជំនាញវិទ្យាសាស្រ្ត គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ មកចូលរួមធ្វើការជាមួយគ្នា ផ្ដល់ពហុគំនិត ដាក់ចេញជាយុទ្ធសាស្រ្ត បង្កើតជាសេណារីយ៉ូ ដើម្បីសន្តិសុខជាតិ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ពិភពលោកយើង ចាប់ពីពេលនេះតទៅ គឺថាកំពុងតែជួបនូវភាពរញ៉េរញ៉ៃ ។ រញ៉េរញ៉ៃហ្នឹង មានន័យផ្លូវពីរ ។ ផ្លូវមួយ នៃប្រទេសកុម្មុយនីស្ដផ្ដាច់ការ គឺតែងតែបង្កនូវភាពវឹកវរ ដើម្បីអំណាចនៃក្រុមគ្រួសារ បក្ខពួក ទៅនឹងការបង្កើននូវឥទ្ធិពលបែបបំផ្លាញមនុស្សជាតិ ។ មានន័យអពមង្គលក្នុងការជ្រៀតជ្រែកទៅរកភាពអនាធិបតេយ្យនៅក្នុងពិភពលោក នៃ៥ទ្វីបហ្នឹង គឺទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក ទ្វីបអាស៊ី អូសេអានី និងទ្វីបអាមេរិក ។ អ៊ីចឹងហើយ យើងឃើញថា សង្រ្គាមនៅអ៊ុយក្រែន ៤ឆ្នាំ សង្រ្គាមនៅមជ្ឈិមបូព៌ា តាំងពីសង្រ្គាមនៅស៊ីរី ចប់ពីស៊ីរី ទៅលីបង់ ចប់ពីលីបង់ ទៅអ៊ីស្រាអែល ជាមួយនឹងប៉ាឡេស្ទីន ដោយសារតែក្រុមភេរវករ ៤ក្រុម មានហាម៉ាស់ មានភេរវកម្មផ្សេងៗទៀត ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនេះ គឺសង្រ្គាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលមានមហាអំណាចសហរដ្ឋអាមេរិក នៅពីក្រោយ ដើម្បីកម្ទេចនូវនយោបាយចាត់តាំង មិនថានយោបាយកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏ដូចជានយោបាយចាត់តាំងនៃការដឹកនាំបែបផ្ដាច់ការ ទាក់ទងទៅនឹងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ អ៊ីចឹងហើយអំណាចសេដ្ឋកិច្ច និងអំណាចយោធា គឺថាត្រូវតែប្រកួតប្រជែងគ្នាស៊ីសាច់ហុតឈាម យកចាញ់ យកឈ្នះ ខណៈដែលការចរចាស្វែងរកសន្តិភាព បញ្ចប់កុំឲ្យមហាអំណាចមជ្ឈិមបូព៌ាអ៊ីរ៉ង់ហ្នឹង ធ្វើអ្វីដែលផ្ទុយនឹងច្បាប់អន្តរជាតិ ផ្ទុយនឹងច្បាប់អង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការផលិតនុយក្លេអ៊ែរ ដែលត្រូវបានហាមប្រាម ហើយនិងបញ្ហានៃការគាបសង្កត់ទាក់ទងទៅនឹងថាមពលប្រេងឥន្ធនៈ អីជាដើម ដែលយើងដឹងហើយថា ការនាំប្រេងចេញរបស់ពិភពលោក គឺថាប្រទេសអ៊ីរ៉ង់ លេខ១ បន្ទាប់មក ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសដែលសម្បូរប្រេងនៅក្នុងប្លុកនៃមជ្ឈិមបូព៌ាហ្នឹង គឺថាទៅដល់ ៧ប្រទេស ។ អ៊ីចឹងសេដ្ឋកិច្ច វាដើរទៅបាន អំណាចយោធា ដើរទៅបាន វាដោយអំណាចនៃថាមពលប្រេងឥន្ធនៈ ហើយអ្វីដែលសង្រ្គាមកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹង គឺថាជាសង្រ្គាមយុទ្ធសាស្រ្តក្នុងការកាត់ដៃកាត់ជើងនៃពួកកុម្មុយនីស្ត ពួកផ្ដាច់ការ នៃមហាអំណាចចិន ក៏ដូចជាមហាអំណាចរុស្ស៊ី ទាក់ទងទៅនឹងមហាអំណាចនៃមជ្ឈិមបូព៌ា ផ្សារភ្ជាប់រវាងទ្វីបអាមេរិក ទៅនឹងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងសរុមកវិញ ខ្ញុំថា នៅពេលដែលពិភពលោកកំពុងតែជ្រួលច្របល់ កំពុងតែរញ៉េរញ៉ៃ យើងមិនអាចកាត់ស្មាន វិនិច្ឆ័យ សន្និដ្ឋាន វិភាគបែបណាត្រូវ ថាតើមានសង្រ្គាមលោកលើកទី៣ ឬក៏យ៉ាងណា? មានឬមិនមាន វាជារឿងរបស់មហាអំណាច នៃប្រទេសដែលកំពុងតែធ្វើសង្រ្គាមជាមួយគ្នា ប៉ុន្តែងាកមកសម្រាប់ប្រទេសកម្ពុជា វិញ គឺថាកម្ពុជា ត្រូវមានភាពឆ្លាតវៃ ជាមួយនឹងការដឹកនាំរបស់ថ្នាក់ដឹកនាំ ឬក៏អ្នកនយោបាយ មិនថាបក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល យើងត្រូវមានពហុគំនិតបង្កើតនូវវិទ្យាស្ថាន “យុទ្ធសាស្រ្តចក្ខុវិស័យ” ដើម្បីយើងធ្វើកិច្ចការបែបណា ជាកិច្ចការការពារនូវអធិបតេយ្យ បូរណភាពទឹកដី