ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកត់សម្គាល់អំពីព័ត៌មាននិងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម របស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃ មួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការ ផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា មរតកវប្បធម៌ខ្មែរ ដ៏សម្បូរបែប ទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗ សុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភ័ស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។
ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់ តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរ តាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុក និងគោរពអនុវត្តគ្រប់ៗជំនាន់ រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់ នៃប្រពៃណី ទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជន ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីព័ត៌មាននិងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃ មួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែប ទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ ប្រពៃណី និងសិល្បៈប្បធម៌ផ្សេងៗ សុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភ័ស្តុតាងប្រវត្តិ សាស្ត្រ និងបុរាណវិទ្យា។ ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរ តាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរ បានរក្សាទុក និងគោរពអនុ វត្ត គ្រប់ៗជំនាន់ រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី ទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមរក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាពថ្លៃថ្នូរជាកិត្តិយសរបស់យើង និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយ ដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌។ ក្នុងនាមប្រជាជនរបស់ប្រទេសដែលមានអរិយធម៌យូរអង្វែង និងគោរពសេចក្តីថ្លៃថ្នូរផ្នែកវប្បធម៌ ប្រជាជនយើង ត្រូវបន្តឈរលើសេចក្តីពិតនៃប្រវត្តិសាស្ត្រជាមូលដ្ឋាន ផ្អែកលើភាពរឹងមាំនៃវប្បធម៌ដ៏សម្បូរបែប ដែលជាមរតកដូនតាខ្មែរ រាប់ពាន់ឆ្នាំមកហើយ និងទំនុកចិត្តរបស់ប្រជាជនយើង ទៅលើច្បាប់អន្តរជាតិ ជាគោល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមបញ្ជាក់ជូនជាថ្មីថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញ វប្បធម៌ គឺជាស្ពានពង្រឹងការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវផងដែរ ដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរ សាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្ប ធម៌គ្នា ទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍អាស៊ាន។

ព្រះរាជាណាចក្រកម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពដល់តម្លៃប្រទេសដទៃ និងគោរពចំពោះភាពចម្រុះវប្បធម៌រួមរបស់អាស៊ីអាគ្នេយ៍ និងពិភពលោក»៕