Tuesday, March 10, 2026
Homeសង្គម និងជីវិតអ្នកស្រាវជ្រាវ មិនខ្លាចការព្រមានប្តឹង ចេញ “កែវ ចំណាប់ ប្រតិដ្ឋបោកភូត”

អ្នកស្រាវជ្រាវ មិនខ្លាចការព្រមានប្តឹង ចេញ “កែវ ចំណាប់ ប្រតិដ្ឋបោកភូត”

ភ្នំពេញ ៖ ក្រោយពេលដែលលោក កែវ ចំណាប់ អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ជើងចាស់ ដែលអះអាងថា ធ្លាប់ជាប់ឃុំជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងមន្ទីរ១៥ ក្នុងសម័យខ្មែរក្រហម បានចេញមកប្រ តិកម្ម និងផ្ដល់ជម្រើស៣ ដល់លោក ឈៀង វិបុល អ្នកស្រាវជ្រាវភាសានិងអក្សរសាស្រ្តខ្មែរ ក្នុងការលុបលាងការចោទប្រកាន់មកលើរូបលោកថា ប្រតិដ្ឋរឿង បោកភូតដូចបឺត សំរេច និងថា យកកេរ្តិ៍ឈ្មោះលោក ស៊ីន ស៊ីសាមុត ធ្វើអាជីវកម្ម ព្រមទាំងបញ្ជាក់ថា បើលោក ឈៀង វិបុល ហ៊ានផ្សាយអត្ថបទ “កែវ ចំណាប់ ប្រតិដ្ឋបោក ភូត” ដោយគ្មានការអនុញ្ញាត លោកនឹងប្ដឹងនោះ លោក ឈៀង វិបុល បានធ្វើការឆ្លើយតប បញ្ជាក់ពីជំហរបស់លោកថា មិនខ្លាចការព្រមានប្ដឹងនេះទេ គឺលោកនៅតែចេញផ្សាយអត្ថបទ “កែវ ចំណាប់ ប្រតិដ្ឋបោកភូត” ដូច អ្វីដែលលោកបានជូនដំណឹងប្រាប់មហាជន ។

លោកឈៀង វិបុល អ្នកស្រាវជ្រាវ និងលោកកែវ ចំណាប់

គួររំលឹកថា ថ្មីៗនេះ ក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក ឈៀង វិបុល បញ្ជាក់ថា ២០ឆ្នាំ ក្រោយមកនេះ សក្ខីកម្មប្រតិដ្ឋនៃលោក កែវ ចំណាប់ ដែលថា «លោក ស៊ីន ស៊ីសាមុត មានស្រីកំណាន់ ២៣ នាក់ និងស្រីកំណាន់ពិសេសម្នាក់ សំដៅលោកស្រី ធីម វិជ្ជរ៉ា» នោះ បានដុតកម្លោចចិត្តសន្តោស មេត្តា ករុណារបស់លោក ឲ្យឆេះខ្លាច រលាយសូន្យបង់ទាំងស្រុង។ មានន័យថា អំពើគ្មានសីលធម៌ អគុណធម៌ ឥតសច្ចធម៌ ក្បត់មនសិការនៃលោក កែវ ចំណាប់ ប្រព្រឹត្តចំពោះជនានុជនខ្មែរ ពិសេសបង្ខូចកេរ្តិ៍ឈ្មោះ និងប្រមាថព្រលឹងនៃលោក ស៊ីន ស៊ីសាមុត ក៏ដូចគ្រួសាររបស់លោក បានបន្សាប កម្ចាយសមានចិត្ត ក៏ដូចអជ្ឈាស័យល្អបរិសុទ្ធរបស់លោក ឲ្យវិនាសន្តរាយ ខ្ចាត់ខ្ចាយគ្មានសេសសល់បន្តិចណាឡើយ ហើយជំនួសមកវិញនូវការផ្គងគំនិត តាំងចិត្តថា ពុំត្រូវទុកឲ្យមនោសញ្ចេតនាមានឥទ្ធិពលគ្របសង្កត់ បិទបាំងការណ៍ពិតឡើយ ទើបក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ លោកក៏ឆ្លៀតបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងរៀបចំអត្ថបទវិភាគ ពិភាក្សាអំពីសាច់រឿងប្រតិដ្ឋ សម្តីកុហក អំពើបោកភូត របស់លោក កែវ ចំណាប់ រហូតដល់ចប់សា្ថពរ តាំងពីខែកញ្ញា ឆ្នាំ២០២៤ ហើយត្រៀមដាក់ផ្សាយសាធារណៈក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក និង Channel YouTube នៃក្រុមព្រះសុរិយា ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបានពិគ្រោះជាមួយលោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា និងទទួលការយល់ព្រមឯកភាពពីលោក យាង វណ្ឌី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ។