វាមានចំណុចបី ។ ចំណុចទី១ គឺការកសាងធនធានមនុស្ស ដើម្បីយកនូវបណ្ដុំគំនិតហ្នឹង មកធ្វើជាសេណារីយ៉ូ ដោយការបញ្ជាចេញពីអ្នកប្រាជ្ញ គតិបណ្ឌិតរបស់ខ្មែរយើង ក្នុងធ្លុងមួយ ជាអ្នកឯកទេស អ្នកបច្ចេកទេសដែលមិនផ្ដេកផ្ដួលទៅនឹងបញ្ហាចំណងនយោបាយ ឬក៏សម្ពាធឥទ្ធិពលនៃគណបក្សនយោបាយ មានន័យថា បណ្ដុំនៃក្រុមប្រឹក្សាជាតិ សន្តិសុខជាតិ ដែលចេញអំពីវិទ្យាស្ថានឯករាជ្យ អព្យាក្រឹត ម្ចាស់ការមួយ គឺថាមានទាំងអ្នកនយោបាយ មានទាំងអ្នកវិទ្យាសាស្រ្ត អ្នកប្រាជ្ញ វេជ្ជបណ្ឌិត ឬក៏បញ្ញវន្តណាដែលគាត់មានគំនិតប្លែក គំនិតយុទ្ធសាស្រ្ត គំនិតដែលជាការបញ្ចេញនូវរូបមន្ត រូបវន្តនៃការបញ្ជាណាមួយ ចេញជាយុទ្ធសាស្រ្ត បង្កើតជាសេណារីយ៉ូ ដើម្បីសន្តិសុខជាតិ ។ អាហ្នឹងវាជារឿងមួយ ដែលយើងត្រូវការធនធានគ្រប់ស្រទាប់ គ្រប់ប្រភេទ ដោយមិនមាននិន្នាការគណនយោបាយ ឬក៏និន្នាការនៃអំណាចបុគ្គលណាមកគ្របដណ្ដប់អ្នកឯកទេស អ្នកជំនាញ ដែលជាបញ្ញវន្ត ជាអ្នកប្រាជ្ញ វិញ្ញូជន ឬក៏ជាបណ្ឌិត វេជ្ជបណ្ឌិតអីជាដើមហ្នឹង អាហ្នឹងបញ្ហាទី១ គឺធនធានមនុស្សពិតប្រាកដ ។ ទី២ វិស័យសេដ្ឋកិច្ចដ៏រឹងមាំ គឺថាដំណាក់កាលនេះ យើងមិនទៅពឹងដូចពីសតវត្សមុន មកដល់ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទេ ក្រៅតែពីយើងម្ចាស់ការខ្លួនយើង អត្តាហិ អត្តនោ នាថោ ខ្លួនទីពឹងខ្លួន ខ្លួនច្បាស់ជាងយើង ឯកភាពផ្ទៃក្នុងជាតិ គ្មានការបែកបាក់ ធ្វើឲ្យយើងខ្សោយនូវការគូសវាសនៃយុទ្ធសាស្រ្តនយោបាយសេដ្ឋកិច្ច សន្តិសុខ ការទូតអីហ្នឹង ។ អ៊ីចឹងបញ្ហាទី២នេះ គឺថាយើងត្រូវធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចយើងខ្លាំង ធនធានយើងមាន យើងកៃច្នៃគំនិតជាមួយនឹងឆន្ទៈ ចំណេះជំនាញហ្នឹង គឺថាយើងពង្រឹងនូវវិស័យសេដ្ឋកិច្ច ឲ្យរឹងមាំទៅ ហ្នឹងហើយដែលវាអាចឈានទៅរកវិស័យទំនើបកម្មយោធា ហើយក៏មិនអាចចោលនូវអ្វីជាអំណាចនៃនយោបាយការបរទេស ជាមួយនឹងអំណាចនៃសារព័ត៌មាន បង្ហាញគ្រប់នូវជ្រុងជ្រោយ ភាពខ្លាំង ភាពខ្សោយ អវិជ្ជមាន ភាពដែលកម្ពុជា ត្រូវមានទំនើបកម្ម កែទម្រង់បែបណាៗ គឺថាវាត្រូវផ្សារភ្ជាប់គ្នា យើងមិនអាចពឹងផ្អែកទៅលើអ្វីដែលយើងគិតថាជាមួយនយោបាយមួយដែលទប់ទៅនឹងប្រទេសធំ យោធាមានកម្លាំងខ្លាំង មានចំនួនកងទ័ពច្រើន ហើយប្រទេសតូច ខ្សោយ កងទ័ពតិច សេដ្ឋកិច្ចទន់ជ្រាយ មិនរឹងមាំនោះទេ គឺអ្វីដែលសំខាន់ បើមានការបែកបាក់ផ្ទៃក្នុងជាតិ អាហ្នឹងហើយវាជាការមិនបានបំពេញឲ្យគ្នា នូវចន្លោះប្រហោង ។ យើងមើលប្រទេសតូចខ្លាំង ដូចជាប្រទេសអ៊ីស្រាអែល ប្រទេសសាំងហ្គាពួរ ជាដើម តើមានប៉ះគ្នាជាមួយមហាអំណាច មានប៉ះគ្នាជាមួយប្រទេសដែលមានបំណងចង់រំលោភបំពាននូវអធិបតេយ្យ បូរណភាពទឹកដីរបស់គេឬទេ? គឺថាអាហ្នឹងហើយជាមេរៀន ជាបទពិសោធន៍ ហើយមេរៀន ជាបទពិសោធន៍ យើងមានហើយ ប្រទេសថៃ ដែលឈ្លានពានយើង យើងមិននិយាយទៅដល់ឆ្នាំ២០០៨-២០១១-២០១៣ អីទេ យើងនិយាយថា សង្រ្គាមពីរលើក នៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ តើកម្ពុជា កងទ័ពយើង រដ្ឋាភិបាលយើង ពលរដ្ឋយើង ជនភៀសសឹកយើង តំបន់ប្រវត្តិសាស្រ្ត ក៏ដូចជាការឈឺចាប់ ការខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធជាតិ វាយ៉ាងម៉េច? ដែលបង្កសង្រ្គាមឡើងដោយករទ័ពសៀមជ្រុលនិយម ទាក់ទងទៅនឹងស្អី? ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មបនប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌អន្តរជាតិ ជាដើម តើយើងបាត់បង់អ្វីខ្លះ? ហើយមកដល់ពេលនេះ តើយើងមើលឃើញថា ទឹកដីប៉ុន្មានកន្លែង ដែលរដ្ឋាភិបាលអះអាងថា ១៤កន្លែង ហើយបក្សក្រៅរដ្ឋាភិបាល ឬក៏កាសែតអន្តរជាតិធំៗថា លើសពីហ្នឹងទៅទៀតអី តើយើងឈឺចាប់បែបណា ក្នុងនាមជាប្រទេសមួយមានអធិបតេយ្យភាព ឯករាជ្យ អព្យាក្រឹត ដែលជាសមាជិកអង្គការសហប្រជាជាតិ? មិនថាប្រទេសតូច ធំ ក្រ មាន គឺស្មើមុខ ស្មើមាត់ នៃរដ្ឋអធិបតេយ្យ ដែលមិនអាចរដ្ឋបរទេសណារំលោភបានផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមានសមាជិកនៃអាស៊ាននោះ ប្រទេសជិតខាងដឹងឮ ធានាការពារ មិនអាចឲ្យរដ្ឋបរទេសណាមករំលោភបំពាន ឈ្លានពានអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី និងអព្យាក្រឹតរបស់ប្រទេសមួយបានឡើយ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយ វាជាការផ្ទុយ ដែលប្រទេសសៀម មានការរំលោភអធិបតេយ្យ បូរណភាពទឹកដី មិនត្រឹមតែជម្លោះព្រំដែន គឺជម្លោះឈ្លានពានមកលើប្រទេសកម្ពុជា មិនខុសពីប្រទេសអ៊ុយក្រែន ដែលត្រូវមហាអំណាចរុស្ស៊ី រំលោភបំពាន ហើយនិងប្រទេសផ្សេងៗ ដែលសុទ្ធតែឃើញសភាពជាក់ស្ដែង ។ អ៊ីចឹងហើយ សរុបមកវិញ គឺថា កម្ពុជា ត្រូវតែធ្វើឲ្យខ្លាំង ខ្លាំងក្នុងភាពឆ្លាតវៃ ឆន្ទៈ ស្មារតីជាតនិយមរបស់អ្នកដឹកនាំ ហើយប្រមែប្រមូល ខ្ញុំថាប្រើពាក្យ “កំណែទម្រង់ និងអភិបាលកិច្ចល្អ” វាជារឿងដែលគេធ្លាប់ប្រើ ធ្លាប់កែមក វា៧អាណត្តិហើយ តាំងជំនាន់ចាស់ មកជំនាន់ថ្មី ពីលោកឪពុក មកដល់កូន ឃើញថា ៣៣ឆ្នាំ ។ អ៊ីចឹងហើយ កំណែទម្រង់ធនធានមនុស្សនេះ សំខាន់ណាស់ ហើយកុំរើសអើងនិន្នាការគណបក្សនយោបាយ ហើយកុំគាបសង្កត់ ដាក់សម្ពាធឥទ្ធិពលដល់បញ្ញវន្ត បណ្ឌិត ហើយកុំបង្កើតនូវការបំភិតបំភ័យ ហើយកុំបង្កើតនូវការធ្វើនយោបាយប្រជាភិថុតិ ដែលធ្វើឲ្យខ្មែរ បែកបាក់គ្នា ធ្វើឲ្យភាគីម្ខាងៗមានវិប្បដិសារ: មានការឈឺចាប់ ។ អាហ្នឹងហើយដែលជាកត្តាយើងខ្សោយ យើងអត់អាចខ្លាំងទៅបាន ។ អ៊ីចឹងនេះវាជាការដែលយើងចង់ឃើញនូវអ្វីជាភាពខ្លាំងពិត ភាពខ្លាំងនៃយុទ្ធសាស្រ្ត ភាពខ្លាំងនៃបញ្ជាសេនារីយោមួយ ចេញពីវិទ្យាស្ថានយុទ្ធសាស្រ្ត និងចក្ខុវិស័យ ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជារាស្រ្ត ដោយមិនគ្រាន់តែជាការនិយាយប្រជាភិថុតិ ចេញពីមាត់ ឲ្យតែល្អ ប៉ុន្តែជារូបភាពនៅពីក្រោយ ជាអាថ៌កំបាំង ជាការបិទបាំង វាមិនមែនជាការបើកចំហ តម្លាភាព សុចរិត គណនេយ្យភាព ។ អាហ្នឹងហើយជាការគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ទៅ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ចង់មិនចង់ ផែនការដែលយើងដឹងហើយថា ប្រទេសដែលគេចង់ឈ្លានពានយើង តែកាលណាបើយើងខ្សោយ គឺថាគេឆក់ឱកាស ហើយឆក់ឱកាស គឺថាបើគេយកដីបានហើយ ការដោះស្រាយនយោបាយការទូតអន្តរជាតិ ច្បាប់អន្តរជាតិ គឺថាត្រូវការប្រើពេលរាប់ឆ្នាំ ។ បើសិនជាយើងខ្លាំង យើងមានគ្រប់វិស័យ ទំនើបកម្មយោធា សេដ្ឋកិច្ចខ្លាំង យើងឯកភាពបណ្ដុំអ្នកប្រាជ្ញ អ្នកចេះ អ្នកដឹង បញ្ញវន្ត គឺថា មិនមានការបែកបាក់ផ្ទៃក្នុងជាតិ អាហ្នឹងហើយសំខាន់បំផុត ដែលមិនអាចបរទេសណាមើលងាយបាន ហើយយើងដឹងហើយថា ប្រទេសជិតខាង ទាំងខាងកើត ទាំងខាងលិច តើគេមានបំណងចិញ្ចឹមចិត្ត ផ្គើននិងគឃ្លើនបែបណា ដើម្បីចង់ហែកយកកម្ពុជា ចែកគ្នា តាំងពី៧-៨រយឆ្នាំមុន នៅពេលដែលអំណាចនៃមហាអាណាចក្រអង្គរ ស្រុតចុះ រលត់រលាយមក គឺថា ៧-៨រយឆ្នាំ តើសៀម តើយួន គេបានយកស្អីខ្លះ? ហើយមានបំណងហែកទន្លេមេគង្គ ចែកគ្នាបែបណាៗ សុទ្ធតែជាដានប្រវត្តិសាស្រ្តដែលទុកជាមេរៀន ដើម្បីឲ្យកូនខ្មែរជំនាន់ថ្មី ជំនាន់ក្រោយហ្នឹង មានភាពខ្លាំង រឹងមាំ បន្តទប់ទល់កុំឲ្យមានការរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី ហើយខ្មែរ លែងបែកបាក់គ្នា ទុករក្សាអ្វីដែលដូនតាបន្សល់ទុកនូវដែនដីសុវណ្ណភូមិ ដល់អ្នកជំនាន់ក្រោយបន្តបន្ទាប់គ្នាជារៀងរហូតជានិច្ចនិរន្តរ៍ទៅ“ ។

