ខេត្តកណ្តាល ៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោក ណុប តារា អភិបាលរងខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្អាង សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត-ស្រុក បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) មួយកន្លែង ឃាត់ខ្លួនមេខ្លោងម្នាក់ និងម៉ូតូ ១៩គ្រឿង ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចចម្ការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លទ្ធផលនៃការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងម្នាក់ ឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្បាលកោះ (លិច) ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដែលដកហូតបាន រួមមាន ៖ ម៉ូតូ ចំនួន ១៩គ្រឿង (សេ១២៥ ចំនួន ១០គ្រឿង, ម៉ូតូហុងដា គុប ០៥គ្រឿង, ម៉ូតូហុងដា វ៉េវ ០៣គ្រឿង និងស៊ុយស៊ូគី និច ០១គ្រឿង) មាន់ជល់ ០៣ក្បាល (ងាប់), ជញ្ជីងថ្លឹងមាន់ ០១, កន្ត្រកដាក់មាន់ ០៩, ចាននិងតុបាញ់អាប៉ោង ០១ឈុត, កៅអីជ័រ ៧០ ស្បែកជើង ០៦គូ និងទូរសព្ទដៃចំនួន ០៣គ្រឿង។

តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានរៀបចំទីតាំងជល់មាន់ ចំនួន ២កន្លែង (នៅឃុំ តាលន់ និងឃុំត្រើយស្លា)។ អ្វីដែលគួរឱ្យកត់សម្គាល់ ជននេះបានទម្លាយថា ដើម្បីបិទបាំងសកម្មភាពល្មើសច្បាប់ ខ្លួនបានសូកប៉ាន់ ឱ្យលុយទៅក្រុមអ្នកសារព័ត៌មាន តាម Telegram ប្រហែល ១០អង្គភាព ដោយក្នុងមួយអង្គ ភាព ទទួលបានចន្លោះពី ២ម៉ឺន ទៅ ៨ម៉ឺនរៀល តាមតូច តាមធំ។

បន្ថែមពីនេះ ជនសង្ស័យ ក៏បានរកទីតាំងឱ្យក្រុមហ៊ុនល្បែងអនឡាញ ឈ្មោះ (M99) ដែលមានម្ចាស់ឈ្មោះ ស្មាច់ ដោយក្នុងមួយទីតាំង ខ្លួនទទួលបានកម្រៃជើងសារ ចំនួន ៨ម៉ឺនរៀល។

ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