 ជាការឆ្លើយនឹងសេចក្ដីជូនដំណឹងរបស់លោក ឈៀង វិបុល ដូចខាងលើនេះ លោកឈៀង វិបុល បានចេញមកប្រតិកម្មតាមរយៈ “នគរធំ” នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា ដោយបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សៅហ្មង ធុញថប់ និងពិបាកទទួលយកបានខ្លាំងណាស់ ព្រោះក្នុងនាមជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសោះ លោក ឈៀង វិបុល អ្នកស្រាវជ្រាវភាសានិងអក្សរសាស្រ្តខ្មែរ បែរជាហ៊ានអះអាងថា លោកជាមនុស្ស “បោក ភូតដូចបឺត សំរេច“ ដោយគ្រាន់តែភ្ជាប់រូបភាពដែលលោកធ្លាប់នាំបឺត សំរេច ទៅធ្វើពិធីបង្សុកូលជូនវិញ្ញាណ ក្ខន្ធលោក ស៊ីន ស៊ីសាមុត នៅមន្ទីរ១៥ និងភ្ជាប់សាច់រឿងដែលលោកធ្លាប់បានពិពណ៌នាពីរបួសអតីតកាល ជាប់គុកជាមួយលោក ស៊ីន ស៊ីសាមុត ។ នៅក្នុងរឿងនេះ លោកនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា អ្វីដែលលោករៀបរាប់ពីជីវិតលោក ស៊ីន ស៊ីសាមុត នៅមុនពេលខ្មែរក្រហម យកទៅសម្លាប់ គឺការពិត គ្មានភូតកុហក បំផ្លើស បំភ័ន្តព្រឹត្តិការណ៍ឡើយ ហើយលោកក៏មិនបានបញ្ជាក់ពីការទទួលស្គាល់បឺត សំរេច ជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត នោះដែរ បើទោះបីក្រុមគ្រួសារបឺត សំរេច អះអាងក៏ដោយ ក៏ជារឿងរបស់គេ ព្រោះនៅក្នុងពេលបានស្គាល់លោក ស៊ីន ស៊ីសាមុត និងបានសុំលោក ស៊ីន ស៊ីសាមុត ធ្វើជាគ្រូបង្ហាត់បង្រៀន ការតែងនិពន្ធទំនុកបទចម្រៀង នៅក្នុងរបបលន់ នល់ ក៏ដូចជាការជាប់ឃុំក្នុងរនុកជាមួយគ្នា នៅមន្ទីរ១៥ ក្នុងសម័យខ្មែរក្រហម នោះ លោកមិនបានឮលោក ស៊ីន ស៊ីសាមុត និយាយពីរឿងមានកូនជាមួយធីម វិជ្ជរ៉ា នោះទេ គឺគ្រាន់តែឮលោក ស៊ីន ស៊ីសាមុត បង្ហើបថា ធ្លាប់មានស្រីកំណាន់ ២៣នាក់ និងស្រីកំណាន់ពិសេសម្នាក់ ។ ដូច្នេះលោកសូមច្រានចោលទាំងស្រុង នូវការចោទប្រកាន់របស់លោក ឈៀង វិបុល ហើយក៏សូមឲ្យលោកឈៀង វិបុល ទទួលនូវសំណូមពរចំនួន៣ របស់លោកវិញ គឺ ៖ ទី១ ត្រូវហ៊ានតតាំងគ្នានៅតុលាការ។ ទី២ ហ៊ានស្បថដាក់ជីវិត និងទី៣ ហ៊ានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅចំពោះមុខអ្នកកាសែត ដើម្បីឲ្យមហាជនខ្មែរ បានឃើញច្បាស់ថា តើអ្នកណាជាអ្នកបោកពិតប្រាកដ?  ព្រោះលោកបានដឹងខ្លួនឯងច្បាស់ហើយថា តាំងពីលោកទម្លាយរឿងរ៉ាវធ្លាប់ជាប់ឃុំក្នុងមន្ទីរ១៥ ជាមួយលោកស៊ីន ស៊ីសាមុត មក បើទោះបីទទួលបានការចាប់អារម្មណ៍ អាណិតអាសូរពីពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសមែន តែមិនបានទទួលលាភសក្ការៈអ្វីជាដុំកំភួន ឬធ្វើមាន ធ្វើបាន ពីកេរិ៍្តឈ្មោះអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នោះទេ ក្រៅពីបន្តរស់នៅក្នុងផ្ទះជួល តែម្នាក់ឯង គ្មានប្រពន្ធកូននៅក្បែរ រហូតមកដល់បច្ចុប្បន្ន ។