ស្រដៀងនឹងការលើកឡើងរបស់ប្រធានគណបក្សជំនាន់ថ្មី ដែលជាគណបក្សក្រៅរដ្ឋាភិបាល ខាងលើនេះ គណបក្សនយោបាយ ពីរទៀត ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាគណបក្សដែលស្ថិតនៅក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ កំពុងធ្វើការជាមួយរដ្ឋាភិបាល ក្នុងការផ្ដល់មតិយោបល់ លើកនូវបញ្ហាផ្សេងៗ ដែលជាបញ្ហារបស់ប្រទេសជាតិ និងកង្វល់របស់ពលរដ្ឋ គឺគណបក្សខ្មែរតែមួយ និងគណបក្សសន្តិភាពជាតិ បានលើកឡើងថា ការកែទម្រង់មូលធនមនុស្ស គឺជារឿងចាំបាច់ ដែលកម្ពុជា ត្រូវធ្វើ ក្នុងពេលដែលពិភពលោក កំពុងតែប្រែប្រួល រញ៉េរញ៉ៃ និងគ្រោះខ្លាំងនេះ និងពេលដែលកម្ពុជា ខ្លួនឯងក៏កំពុងទទួលរងការឈ្លានពាន បាត់បង់ទឹកដីនៅតាមព្រំដែន ទៅប្រទេសថៃ ដែលជាប្រទេសជិតខាង ចិញ្ចឹមចិត្តនិងធ្វើសកម្មភាពបង្កសង្រ្គាម លេបត្របាក់ទឹកដីកម្ពុជា អស់ជាច្រើនសតវត្សរ៍កន្លងមក ។

លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថា សណ្ដាប់ធ្នាប់ពិភពលោក ពិតជាគ្រាះថ្នាក់ខ្លាំង ដែលធ្វើឲ្យកម្ពុជា ត្រូវរឹងមាំខាងផ្ទៃក្នុង និងតម្រូវឲ្យមានការធ្វើកំណែទម្រង់មូលធនមនុស្ស ឱ្យបានលឿន ដើម្បីកម្ពុជា ខ្លាំង ហើយកុំឱ្យខ្លាំងតែមាត់ និងឈប់និយាយថា ៤០ឆ្នាំមកនេះ កម្ពុជា ងើបពីរបបខ្មែរក្រហម យើងបាតដៃទទេ មិនទាន់អាចខ្លាំង គឺពាក្យនេះ ហួសសម័យហើយ គឺកម្ពុជា ត្រូវទៅមុខ ត្រូវធ្វើកំណែទម្រង់មូលធនមនុស្ស ដាក់មនុស្សឲ្យត្រឹមត្រូវ  និងត្រូវធ្វើកំណែទម្រង់វិស័យការពារជាតិ ធ្វើម៉េចការពារជាតិរបស់យើង ត្រូវបានយកចិត្តទុកដាក់ និងមានការកែទម្រង់ត្រឹមត្រូវ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “យើងក្រឡេកមើលសណ្ដាប់ធ្នាប់ពិភពលោក កំពុងតែមានបញ្ហាច្របូកច្របល់ ដោយសារតែអ្នកណាខ្លាំង អ្នកនោះឈ្នះ ។ ត្រឡប់មកវិញ គឺកម្ពុជា យើងអាចរៀនសូត្របាន ។ រៀនសូត្រទី១ នៅពេលដែលពិភពលោកកំពុងតែមានសង្រ្គាមជាមួយអ៊ីរ៉ង់ ជាមួយប្រទេសអាមេរិក គិតទៅ អត់មានពិភពលោកណាដែលអាចជួយបានទេ មានន័យថា អ៊ីរ៉ង់ គឺបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីតតាំងជាមួយសត្រូវជុំវិញខ្លួន ។ មានន័យថា សត្រូវរបស់ខ្លួន គឺសម្ព័ន្ធមិត្តរបស់អាមេរិក ដែលនៅជុំវិញប្រទេសអ៊ីរ៉ង់ ហ្នឹង គឺច្រើនហើយ ៨-៩ប្រទេស ក៏ប៉ុន្តែអ៊ីរ៉ង់ អាចទប់ទល់បាន ។ នៅត្រង់ចំណុចនេះហើយ កម្ពុជា អាចរៀនសូត្រ ទី១ នៅពេលដែលយើងមានសង្រ្គាមជាមួយនឹងសៀម លើកទី១ និងលើកទី២ ក្នុងឆ្នាំ២០២៥ យើងមើលឃើញថា សង្រ្គាមនេះ អត់មានប្រទេសណាដែលគេជួយយើងបានទេ ។ អ៊ីចឹងហើយ ថៃ គេមានប្រៀបមកលើយើង សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជាមួយនឹងប្រទេសសៀម គឺបានអនុញ្ញាតឲ្យសៀម យកអាវុធទំនើបៗពីប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីបាញ់ប្រហារមកលើប្រទេសកម្ពុជា ។ ទីបំផុតទៅ យើងអត់មានមិត្តណាមកជួយយើង ហើយប្រជាពលរដ្ឋខ្មែរ រួមទាំងរាជរដ្ឋាភិបាល ខ្លួនឯង ក៏អាចយល់ច្រឡំថា យើងមានមិត្តចិន ជួយយើង ។ នៅពេលដែលយើងមានអាសន្ន ដោយថៃ ឈ្លានពានមកនេះ យើងឃើញថា អត់មានមិត្តចិន មកជួយយើងបានទេ តាមពិតទៅ មិត្តចិនយើង គ្រាន់តែជាមិត្តនៅលើក្រដាស សម្រាប់ខ្ញុំយល់ឃើញថា មិត្តចិន គឺជាមិត្តនៅលើក្រដាស ។ នៅពេលដែលយើងខ្សោយ មិត្តចិន ជាមិត្តក្រដាស នៅពេលយើងត្រូវការលើវិនិយោគតែប៉ុណ្ណឹង ។ អ៊ីចឹងយើងសរុបជារួមមកវិញ យើងឃើញថា មិត្តនៅលើពិភពលោកនេះ គ្មានមិត្តណាស្រលាញ់យើងស្មោះត្រង់ទេ បើសិនជាយើងខ្សោយ ។ អ៊ីចឹងនៅក្នុងករណីនេះ គឺកម្ពុជា ត្រូវតែរៀនសូត្រពីសង្រ្គាមលើកទី១ លើកទី២ ជាមុន ហើយយើងកែទម្រង់កម្ពុជា ឲ្យទាន់បំផុត ។ ជាទស្សនៈរបស់ខ្ញុំ គឺកម្ពុជា បច្ចុប្បន្នយើងកុំនិយាយអំពីប្រទេសតូច យើងកុំនិយាយអំពីប្រជាជនយើងតិច ។ បើយើងប្រៀបធៀបនៅក្នុងអាស៊ាន គឺសាំងហ្គាពួរ ជាប្រទេសតូច ប៉ុន្តែគ្មានប្រទេសណាផ្សេងដែលហ៊ានទៅគំរាមកំហែងប្រទេសសាំងហ្គាពួរទេ សូម្បីតែម៉ាឡេ ធ្លាប់ជាសត្រូវ ក៏មិនហ៊ាន ។ ដោយសារអី? ប្រជាជនសាំងហ្គាពួរ មានការយល់ដឹងខ្ពស់ សេដ្ឋកិច្ចខ្លាំង ។ អ៊ីចឹងខ្លាំងនៅសម័យនេះ គេមិននិយាយទៅលើអាវុធប៉ុន្មានទេ គឺខ្លាំងទៅលើចំណេះដឹង ហើយនិងបញ្ញា ។ អ៊ីចឹងកម្ពុជា យើងអាចរៀនសូត្រនៅលើពិភពលោកមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ។ អ៊ីចឹងប្រទេសកម្ពុជា យើងនិយាយរឿងខ្លាំង ហើយនិងខ្សោយ កុំនិយាយថា ៤០ឆ្នាំមកនេះ យើងងើបពីរបបខ្មែរក្រហម យើងបាតដៃទទេ អាហ្នឹងវាហួសសម័យហើយ យើងមិនគួរនិយាយប្រទេសកម្ពុជា ៤០ឆ្នាំនេះទេ កម្ពុជា ត្រូវទៅមុខ គឺកំណែទម្រង់មូលធនមនុស្ស ។ ទី១ គឺដាក់មនុស្សឲ្យត្រឹមត្រូវ ។ នៅក្នុងការដឹកនាំប្រទេសកម្ពុជា ដោយសម្ដេចបវរធិបតី សម្បូរមូលធនមនុស្សណាស់ ក៏ប៉ុន្តែនៅប្រើប្រាស់មូលធនមនុស្ស អត់ត្រឹមត្រូវ ។ ទី២ កំណែទម្រង់វិស័យការពារជាតិ ធ្វើម៉េចការពារជាតិរបស់យើង កំណែទម្រង់ឲ្យត្រឹមត្រូវ ។ លើកមុន គេច្រើននិយាយថា ទាហានខ្មោច ។ យើងមិននិយាយពីទាហានខ្មោចទៀតទេ កំណែទម្រង់មូលធនមនុស្សឲ្យត្រូវ គឺនិយាយអំពីធនធានយោធារបស់យើងដែលមានគ្រប់គ្រាន់ហើយនៅ? យើងត្រូវត្រួតពិនិត្យ ត្រូវធ្វើកំណែទម្រង់នៅតាមបណ្ដោយព្រំដែន ថាបញ្ជីឈ្មោះ ហើយនិងមនុស្សនោះ បានគ្រប់គ្នាត្រឹមត្រូវហើយឬនៅ? ដើម្បីយើងអាចមានសមត្ថភាពតតាំងជាមួយសៀម អាចថាជុំទី៣ ក៏បាន“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងកំណែទម្រង់វិស័យយោធានេះ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំយល់ឃើញ និងលើកទឹកចិត្ត ហើយគាំទ្ររាជរដ្ឋាភិបាល ឲ្យធ្វើកំណែទម្រង់វិស័យយោធា គឺជាវិស័យអាទិភាពសម្រាប់ប្រទេសយើងបច្ចុប្បន្ន ។ បើមិនអ៊ីចឹងទេ យើងអត់ទៅដោះស្រាយបញ្ហាព្រំដែនដែលសៀម កំពុងកាន់កាប់ទឹកដីរបស់យើងមួយចំនួន ក្នុង៤ខេត្តបានទេ ហើយយើងធ្វើពីររូបភាព គឺវិស័យការទូត ក៏យើងធ្វើ ក៏ប៉ុន្តែយើងត្រៀម ។ នៅពេលនេះ ថៃ គេពន្យារពេលក្នុងការមិនធ្វើសង្រ្គាម ប៉ុន្តែគេធ្វើសង្រ្គាមចិត្តសាស្រ្ត ។ អ៊ីចឹងហើយត្រឡប់មកវិញ ខ្ញុំថា កម្ពុជា ត្រូវការកំណែទម្រង់មូលធនមនុស្សឲ្យចាំបាច់ ។ បើសិនជាគ្មានកំណែទម្រង់មូលធនមនុស្ស ដែលអាទិភាពសម្រាប់វិស័យកងទ័ពនេះទេ គឺប្រទេសកម្ពុជា របស់យើង នឹងជួបហានិភ័យធ្ងន់ណាស់ ។ បន្ទាប់មក គឺកំណែទម្រង់មូលធនមនុស្សថ្នាក់ឃុំ-សង្កាត់តែម្ដង ។ មានន័យថា សេវារដ្ឋបាលថ្នាក់ក្រោមជាតិ របស់យើង ក៏ជាបញ្ហាមួយត្រូវការកំណែទម្រង់ ដើម្បីឲ្យវិស័យកងទ័ពរបស់យើង ត្រូវយកចិត្តទុកដាក់។ ឧទាហរណ៍ថា តាមបណ្ដោយព្រំដែនរបស់យើង តើឃុំ-សង្កាត់ណាដែលបានយកចិត្តទុកដាក់? តើឃុំ-សង្កាត់ណាដែលមានសមត្ថភាពក្នុងការឲ្យតម្លៃទៅលើប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ហើយជាពិសេសគឺបងប្អូនកងទ័ព ប៉ូលិសដែលនៅតាមមូលដ្ឋាន? ដែលនេះជាចំណុចលើកទឹកចិត្តមូលដ្ឋានហ្នឹងមែនទែន