ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានរករឿងឈ្លោះប្រកែកជាមួយម្តាយបង្កើតខ្លួនឯង រួចវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតខ្ទេចអស់ មិនតែប៉ុណ្ណោះ ថែមទាំងគំរាមដុតផ្ទះ សម្លាប់ម្តាយចោលទៀតផង ជាហេតុធ្វើឱ្យបងស្រី ទ្រាំលែងបាន ប្តឹងកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ដូង ឧត្តម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះ ជឹម អូន អាយុ៦២ឆ្នាំ។ ម្តាយកូនទាំងពីរ មានលំនៅក្នុងភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មណ្ឌលប្រតិបត្តិការ Hotline 1292 បានទទួលការហៅទូរស័ព្ទពីស្ត្រីឈ្មោះដូង មិនា ភេទស្រី អាយុ៤១ឆ្នាំ រាយការណ៍អំពីករណីហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលកើតឡើងនៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មានខាងលើ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូល ដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះដូង ឧត្តម ព្រមទាំងដកហូតវត្ថុតាង រួមមាន កាំបិតផ្គាក់ ចំនួន ១ដើម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