 បន្ថែមលើការផ្ដល់ជម្រើសដល់លោក ឈៀង វិបុល ៣ចំណុចខាងលើនេះ លោក កែវ ចំណាប់ ថែមទាំងព្រមានថា លោកឈៀង វិបុល មិនអាចចេញផ្សាយអត្ថបទ “កែវ ចំណាប់ ប្រតិដ្ឋបោកភូត” នោះបានទេ បើគ្មានការអនុញ្ញាតពីលោក គឺលោកនឹងប្ដឹងពីបទបរិហារកេរ្តិ៍ ។

 ប្រឈមនឹងការព្រមានប្ដឹង និងផ្ដល់ជម្រើស៣ ឲ្យជ្រើសរើសខាងលើនេះ លោក ឈៀង វិបុល មិនបានធ្វើការឆ្លើយតបនឹងលោក កែវ ចំណាប់ ភ្លាមៗទេ ទើបតែចូលមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកបានប្រកាសផ្សាយអត្ថបទខាងលើ ជាផ្លូវការ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ដោយលោកថែមទាំងសរសេរលិខិតចំហ បញ្ជាក់ជំហរស្រាវជ្រាវរបស់លោកថា “ ដំណឹងពេលព្រឹក : អរុណសួស្ដី! ជនានុជនខ្មែរ ជាទីគោរព រាប់អាន។ តាមសម្ភាសន៍ជាមួយម្ចាស់ Channel YouTube CamUp, តា កែវ ចំណាប់ បានលើកសំណូមពរ ( ល័ក្ខខ័ណ្ឌ?) ៣ខ និង ព្រមានប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ, ប្រសិនបើខ្ញុំហ៊ានឈាន ១ជំហានទៀត គឺដាក់ផ្សាយអត្ថបទ កែវ ចំណាប់ ប្រតិដ្ឋបោកភូត។ ខ្ញុំគ្មានអ្វីឆ្លើយតបទេ, ដោយគ្រាន់តែកត់សម្គាល់នូវពាក្យសម្ដីរបស់តា កែវ ចំណាប់ ប៉ុណ្ណោះ។ ម្ល៉ោះហើយ, ដើម្បីធានានូវតុល្យភាពព័ត៌មាន  ខ្ញុំបានផ្ញើលិខិតចំហ ១ច្បាប់ ជូនម្ចាស់ Channel YouTube CamUp និងតា កែវ ចំណាប់, មានសេចក្ដីក្នុងអត្ថបទ និងឃ្លីបវីដេអូ ភ្ជាប់ខាងក្រោម…។ សូមបញ្ជាក់ថា, កម្មវិធីផ្សាយអត្ថបទ កែវ ចំណាប់ ប្រតិដ្ឋបោកភូត, នៅរក្សាដដែល។ សូមអរគុណ!“ ។

ភ្ជាប់ជាមួយសំណេរខាងលើនេះ លោក ឈៀង វិបុល ក៏បានធ្វើការចេញផ្សាយអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា «កែវ ចំណាប់ ប្រតិដ្ឋបោកភូត ភាគទី១» នៅលើបណ្ដាញសង្គមរបស់ខ្លួន និងនៅលើទំព័រហ្វេសប៊ុក និងឆាណែលយូធូប របស់ក្រុមព្រះសុរិយា ។ នៅក្នុងភាគទី១ នៃអត្ថបទនេះ ដែលមានចំនួន ៥ទំព័រ លោកឈៀង វិបុល បានលើកឡើងនូវចម្ងល់ចំនួនពីរ គឺទី១ ថាតើលោក កែវ ចំណាប់ ត្រូវឃុំខ្លួនក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល និងជាប់ខ្នោះជើង រួមរនុកក្បែរលោក ស៊ីន ស៊ីសាមុត មែនឬ? និងទី២ តើលោក ស៊ីន ស៊ីសាមុត ប្រាកដត្រូវពេជ្ឈឃាតនៃរបបខ្មែរក្រហម ប្រហារជីវិតនៅមន្ទីរ១៥ ដូចការអះអាងរបស់តា កែវ ចំណាប់ ឬទេ?

 ក្រៅពីស៊ើបអង្កេតលើ ២ចំណុចខាងលើនេះ អត្ថបទលោក ឈៀង វិបុល ក៏បានបញ្ជាក់អំពីការវាយតម្លៃ និងបែងចែកដោយងាយនូវគុណភាពនៃសម្តីរបស់លោក កែវ ចំណាប់ ក្នុងសម្ភាសន៍ដោយច្រើន ទាក់ទងនឹងសក្ខីកម្មអំពីភរិយាលោក ស៊ីន ស៊ីសាមុត តាមកាលៈទេសៈ២ គឺកាលៈទេសៈទី១ មុនសេពគប់នឹងជនឆបោក បឺត សម្រេច និងកាលៈទេសៈទី២ ក្រោយបដិសណ្ឋារៈរបស់បឺត សំរេច និងក្រុមប្រមូលទិន្នន័យដឹកនាំដោយអ្នកឧកញ៉ា សៀង ណាំ យករូបថតនៃស្ត្រីម្នាក់ ត្រឡប់មកពីប្រទេសលាវ ។

 អត្ថបទ “កែវ ចំណាប់ ប្រតិដ្ឋបោកភូត” ភាគទី១ ដែលលោកឈៀង វិបុល សរសេរចេញផ្សាយ នៅវេលាម៉ោង ០៩និង១៥នាទី ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

តាមអ្នកស្រុកវ័យចំណាស់ រួមស្រុកកំណើត នៅភូមិព្រែកតាដួង ឃុំព្រែក ស្រុកកោះធំ ខេត្តកណ្តាល ឈ្មោះដើមកំណើតនៃតា កែវ ចំណាប់ គឺ កេត គឹមរ៉ុង។ ប៉ុន្តែប្រាកដជនានុជនខ្មែរ ភាគច្រើន ពុំបានស្គាល់ឈ្មោះដើមកំណើត កើត គឹមរ៉ុង ទេ ព្រោះតា កែវ ចំណាប់ បានព្យាយាមលាក់បាំង មិនប្រើឈ្មោះដើមកំណើតនេះ សាធារណៈឡើយ។

តាំងពីឆ្នាំ២០០៦, ជនានុជនខ្មែរ បានដឹង ស្គាល់ ឃើញឈ្មោះ កែវ ចំណាប់ ចុះផ្សាយក្នុងទស្សនាវដ្តី សារព័ត៌មាន… ភ្ជាប់ជាមួយសម្ភាសន៍ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនក្នុងមន្ទីរឃុំឃាំង, ម.១៥ ឬ មន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល ( តំបន់២៥) ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។

 ពិតណាស់ អាស្រ័យដោយការអះអាង-តំណាលអំពីជីវិតមហាលំបាកវេទនា ឈឺចាប់ ខ្លោចផ្សា… ពេលជាប់ ខ្នោះជើងរួមរនុកក្បែរលោក ស៊ីន ស៊ីសាមុត ក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល, តា កែវ ចំណាប់ បានល្បីឈ្មោះ ព្រមទាំងទទួលជំនួយឧបត្ថម្ភបន្តបន្ទាប់ពីសប្បុរស ទាំងក្នុងនិងទាំងក្រៅប្រទេស។

គួរកត់សម្គាល់ថា រាល់ទិដ្ឋភាព សកម្មភាព ហេតុការណ៍ទាំងហ្វាយទាំងពួងក្នុងមន្ទីរ១៥ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម តា កែវ ចំណាប់ បានថ្លែងតាមការនឹកឃើញដោយឯកឯង ពុំមានជនដទៃ ឬសាក្សីណាម្នាក់ផ្តល់សក្ខីកម្មបញ្ជាក់បន្ថែមសម្រាប់ផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវ / ច្បាស់លាស់ / ពិតប្រាកដ ឡើយ។

សូមជនានុជនខ្មែរ ទស្សនា-ស្តាប់ចម្លើយរបស់តា កែវ ចំណាប់ តបនឹងសំណួរមនុស្សចិត្តជាទេវទត្ត មាត់ជាទេវតា រិន ឆោមវីរៈ ហៅ វីរៈ វ៉ារ៉ានី – អតីតអ្នករៀបរៀង និងធ្វើសម្ភាសន៍នៃក្រុមព្រះសុរិយា ក្នុងសម្ភាសន៍ក្រោមចំណងជើងថា «ព័ត៌មានបន្ថែមពីការស្លាប់របស់លោក ស៊ីន ស៊ីសាមុត និងការរួចជីវិតរបស់លោកកែវចំណាប់!» ដាក់ផ្សាយសាធារណៈក្នុង Channel YouTube ផ្លូវការនៃក្រុមព្រះសុរិយា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ តាកែវ ចំណាប់ បានសារភាពបែបបង្វែងដាន ក្នុងន័យថា « … រហូតមកដល់សព្វថ្ងៃ ពុំមានអ្នកជាប់ឃុំណាម្នាក់នៅរស់ទេ… » (សូមទស្សនាឃ្លីបវីដេអូទី១) ។

 រហូតដល់ឆ្នាំ២០១២ វិស័យបច្ចេកវិជ្ជាព័ត៌មាន (Information Technology – IT) នៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្លា និងឆាប់រហ័សហួសការស្មាន។

ការតភា្ជប់អន្តរបណ្តាញ (Internet) សម្រាប់ទទួល-ដាក់បញ្ចូលទិន្នន័យតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម (Social Media) ដូចយ៉ាង Facebook, YouTube… បានពង្រីកវិសាលភាពទូលំទូលាយគួរកត់សម្គាល់។

ការណ៍នេះ បានជម្រុលតា កែវ ចំណាប់ ឲ្យកើតចិត្តស្រើបស្រាល ត្រអេកត្រអាលផ្តល់សម្ភាសន៍អំពីជីវិតក្នុងមន្ទីរ១៥ នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ថ្ងូរនឹងជំនួយឧបត្ថម្ភបន្ថែមហូរហែពីសប្បុរសក្នុងនិងក្រៅប្រទេស។

ក្រោយពេលជនឆបោក បឺត សំរេច ឬអាឡេវមេបោក ប្រកាសដោយឥតអៀនខ្មាស គ្មានព័ស្តុតាងច្បាស់លាស់ ពុំមានសាក្សីសុចរិតត្រឹមត្រូវ.. កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា ខ្ញុំកូនប៉ាមុត, តា កែវ ចំណាប់ បានក្លាយ មុខសញ្ញានៃក្រុម/អ្នកស្រាវជ្រាវ ដោយច្រើនតាមធ្វើសម្ភាសន៍ជាអាទិ៍, ក្រុមព្រះសុរិយា, ក្រុមដំណើរខ្មែរ, លោក សេងតារា ។ល។ ពិសេសជនឆបោក បឺត សំរេច ឬអាឡេវមេបោក និងម្រេញគង្វាល តាមលួងលោម បញ្ចុកបន្ស៉ី ចងសម្ព័ន្ធមេត្រីយ៉ាងស្អិតល្មួត…។

 និយាយខ្លី តា កែវ ចំណាប់ អាចចិញ្ចឹមជីវិត ១ផ្នែក ដោយគ្រាន់តែដំឡើងសាច់រឿងនៃជីវិតក្នុងមន្ទីរ១៥ គ្រា ជាប់ខ្នោះជើងរួមរនុកក្បែរលោក ស៊ីន ស៊ីសាមុត ប៉ុណ្ណោះ។ ពោលគឺតា កែវ ចំណាប់ បានឆក់ឱកាសភ្ជាប់ខ្លួននិងប្រើប្រាស់គន្ធពិដោរនៃកេរ្តិ៍ឈ្មោះដ៏ត្រចះត្រចង់របស់លោក ស៊ីន ស៊ីសាមុត ស្វែងធនលាភផ្ទាល់ខ្លួន ដោយឥតកោតក្រែងរអែងខ្លាចបាបកម្ម ពុំរអៀសខ្លួន និងមិនអៀនខ្មាសចំពោះជនានុជនខ្មែរ បន្ដិចសោះឡើយ។

គួរកត់សម្គាល់ថា ពេលផ្តល់សម្ភាសន៍ជាមួយប្រភពទីទៃៗ តា កែវ ចំណាប់ រមែងស៊ែមកែមបន្ដបន្ទាប់នូវសាច់រឿងថ្មីៗទាក់ទងនឹងជីវិតឯកជនលោក ស៊ីន ស៊ីសាមុត ក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រាកដជនានុជនខ្មែរ ងឿងឆ្ងល់ណាស់ចំពោះសាច់រឿងបញ្ចេញបញ្ចូលបន្ថែមថ្មីៗរបស់តា កែវ ចំណាប់ ព្រមទាំងចោទសំណួរ២ ដូចតទៅ ៖

ទី១) តើលោក កែវ ចំណាប់ ត្រូវឃុំខ្លួនក្នុងមន្ទីរ១៥ ស្រុកកោះធំ ខេត្តកណ្តាល និង ជាប់ខ្នោះជើងរួមរនុកក្បែរលោក ស៊ីន ស៊ីសាមុត មែនឬ?

ទី២) តើលោក ស៊ីន ស៊ីសាមុត ប្រាកដត្រូវពេជ្ឈឃាតនៃរបបខ្មែរក្រហម ប្រហារជីវិតនៅមន្ទីរ១៥ ដូចការអះអាងរបស់តា កែវ ចំណាប់ឬទេ?

ក្នុងសម្ភាសន៍ជាមួយលោក សេង តារា ក្រោមចំណងជើងថា «លោកពូ កែវ ចំណាប់ អ្នកជាប់គុកជាមួយលោក ស៊ីន ស៊ីសាមុត» ដាក់ផ្សាយសាធារណៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ទោះបីបើបានត្អូញត្អែរ តូចចិត្តនឹងសម្ពាយបុណ្យដ៏ខ្សត់ខ្សោយរបស់ខ្លួន រហូតមកដល់សព្វថ្ងៃ យ៉ាងណាក៏ដោយ ក៏តា កែវ ចំណាប់ នៅពុំព្រមភ្ញាក់ខ្លួន រឭកសតិ ងាកមកសាងអំពើល្អ សន្សំកុសល…សម្រាប់ជីវិតចុងក្រោយ និងជាតិមុខឡើយ (សូមទស្សនាឃ្លីបវីដេអូទី ២)។

ផ្ទុយទៅវិញ ដើម្បីជីវិតចុងក្រោយដ៏គ្រោតគ្រាត កើតពីបាបកម្ម អន្ទោលមកពីជាតិមុន តា កែវ ចំណាប់ បានបន្តសាងអកុសលកម្មឥតឈប់ឈរ ក្នុងសំណុំរឿងប្រតិដ្ឋឆបោក ក្លែងបន្លំខ្លួនធ្វើកូនមុត របស់ ២នាក់ម្តាយ និងកូនបង្កើត -ដូនឆបោក កង សាត ហៅធីម រី និងជនឆបោក បឺត សំរេច ឬអាឡេវមេបោក។

ពុំខុសពីតា អាង ប៊ុនថន និងដូនម៉ី ធីម ក៏ដូចសាក្សីដទៃទៀតឡើយ តា កែវ ចំណាប់ បានប្រព្រឹត្តនូវអំពើគ្មានសីលធម៌ អគុណធម៌ ឥតសច្ចធម៌ ជាន់ឈ្លីសង្គមធម៌ ក្បត់មនសិការ នៃមនុស្សវ័យចំណាស់ ព្រមទាំងប្រាសចាកបុព្វចរិយាបរិសុទ្ធនៃពុទ្ធបរិស័ទខ្មែរ ដែលរមែងចម្រើនភាវនា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីបង្អែកនៃជីវិតចុងក្រោយ។