គឺឃុំ-សង្កាត់ស្ថិតនៅតាមបណ្ដោយព្រំដែនហ្នឹង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋរស់នៅឲ្យកាន់តែខ្លាំង ហើយនិងការអភិវឌ្ឍន៍ទៅទីនោះ គឺជាការចាំបាច់ ដើម្បីធានាការពារ ហើយនិងសុវត្ថិភាពព្រំដែនរបស់យើង ហើយត្រូវការចាំបាច់ណាស់ ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន គឺរបងការពារសុវត្ថិភាព ជាជាងអាវុធដ៏ទំនើបហ្នឹងទៀត ។ នៅពេលដែលប្រជាពលរដ្ឋមានការយល់ដឹងអំពីបញ្ហាប្រទេសជាតិ អំពីការពារព្រំដែនរបស់ប្រទេសជាតិ ហ្នឹងហើយគឺជាមូលធនដ៏ល្អសម្រាប់ការពារ ហើយជាពិសេសរដ្ឋ ត្រូវធ្វើកំណែទម្រង់ មិនអនុញ្ញាតឲ្យប៉ូលិស ទាហានដែលមានអំណាចនៅតាមបណ្ដោយព្រំដែនហ្នឹង លក់ដីនៅតាមបណ្ដោយព្រំដែន តាមអំពើចិត្ត ឲ្យឈ្មួញ ឬឧកញ៉ានោះទេ ដែលមិនគិតគូរទៅលើគ្រួសារទាហាន ឬក៏ពលរដ្ឋរស់នៅទីនោះ គឺជាការគ្រោះថ្នាក់បំផុត នៅតាមបណ្ដោយព្រំដែនយើង ទាំងខាងលិច ខាងកើតទាំងអស់ ដែលជាបញ្ហាសម្រាប់ប្រទេសកម្ពុជា ។ អ៊ីចឹងហើយ ជាចុងក្រោយ យើងឃើញថា កំណែទម្រង់មូលធនមនុស្ស គឺជាការចាំបាច់ ជាពិសេសគឺលើវិស័យកងទ័ព ហើយនិងវិស័យសាធារណៈ ដែលជាអាទិភាព បន្ទាប់មកវិស័យអប់រំ ដែលយើងត្រូវធ្វើកំណែទម្រង់ ។ បើមិនដាក់មនុស្សត្រូវទេ គឺប្រទេសកម្ពុជា  នៅតែមានបញ្ហារហូត ហើយក្លាយទៅជាប្រទេសមួយដែលខ្សោយទាំងបញ្ញា ខ្សោយទាំងថវិកាជាតិ ដោយសារកំណែទម្រង់មនុស្សមិនត្រូវ“ ។

ជាមួយគ្នានោះដែរ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ជាការពិតណាស់ ស្ថានភាពពិភពលោក ពីមួយពេល ទៅមួយពេល ប្រែប្រួលរហូត។ ដូច្នេះកម្ពុជា ត្រូវកែទម្រង់មូលធនមនុស្ស ឲ្យបានលឿននេះ វាជារឿងសំខាន់ណាស់ទៅហើយ ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ការពង្រឹងមូលធនមនុស្សនេះ ត្រូវផ្ដោតលើឆន្ទៈ និងលទ្ធភាព ។ ពោលគឺការពង្រឹងមូលធនមនុស្សនេះ ត្រូវដើរទន្ទឹមគ្នា ទាំងការពង្រឹងធនធានមនុស្ស និងការពង្រឹងឯករាជ្យផ្នែកសេដ្ឋកិច្ច ធានាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ពិតណាស់ ស្ថានភាពពិភពលោក ពីមួយពេល ទៅមួយពេលប្រែប្រួលរហូត។ ដូច្នេះអ្វីដែលកម្ពុជា ត្រូវធ្វើ គឺការទម្រង់មូលធនមនុស្សឲ្យបានលឿននេះ វាជារឿងសំខាន់ណាស់ទៅហើយ ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ការពង្រឹងមូលធនមនុស្សនេះ ទី១ គឺឆន្ទៈ ហើយទី២ គឺលទ្ធភាពរបស់យើង  ។ យើងធ្វើដោយគ្មានឆន្ទៈ យើងធ្វើដោយគ្មានលទ្ធភាព គ្មានការចូលរួមពីមហាជន ប្រជាជន ក៏ការងារហ្នឹងមិនបានជោគជ័យដែរ ។ ដូច្នេះការកែទម្រង់មូលធនមនុស្ស តែមួយមុខ ក៏យើងមិនអាចឆ្ពោះទៅបានដែរ ត្រូវការធនធានជាមធ្យោបាយ ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ គឺត្រូវតែដើរទន្ទឹមគ្នា ដូចយើងមានតែយុទ្ធសាស្រ្តច្បាំង តែយើងគ្មានកាំភ្លើងច្បាំង យើងគ្មានគ្រាប់បាញ់ អាហ្នឹងយើងទៅធ្វើអីឈ្នះគេ? អាហ្នឹងវាអ៊ីចឹង ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនេះ គឺថាការពង្រឹងមូលធនមនុស្សនេះ យើងត្រូវដើរទន្ទឹមគ្នា ទាំងការពង្រឹងធនធានមនុស្ស ហើយនិងការពង្រឹងឯករាជ្យផ្នែកសេដ្ឋកិច្ចរបស់យើង ធ្វើយ៉ាងណាឲ្យដំណើរការជាតិរបស់យើង ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ នោះសង្គមរបស់យើង នឹងរឹតកាន់តែខ្លាំងទៅតាមពេលវេលាណាមួយដែលសមរម្យ យើងមិនអាចធ្វើអ្វីភ្លាមបានភ្លាមទេ“ ។

គួរបញ្ជាក់ថា ក្រៅពីអ្នកនយោបាយ បានសម្ដែងក្ដីបារម្ភពាក់ព័ន្ធនឹងសណ្ដាប់ពិភពលោកប្រែប្រួល ហើយជំរុញកម្ពុជា ពង្រឹងខ្លួនឲ្យខ្លាំងនោះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីសំណាក់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានទំនាក់ទំនងភាសាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍន៍ និងសម្របសម្រួលដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ និស្សិត មន្ត្រីរាជការ និងអ្នកសិក្សាស្រាវជ្រាវ សរុបចំនួន ១៧១ អង្គ/នាក់។ ប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសកល ត្រូវបានលើកយកមកពិភាក្សានៅក្នុងវេទិកានេះ រួមមានបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ជម្លោះរវាងរុស្សី និងអ៊ុយក្រែន វិបត្តិប្រេងសកល និងជម្លោះព្រំដែនកម្ពុជា និងថៃ ជាដើម ។

ថ្លែងនៅក្នុងវេទិកាពិភាក្សានោះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាសង្គ្រាមលោកលើកទី១ និងលើកទី២ និងសង្គ្រាមត្រជាក់ ព្រមទាំងការប្រកួតប្រជែង របស់ប្រទេសមហាអំណាច នាពេលបច្ចុប្បន្ន ដែលកើតចេញមកពីការរត់ប្រណាំងខាងមនោគមន៍វិទ្យា សេដ្ឋកិច្ច និងស្ថានភាពនយោបាយ ព្រោះបើកាលណាសេដ្ឋកិច្ចធ្លាក់ចុះហើយ នឹងធ្វើឲ្យមានការច្រណែនឈ្នានីសគ្នា។ លោកបណ្ឌិត បានលើកឡើងថា ស្ថានការណ៍នយោបាយនិងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ហាក់បានវិវត្តទៅរកស្ថានភាពស្រដៀងគ្នានឹងអ្វីដែលធ្លាប់កើតមានឡើងនៅក្នុងសម័យសង្គ្រាមលោក ទាំងពីរលើក ដែលមហាអំណាច បានធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសមួយដែលពុំទទួលយកសំណើរបស់ខ្លួន។ នៅពេលដែលមហាអំណាច ភ្លេចនូវបទពិសោធន៍ដែលបានកើតឡើងនៅក្នុងអតីតកាល នោះស្ថានភាពដដែលនឹងអាចកើតឡើងជាថ្មីម្ដងទៀត ហើយផលប៉ះពាល់អាចនឹងមានជាបន្តបន្ទាប់ឥតឈប់ឈរ។ នៅពេលដែលមានភាពតានតឹងនៅតំបន់ណាមួយ មហាអំណាចអាចនឹងឆ្លៀតឱកាសកសាងឬពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់មួយទៀត ដែលជាការថ្លឹងថ្លែងយុទ្ធសាស្ត្ររបស់មហាអំណាច ។

ទាក់ទងនឹងការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ខាងលើនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ស្របពេលអំណាចយោធា និងសេដ្ឋកិច្ច កំពុងដើរតួយ៉ាងសំខាន់ក្នុងបរិបទពិភពលោកថ្មី ដែលច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ លែងមានឥទ្ធិពលលើការស្វែងរកសន្តិភាពតទៅទៀត ។ លោកបន្តថា កម្ពុជា ក្នុងនាមជាប្រទេសតូចមួយ ក្នុងបរិបទដែលពិភពលោកអស្ថិរភាពសកល ត្រូវតែពង្រឹងសមត្ថភាពយោធា និងកំណើនសេដ្ឋកិច្ច ដើម្បីការពារអធិបតេយ្យ ជាពិសេស ក្រោយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជា នៅមិនទាន់មានសព្វាវុធទំនើប ដើម្បីប្រកួតប្រជែងនៅឡើយ។ ចំណែកផ្នែកសេដ្ឋកិច្ច លោកថា កម្ពុជា ត្រូវពង្រឹងលើគ្រប់វិស័យ ដូចជា វិស័យទេសចរណ៏ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ។ លោកបន្ថែមថា ការពឹងផ្អែកលើខ្លួនឯង លើកកម្ពស់អំណាចចរចា ស្ថិរភាព និងវិបុលភាពនៅក្នុងពិភពលោកពហុប៉ូល ដែលអំណាចមានឥទ្ធិពលលើច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិ ។

