Tuesday, March 17, 2026
Homeសង្គម និងជីវិតបាត់បងប្រុស ១០ឆ្នាំ រកឃើញនៅជ្រោះបាត់ស្នេហ៍

បាត់បងប្រុស ១០ឆ្នាំ រកឃើញនៅជ្រោះបាត់ស្នេហ៍

ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗ បានដើរចេញបាត់ពីផ្ទះ រស់នៅតែលតោល អនាថា គ្មានគោលដៅ ដើររើសសំរាម និងអេតចាយ តាមផ្លូវ អស់រយៈពេលជិត ១០ឆ្នាំ ធ្វើឱ្យសតិស្មារតីលែងប្រក្រតី ទីបំផុតត្រូវបានប្អូនស្រីតាមរកឃើញ ទួញយំឱបបងប្រុស រួចនាំយកបងប្រុស ត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវទៅជ្រោះបាត់ស្នេហ៍ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បុរសដែលដើរចេញពីផ្ទះ បាត់អស់រយៈពេល ១០ឆ្នាំ មានឈ្មោះ ធី មានលំនៅម្តុំទួលគោក រាជធានីភ្នំពេញ។

តាមប្រភពស្ត្រីឈ្មោះ ខួច ត្រូវជាប្អូនស្រីបង្កើតរបស់បុរសខាងលើ បានរៀបរាប់ប្រាប់ថា បងប្រុសរបស់គាត់ ឈ្មោះធី បានដើរចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ អស់រយៈពេលជិត១០ឆ្នាំ មកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកគ្រប់ច្រកល្ហកយ៉ាងណា ក៏មិនឃើញ និងគ្មានតម្រុយបន្តិចណាសោះ។ រហូតដល់ក្រោយមក គាត់ទទួលបានដំណឹងថា បងប្រុសរបស់គាត់ម្នាក់នេះ បានស្លាប់បាត់ទៅហើយទៀតផង។

ស្ត្រីឈ្មោះ ខួច បានបន្តថា លុះមកដល់វេលាម៉ោង ១០យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្រាប់តែមានអ្នកជិត ខាង បានមកប្រាប់គាត់ថា បានជួបបុរសម្នាក់ មានភិនភាគប្រហាក់ប្រហែលនឹងបងប្រុសរបស់គាត់ នៅម្តុំជ្រោះចាំស្នេហ៍ ទើបគាត់ប្រញាប់មកតាមរកភ្លាមៗ។ លុះមកដល់ ទើបដឹងថា ពិតជាបងប្រុសគាត់ ឈ្មោះធី ដែលបានដើរបាត់ពីផ្ទះ អស់រយៈពេលជិត ១០ឆ្នាំនោះមែន ធ្វើឱ្យគាត់រន្ធត់ចិត្តផង ត្រេកអរផង បានទួញយំឱបបងប្រុស។

ដោយឡែក បុរសជាបងប្រុស មិនមាត់មិនកអ្វីសូម្បី១មាត់ និងមានទឹកមុខហាក់ភាំងៗ ដែលមើលទៅដូចជាមនុស្សបាត់បង់ស្មារតី បាត់ការចងចាំ និងលែងចងចាំប្អូនស្រីរបស់ខ្លួនទៅហើយ។ ជាក់ស្តែង ប្អូនស្រី បានព្យាយាមសួរនាំបងប្រុសថា “ហើយហ៊ាឯង ស្គាល់ខ្ញុំអត់? ខ្ញុំស្រីខួច ណា? ផ្ទះយើងនៅទួលគោក នេះទេ ចុះមិនទៅផ្ទះ? ហើយដើរពីណាមក? ហើយទៅណាប៉ុន្មានឆ្នាំហើយ?…” ប៉ុន្តែបុរសខាងលើ មិននិយាយអ្វីតបប្អូនស្រី សូម្បី១ម៉ាត់។

យ៉ាងណា ស្ត្រីជាប្អូនស្រី បានព្យាយាមលួងលោមហៅបងប្រុស ឱ្យត្រឡប់ទៅផ្ទះវិញថា “ទៅផ្ទះ ឮទេ?  ទៅផ្ទះទៅ ងូតទឹក បើចង់ទៅណាទៀតទៅៗ ហើយដល់ម៉ោង ត្រឡល់ទៅផ្ទះយើងវិញ ឮទេ? ឥឡូវទៅផ្ទះ ទៅងូតទឹកណា ទៅស៊ីបាយស៊ីអីនៅផ្ទះ ឮទេ? ទៅងូតទឹក ងូតអីចេញ ដូរអាវដូរអី មក! ទៅផ្ទះប្អូននេះណា ប្អូនពៅណា មីខួច ណា! ម៉េចក៏មិនស្គាល់? ឥឡូវទៅផ្ទះ ងូតទឹកចេញ ស្អែកចង់ហូបអី ប្រាប់មក ខ្ញុំធ្វើឱ្យហូប កុំទៅ​ណាទៀត នេះប្អូនណា មានផ្ទះ ទៅនៅផ្ទះយើង យល់ទេ? អត់ទៅណាទៀតទេ…”។

ក្រោយកើតហេតុ បុរសខាងលើ ត្រូវបានប្អូនស្រី នាំឡើងជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES