ភ្នំពេញ ៖ ក្រុមជនបរទេស ចំនួន៧នាក់ ជាមេខ្លោង Online scam ត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមដីកាសម្រេច ចំនួន៧ផ្សេងគ្នា របស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យយ៉ាងល្អិតល្អន់លើសំណុំរឿងដែលកសាងដោយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនត្រូវចោទ ទាំង៧នាក់ រួមមាន ទី១-ឈ្មោះ XI BING ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ CHEN LANG ភេទប្រុស ជនជាតិចិន។ ទី៣-ឈ្មោះ XIA CHAO ភេទប្រុស ជនជាតិចិន។ ទី៤-ឈ្មោះ NAN LIANG ភេទប្រុស ជនជាតិចិន។ ទី៥-ឈ្មោះ FAN LEI ភេទប្រុស ជនជាតិចិន។ ទី៦-ឈ្មោះ KIRAN KUMA RBAYAK ភេទប្រុស ជនជាតិនេប៉ាល់ និងទី៧-ឈ្មោះ MOHD SAKIB ភេទប្រុស ជនជាតិឥណ្ឌា។ ជនបរទេស ទាំង៧នាក់នេះ ត្រូវបានដាក់ឱ្យនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់ លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោងនិងបក្ខពួក ចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗ ពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សមត្ថកិច្ច បានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់តាំងដែលបានយកកម្ពុជា ធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

សូមបញ្ជាក់ថា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជា ឈានទៅលុបបំបាត់ការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ៕