Saturday, March 14, 2026
Homeតារាខ្មែរឌុច លីដា លែងខ្វល់រឿងរៀបការ

ឌុច លីដា លែងខ្វល់រឿងរៀបការ

ភ្នំពេញ ៖ ក្នុងជំនួបផ្ទាល់ កាលពីថ្ងៃទី១២ ខែមីនា ឌុច លីដា មិនច្បាស់លាស់ពីថ្ងៃរៀបការទេ ហើយនាងថែមទាំងនិយាយថា បច្ចុប្បន្នគេលែងសូវគិតថា រៀបការជារឿងចំបាច់បំផុតនោះហើយ ។ នាងថា សព្វថ្ងៃ ផ្ដោតលើការរកស៊ី រកលុយ ច្រើនជាង ខណៈសព្វថ្ងៃ នាងមានមុខជំនួញ ៣ ក្នុងដៃ គឺហាងកាហ្វេ ហាងម៉ាឆាអូឈីគួរ៉ា (ភេសជ្ជៈ) និងហាងរក្សាសម្រស់ ។ ប៉ុន្ដែនាងមិនប្រាប់ថា ការដំណើរការអាជីវកម្មទាំង៣ ព្រមគ្នានោះ ចំណា យលុយអស់ប៉ុន្មានឡើយ ខណៈដែលហាងរក្សាសម្រស់ នាងថាគ្រាន់តែថែសម្រស់ធម្មតា ធ្វើឲ្យក្មេងជាងវ័យ អត់ទាន់ឈានទៅដល់ដំណាក់កាលវះកាត់កែសម្រស់ឡើយ ។

ការតាំងចិត្តរបស់ឌុច លីដា បែបនេះ គឺផ្ទុយស្រឡះកាលពីមុន ដែលនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅពេលដែលកូនប្រុសនាង មានអាយុ ៥ទៅ៦ឆ្នាំ នាងនឹងគិតគួររឿងរៀបការជាចំហ ដែលពេលនោះ គឺនាងឲ្យកូនធ្វើជាកូនអណ្ដើក ឲ្យនាងតែម្ដង ។

គួរបញ្ជាក់ថា ឌុច លីដា បានបង្ហាញសញ្ញាចង់រៀបការចំហ កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយនាងបញ្ចេញសញ្ញាស្រលាញ់ឈុតកូនក្រមុំ ឈុតអាពាហ៍ពិពាហ៍ខ្លាំង ធ្វើឲ្យ Fan ថានាងជិតដល់ថ្ងៃចូលរោងការទៀតផង ។ ប៉ុន្ដែពេលនេះ លីដា មិនជ្រួលជ្រើមការគ្រងឈុតកូនក្រមុំមែនទែនទេ ហើយនាងអះអាងថា នៅតែស្រលាញ់អាជីពសិល្បៈ និងបញ្ជាក់ជំហរថា ទោះជាសម្ដែងសិចស៊ី ស្លូត កាច ឬតួម្ដាយ និងយាយ ក៏នាងអាចមិនប្រកែកដែរ ព្រោះក្នុងនាមជាតារាសម្ដែងម្នាក់ នាងចង់ភ្លក្សឲ្យបានគ្រប់រសជាតិទាំងអស់ ។ ប៉ុន្ដែលីដា ថាមូលហេតុដែលនាងមិនសូវចេញមុខថតភាពយន្ដ ជិត៦ឆ្នាំមកនេះ គឺដោយសារតែនាងមិនអាចថតទៅខេត្តឆ្ងាយៗ ឬបើរឿងនោះចាយពេលច្រើនពេក នាងមិនទទួលទេ គឺថតបានតែរឿងខ្លីៗប៉ុណ្ណោះ ។ ប៉ុន្តែលីដា ថាស្វាមីមិនដែលហួងហែងនាងក្នុងការលេងសិល្បៈទេ ព្រោះមុនក្លាយជាប្ដីនាង ក៏ដឹងច្បាស់ថា នាងមានប្រភពពីណា ធ្វើការអ្វី ហេតុនេះមិនអាចហាមឃាត់ការងារដែលនាងស្រលាញ់និងតស៊ូជាយូរឆ្នាំមកហើយបានទេ  ។

ឌុច លីដា បានលេចមុខជាថ្មី ក្នុងរឿង «ទាយាទធ្មប់» ដែលនាងលេងជាតួធ្មប់ និងថាទោះជាតួនេះមិនស្អាតក្ដី ក៏នាងពេញចិត្តសម្ដែងទៅតាមអ្នកដឹកនាំរឿងចង់បាន ។ ប៉ុន្ដែនាងថានៅឆ្នាំ២០២៦ នេះ នាងមិនទាន់ត្រៀមថតរឿងថ្មីៗទៀតទេ ដោយសារតែមានផលិតករខ្លះច្រឡំថា នាងលែងថត តែតាមពិត នាងនៅតែថតដដែល តែអាស្រ័យទៅលើពេលវេលានិងទីតាំងប៉ុណ្ណោះ។

សូមរំលឹកថា ឌុច លីដា បានសាងស្នេហ៍ជាមួយបុរសជាមន្រ្ដីរាជការ វ័យចំណាស់ម្នាក់កាលពីឆ្នាំ២០១៧ ហើយសម្រាលកូនប្រុស ឈ្មោះឡេង កិត្យានី នៅដើមឆ្នាំ២០២០ និងបានរៀបការស្ងាត់ៗ ស្រដៀងសែនព្រេន នៅឆ្នាំ២០២០។ លីដា មិនខ្វល់ពីអ្នកលេងបណ្ដាញសង្គមរិះគន់ថានាងយកប្ដីចាស់ ឬប្ដីតានោះទេ ហើយប៉ុន្មានឆ្នាំចុង ក្រោយនេះ នាងថែមទាំងក្លាហាន ហ៊ានបណ្ដើរស្វាមីជាចំហទៀតផង ដើម្បីលុបចោលការសង្ស័យថា ស្វាមីនាងមិនមែនជាបុរសនៅលីវ ។

ទាក់ទងរឿងយកកូនទីពីរ ឌុច លីដា ប្រាប់ថា នាងមិនទាន់គិតគួរទេ ។ ប៉ុន្ដែតាមប្រភពថា ស្វាមីនាង ចង់បានកូនថែម ហេតុនេះហើយ បានជាមានការសង្ស័យថា ការលែងចង់រៀបការរបស់លីដា នៅពេលនេះ អាចមកពីនាងរារែកចិត្តរឿងយកកូនទីពីរ មិនដឹងថាត្រូវពពោះមុន ឬក្រោយរៀបការ ៕

RELATED ARTICLES