ប្រសិនបើសង្កេតដោយយកចិត្តទុកដាក់ ប្រាកដជនានុជនខ្មែរ មើលឃើញយ៉ាងច្បាស់ អាចវាយតម្លៃនិងបែងចែកដោយងាយនូវគុណភាពនៃសម្តីរបស់តា កែវ ចំណាប់ ក្នុងសម្ភាសន៍ដោយច្រើន ទាក់ទងនឹងសក្ខីកម្មអំពីភរិយាលោក ស៊ីន ស៊ីសាមុត តាមកាលៈទេសៈ២ ដូចតទៅ ៖

   កាលៈទេសៈទី១ ៖

  មុនសេពគប់នឹងជនឆបោក បឺត សំរេច ឬអាឡេវមេបោក និងម្រេញគង្វាល។

តបនឹងសំណួររបស់លោក សេង តារា ត្រង់ខណៈ ០១ម៉ោង ០១នាទី និង២៣វិនាទី ថា « …ពេលដែលជាប់ នៅក្នុងសម័យខ្មែរក្រហម ក្នុងមន្ទីរ១៥ ហ្នឹង, លោក ស៊ីន ស៊ីសាមុត អត់ដែលបានលើកឡើងពីឈ្មោះលោកស្រី ធីម វិជ្ជរ៉ា ដែលលោក អ្ហឺ បងប្រុស បឺតសំរេច លើកឡើងហ្នឹងទេ?…» តា កែវ ចំណាប់ បានរៀបរាប់នៅខណៈ ០១ម៉ោង ០១នាទី និង៣៧វិនាទី ច្បាស់ៗថា « អត់ដែលលើកទេ សូម្បីតែភរិយាកណ្ដាលខ្សែរាជវង្ស ក៏អត់ដែលលើកដែរ ប៉ិនគ្រាន់ប្រាប់ និយាយតែម៉ាម៉ាត់ពីរម៉ាត់ទេ មានពាក់ព័ន្ធកន្លងទៅ។ ប៉ុន្តែនិយាយឲ្យជាប់លាប់ រំឭក គាត់រំឭកហើយរំឭកទៀត មានពេលខ្លះ រំឭកឃើញប្រពន្ធគាត់ទាំងស្រក់ទឹកភ្នែក គឺ ឈឺន អង្គារ៉ា … » ( សូមទស្សនាឃ្លីបវីដេអូទី៣ )។

 ដល់ខណៈ ០១ម៉ោង ០៤នាទី និង១០វិនាទី, លោក សេង តារា រំឭកបញ្ជាក់បន្ថែមថា « …អីចឹង អឺ្ហ ទាក់ទងនឹងឈ្មោះ អ្ហឺ ធីម វិជ្ជរ៉ា ដែលបងប្រុស បឺត សំរេច បានលើកឡើងថា ជាភរិយាលោក ស៊ីន ស៊ីសាមុត ម្នាក់ដែរហ្នឹង កាលហ្នឹង លោក ស៊ីន ស៊ីសាមុត អត់ដែលបានលើកឡើងពីឈ្មោះអ្ហឺ ធីម វិជ្ជរ៉ា ហ្នឹងទេ?»។ តា កែវ ចំណាប់ បញ្ជាក់បន្ថែមថា « … អត់ អត់ដែលទេ អត់ដែលទេ អាហ្នឹងសូមអធ្យាស្រ័យចុះក្មួយ ក្មួយបឺត សំរេច កុំថារឿងហ្នឹង គឺពូដឹង ពូអត់ដឹងទេ ពូដឹងត្រឹមម៉ាន ពូនិយាយត្រឹមហ្នឹង… » ( សូមទស្សនាឃ្លីបវីដេអូទី៤)។

ដោយឡែក ក្នុងសម្ភាសន៍ ១ទៀត តា កែវ ចំណាប់ បានបញ្ជាក់យ៉ាងច្បាស់ ក្នុងន័យថា « … លោក ស៊ីន ស៊ីសាមុត រៀបរាប់តែអំពីភរិយាទី១ លោកស្រី ខាវ ថងញ៉ុត ភរិយាទី២ អ្នកអង្គម្ចាស់ តុល និង ភរិយាទី៣ លោកស្រី ឈឺន អង្គារ៉ា ប៉ុណ្ណោះ… ( សូមទស្សនាឃ្លីបវីដេអូទី៥) ។

