Tuesday, March 17, 2026
Homeតារាខ្មែរនាយក្រិន បាន២០លាន ពីសម្តេចហ៊ុន សែន 

នាយក្រិន បាន២០លាន ពីសម្តេចហ៊ុន សែន 

ភ្នំពេញ ៖ តារាកំប្លែងតូចល្អិត លោកទេស សុជន ហៅនាយក្រិន ដែលមានជំងឺធ្ងន់ ត្រូវមេរោគ២៤ពាន់ វាយលុកចូលដល់ឈាម និងខួរក្បាល ធ្វើឱ្យវង្វេងវង្វាន់ លែងស្គាល់សូម្បីកូនខ្លួនឯង និងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺរលាកស្រោមខួរក្បាលនោះ ពេលនេះបានមានការចងចាំឡើងវិញខ្លះៗហើយ បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា ជួយឧបត្ថម្ភព្យាបាល ចំនួន២០លានរៀល។

តារាសម្តែង លោក សាវិន ហ្វីលីព នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះវីដេអូ នៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក បង្ហាញពីស្ថានភាពតារាកំប្លែង នាយក្រិន ដែលកំពុងទទួលការព្យា បាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលពេលនេះ សុខភាពនាយក្រិន កំពុងមានភាពប្រសើរឡើងវិញបន្តិចម្តងៗ ហើយ ដោយនាយក្រិន ចាប់ផ្តើមមានការចងចាំឡើងវិញខ្លះៗហើយ។

តាមរយៈវីដេអូនោះ លោកសាវិន ហ្វីលីព បានសន្ទនាជាមួយនាយក្រិន ដែលកំពុងអង្គុយលើគ្រែពេទ្យ ដោយមានទឹកមុខស្រស់ស្រាយជាងមុន និងបង្ហាញពីការចងចាំឡើងវិញ ដោយនាយក្រិន បានបញ្ជាក់ថា ស្គាល់លោកសាវិន ហ្វីលីព ដែលតែងតែជួយនាយរហូត។

ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ លោក សាវិន ហ្វីលីព បានបញ្ជាក់ថា “នាយក្រិន ទទួលបានថវិកាឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ចំនួន ២០លានរៀល។ ព្រឹកនេះ គាត់ប្រាប់ខ្ញុំថា គាត់មានអារម្មណ៍ថា នឹកឪពុកគាត់ខ្លាំង ដែលកំពុងឈឺធ្ងន់នៅឯស្រុក គាត់មិនទាន់ដឹងទេថា ពេលនេះឪពុកគាត់ បានចែកឋានបាត់ហើយ…”។

ចំណែកតារាកំប្លែងស្រី អ្នកនាងប្រិមប្រិយ ដែលជាអតីតមិត្តរួមក្រុមក្នុងក្រុមកំប្លែងនាយកុយ ដែលជាអ្នកជួយមើលថែនាយក្រិន នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានបង្ហោះវីដេអូ បង្ហាញពីស្ថានភាពនាយក្រិន ដោយភ្ជាប់ជាមួយនឹងសំណេរថា “ស្ថានភាពបងក្រិន នាយក្រិន បាត់ដំបង ព្រឹកនេះបានប្រសើរច្រើន គាត់ចងចាំបានគួរសមហើយបងប្អូន។ ប៉ុន្តែពួកខ្ញុំ នៅមិនទាន់ប្រាប់ពីការស្លាប់របស់ឪពុកគាត់ទេ…”។

តាមរយៈវីដេអូនោះ នាយក្រិន បានរៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួនថា “ថ្ងៃនេះ រាងគ្រាន់បើ គ្រាន់តែងាកឆ្វេងងាកស្តាំខ្លាំង អត់ទាន់បាន រាងវិលៗ ឥឡូវចាំបានខ្លះៗ តែពីមុនមក ចាំអត់បានទេ ដំបូងក្តៅខ្លួន ១ថ្ងៃ បន្ទប់មកទៅជាឈឺធ្មេញ ដល់ឈឺធ្មេញទៅជាដ ដល់ត្រចៀក មានអារម្មណ៍ដូចមានអីសើមៗ ដល់ទៅពេទ្យ ពេទ្យប្រាប់ថា មានឈាម ពងបែកនៅត្រចៀក។ បន្ទាប់មកទៀត ចាប់ផ្តើមឈឺក្បាលហ្មង ឈឺក្បាល ឈឺម្តងតិចៗ ឈឺបាត់ៗ ដល់យូរៗ ១ថ្ងៃទៀត ឈឺខ្លាំង ដល់ថ្ងៃចុងក្រោយ ទ្រាំអត់បានហ្មង បានដឹកទៅពេទ្យ ហើយពេលបងហ្វីលីពទៅហ្នឹង មើលគាត់ស្គាល់ តែនិយាយអត់បាន តែចាប់ពីដឹកតាមឡានពេទ្យ ចេញពីបាត់ដំបងមក កាល់ម៉ែត គឺលែងដឹង លែងចាំអីទាំងអស់តែម្តង វង្វេងបណ្តោយ តែខ្លួនឯងអត់ចាំផង ចាំថា មុនហ្នឹង ចេញពីឧដុង្គ នាំកូនយកមកវះគីស ហើយប៉ុន្មានថ្ងៃហ្នឹង អត់បានដេក ហត់ពេក ដល់ចឹងទៅ យកកូនមកដល់ផ្ទះ ចាប់ផ្តើមឈឺបណ្តាយ។ និយាយទៅ ពេលមកពេទ្យកាល់ម៉ែតនេះ គឺអត់ចាំអីបានទាំងអស់ ទើបតែព្រឹកនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦) ទើបចាំបានច្រើន…”។

គួររំលឹកថា តារាកំប្លែងមាឌតូចល្អិត លោក ទេស សុជន ហៅនាយក្រិន អតីតតារាកំប្លែងល្បីក្នុងក្រុមនាយកុយ បានកើតមានអាការជំងឺរលាកត្រចៀក ដោយមានមេរោគដល់ទៅ ២៤ពាន់ វាយលុកចូលដល់ឈាមនិងខួរ ក្បាល រហូតលោកវង្វេងលែងដឹងខ្លួន មិនស្គាល់សូម្បីតែកូនខ្លួនឯង និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់គ្លីនិកឯកជន ១កន្លែង ក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យព្យាបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ ដោយសារតែស្ថានភាពជំងឺរបស់នាយក្រិន កាន់តែធ្ងន់ធ្ងរ ទើបតារាសម្តែង លោក សាវិន ហ្វីលីព បានជួយជ្រោមជ្រែង ចាត់ចែងដឹកបញ្ជូននាយក្រិន តាមរថយន្តសង្គ្រោះបន្ទាន់ ចេញពីគ្លីនិក សុវណ្ណ ក្រុងបាត់ដំបង ឆ្ពោះមកមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់  និងត្រូវបានក្រុមគ្រូពេទ្យជំនាញ បានធ្វើរោគវិនិច្ឆ័យឃើញថា នាយក្រិន បានកើតមានជំងឺរលាកស្រោមខួរក្បាល៕ ដារិទ្ធ

RELATED ARTICLES