ក្នុងន័យនេះ លោកបណ្ឌិត គិន ភា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនសំខាន់ៗចំនួន ១២ចំណុច ដើម្បីធ្វើឱ្យកម្ពុជា កាន់តែខ្លាំង និងរឹងមាំ រួមមាន ៖ ១. ត្រូវទទួលស្គាល់ការពិតថា យើងខ្សោយ ឬក៏ក្រីក្រ ឬអត់ ហើយមិនគួរអួតអាងថាខ្លាំង ឬមានសម្បត្តិ ខណៈដែលការពិតមិនមែនដូច្នោះឡើយ។ ២. ត្រូវទទួលយកការព្យាបាលនិងដោះស្រាយបញ្ហាដែលមានស្រាប់។ ៣. ត្រូវអនុវត្តការកែទម្រង់ឱ្យបានជាក់ស្តែង និងមានប្រសិទ្ធភាព។ ៤. ត្រូវកម្ចាត់អំពើពុករលួយ និងបក្ខពួកនិយម។ ៥. ត្រូវធ្វើទំនើបកម្មវិស័យការពារជាតិ។ ៦. ត្រូវពង្រឹងមូលធនមនុស្ស។ ៧. ត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ។ ៨. ត្រូវធ្វើពិពិធកម្មការទូត និងរៀបចំគោលនយោបាយការបរទេស ឱ្យមានភាពឆ្លាតវៃ។ ៩. ត្រូវពង្រឹងការទូតព័ត៌មាន និងប្រព័ន្ធព័ត៌មានក្នុងស្រុក។ ១០. ត្រូវអភិវឌ្ឍតំបន់ព្រំដែន ឱ្យមានប្រជាជនរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ច។ ១១. ត្រូវបណ្តុះស្មារតីសាមគ្គីនិងឯកភាពជាតិ និង ១២. ត្រូវរំលឹកនិងរៀនពីមេរៀនប្រវត្តិសាស្ត្រ ។

ចំណែកលោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់នៅក្នុងកិច្ចពិភាក្សានោះថា បើកម្ពុជា មិនរឹងមាំដោយខ្លួនឯងទេ ពួកមហាអំណាចក៏មិនយកកម្ពុជា ធ្វើជាដៃគូក្នុងការសហការដែរ ប៉ុន្តែបើពួកគេសហការ ក៏គ្រាន់តែទុកធ្វើជាឈ្នាន់ប៉ុណ្ណោះ។ ដូច្នេះកម្ពុជា កុំនិយាយរឿងប្រទេសខ្លួនឯងតូច ព្រោះបើនិយាយរឿងប្រទេសតូច យើងមិនអាចទៅពង្រីកឯណាបានទៀតទេ គឺត្រូវនិយាយអំពីថា តើយើងខ្សោយឬខ្លាំង? បើយើងខ្សោយ យើងត្រូវប្រឹងពង្រឹងខ្លួនឯង តែបើយើងខ្លាំង កុំខ្លាំងតែមាត់ ត្រូវតែធ្វើឲ្យបាន និងប្រាកដប្រជា នូវអ្វីដែលយើងបាននិយាយ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “នៅពេលដែលយើងលើកពីរឿងសណ្ដាប់ធ្នាប់ពិភពលោក ក្នុងបរិបទថ្មី ខ្ញុំនៅចាំ នៅបន្ទប់សាលធំ កាលណោះ ឯកឧត្ដម ហ្រ្វង់ ស័រតាន់ គាត់បានលើកឡើងថា ៥ឆ្នាំទៀត កម្ពុជា នឹងត្រូវគេលើកយកមកដាក់នៅលើជ្រញ់ប្រជាធិបតេយ្យ ប៉ុន្តែមកដល់ពេលនេះ មិនមាននិយាយអំពីរឿងប្រជាធិបតេយ្យទេ មិនមាននិយាយអំពីអ្វីដែលជាសិទ្ធិមនុស្សទេ គឺយើងនិយាយអំពីរឿងថា អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ ។ នេះជាការវិវត្ត ។ ទី២ទៀត បើយើងមើលក្នុងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន មានពាក្យមួយគេនិយាយថា “ឆ្មាស ឬឆ្មាខ្មៅ មិនសំខាន់ទេ ឲ្យតែចាប់កណ្ដុរបាន” ។ ប៉ុន្តែសំខាន់ត្រង់ថា តើយើងត្រូវធ្វើខ្លួនជាឆ្មាស ឬក៏ឆ្មាខ្មៅ? ឬក៏នៅតែជាឆ្មាប្រផេះ? ដែលពិបាកក្នុងការដែលគេយកទៅប្រើសម្រាប់ឲ្យចាប់កណ្ដុរ? យើងមានសំណាងនៅត្រង់ថា នៅពេលដែលប្រទេសយើងដាក់ចូលទៅក្នុងភូមិសាស្រ្តនយោបាយ ប៉ុន្តែជួនកាលសំណាងហ្នឹង បើយើងមិនយល់វា វាអាចទៅជាវាសនាមិនល្អសម្រាប់យើង ។ សំណាងយើងយ៉ាងម៉េច? នៅពេលដែលគេចាត់ទុកថាយើងជាប្រទេសសំខាន់ដែលនៅក្នុងខ្សែភ្នែកភូមិសាស្រ្តនយោបាយ យើងត្រូវតែរឹងមាំ ។ បើយើងមិនរឹងមាំទេ មហាអំណាច គេនឹងមិនយកយើងជាដៃគូទេ បើគេយក យកធ្វើជាឈ្នាន់ ហើយឈ្នាន់នេះ នៅពេលគេជាន់បាន គេជាន់ នៅពេលគេជាន់លែងបាន គេបោះចោល ឬក៏គេមិនខ្វល់…។ យើងដឹងហើយថា នៅក្នុងកាលៈទេសៈបែបនេះ បរិបទពិភពលោកដែលកំពុងដើរទៅរកកន្លែងក្ដៅនេះ គេនឹងរកមើលអ្នកណាធំ គឺគេរាប់អានអ្នកហ្នឹង អ្នកខ្លាំង គេរាប់អានអ្នកហ្នឹង ។ អ៊ីចឹបានខ្ញុំពេញចិត្តនូវស្អីដែលជាប្រសាសន៍របស់ឯកឧត្ដម យង់ ពៅ ដែលបានលើកឡើងថា កុំនិយាយរឿងប្រទេសយើងតូច ។ បើនិយាយរឿងប្រទេសយើងតូច យើងមិនអាចទៅពង្រីកឯណាបានទៀតទេ យើងត្រូវនិយាយអំពីថា តើយើងខ្សោយឬខ្លាំង? បើយើងខ្សោយ អាហ្នឹងយើងប្រឹងពង្រឹងខ្លួនឯង តែបើយើងខ្លាំង កុំខ្លាំងតែមាត់ អ្វីដែលយើងថា យើងត្រូវតែធ្វើ អ្វីដែលយើងនិយាយ គឺយើងត្រូវតែប្រាកដជាមានអាហ្នឹង…” ៕ កុលបុត្រ

RELATED ARTICLES