ពោលគឺមុនសេពគប់ជាមួយជនឆបោក បឺត សំរេច និងម្រេញគង្វាល តា កែវ ចំណាប់ បានផ្តល់សក្ខីកម្មដូចៗគ្នា អំពីលោក ស៊ីន ស៊ីសាមុត មានភរិយា ៣នាក់គត់។

          កាលៈទេសៈទី២ ៖

ក្រោយបដិសណ្ឋារៈនៃជនឆបោក បឺត សំរេច ឬអាឡេវមេបោក ម្រេញគង្វាល ពិសេសក្រុមប្រមូលទិន្នន័យដឹកនាំដោយឯកឧត្តម សៀង ណាំ យករូបថតនៃស្ត្រីម្នាក់ ត្រឡប់មកពីប្រទេសលាវ វិញ។

តបនឹងល្បិចសម្ដែងជជីកសួរដ៏ពិសពុលនៃម្រេញគង្វាល ក្រោមចំណងជើងថា « បឺត សំរេច ទឹកភ្នែកមិនដឹងខ្លួន បើគ្មានភ្លើង ក៏គ្មានផ្សែង តម្ពក់ទៅ ទើបព្នៅមក ពូកែវ ចំណាប់ តបទៅ page 007x » ដាក់ផ្សាយសាធារណៈក្នុង Channel YouTube កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តា កែវ ចំណាប់ បានឆ្លៀតបង្ហាញកាយវិការ ព្រមទាំងក្លែមសម្តីថា «លោកប៉ា របស់ក្មួយ-លោក ស៊ីន ស៊ីសាមុត» រួចបញ្ចេញវោហារដោយពុំអៀនខ្មាស និងលាក់កំណួចយ៉ាងប្រសប់ ក្នុងន័យថា « … លោក ស៊ីន ស៊ីសាមុត បានដោយមាត់ច្រើន អំពីស្រីកំណាន់ពិសេសម្នាក់ ទោះគាត់ពុំបានបញ្ចេញឈ្មោះ ប្រហែល ធីម វិជ្ជរ៉ា។

  ….ក្រៅពីនោះ នៅមានស្រីកំណាន់ រហូត ២៣នាក់» (សូមទស្សនាឃ្លីបវីដេអូទី៦)។

 មានន័យថា ក្រោយបដិសណ្ឋារៈនៃជនឆបោក បឺត សំរេច ឬអាឡេវមេបោក, ម្រេញគង្វាល ពិសេសក្រុមប្រមូលទិន្នន័យដឹកនាំដោយឯកឧត្តម សៀង ណាំ យករូបថតនៃស្ត្រីម្នាក់ ត្រឡប់មកពីប្រទេសលាវ វិញ តា កែវ ចំណាប់ បានផ្តល់សក្ខីកម្មស៊ុមកម្មបន្ថែមអំពីលោក ស៊ីន ស៊ីសាមុត មានស្រីកំណាន់ពិសេសម្នាក់ សំដៅលោកស្រី ធីម វិជ្ជរ៉ា និងស្រីកំណាន់ ២៣នាក់។

លោកកែវ ចំណាប់

ទោះយ៉ាងនេះក៏ដោយ ក៏តា កែវ ចំណាប់ នៅគោរពខ្លួនឯង និងរក្សាតម្លៃសម្តីដែលបានរៀបរាប់ក្នុងសម្ភាសន៍កន្លងមក ពុំដូចតា អាង ប៊ុនថន – គូ្រក្ដារវិល ប៉ិនប្រសប់ខាងប្រែក្រឡាស់សម្តី/ខ្លឹមសារ និងទម្លាក់កំហុស ឬមួលបង្កាច់បង្អួចលោក សេង តារា ថា « … សួរកាត់លិចកើត … »។

ជនានុជនខ្មែរ នឹងបានឃើញកាយវិការ និងឮសម្ដីដ៏ក្រឡេចក្រឡុច លាក់កំណួច របស់គូ្រក្ដារវិល តា អាង ប៊ុនថន នៅក្នុងអត្ថបទស៊ើបអង្កេត វិភាគ ពិភាក្សា វគ្គទី៣“ ។ (នៅមានត)

RELATED ARTICLES