ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យក្នុងបុរីពិភពថ្មី ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន១៥នាក់ និងដកហូតកុំព្យូទ័រ និងទូរស័ព្ទដៃ មួយចំនួន ដែលជនសង្ស័យប្រើប្រាស់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ នគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថ កិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការសន្និដ្ឋានបឋម ដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) ដោយក្រុមនេះ កាត់តរូប ភាពតាមកម្មវិធី Canva ក្លែងឡូហ្គោធនាគារពិភពលោក ដើម្បីបោកអ្នកដទៃ ឱ្យដាក់ប្រាក់កម្ចី មានគោល ដៅទៅប្រទេសបង់ក្លាដែស និងប្រទេសផ្សេងៗជាច្រើនទៀត។
ជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធ ជាបន្តទៀត ។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកយុទ្ធនាការទ្រង់ទ្រាយធំ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមទីតាំងធំៗ រួមមាន កាស៊ីណូ ខុនដូ សណ្ឋាគារ កន្លងមកនេះ ឥឡូវក្រុមឧក្រិដ្ឋជន បានប្តូរទិសដៅធ្វើសកម្មភាពបែងចែកជាក្រុមតូចៗ ធ្វើសកម្មភាពនៅតាមផ្ទះសំណាក់ ឬផ្ទះល្វែងវិញម្តង ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេច បានបញ្ជាក់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លង ដែនឡើយ ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រ ឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