ខេត្តសៀមរាបៈ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក ១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាប ក្រោមការសម្របសម្រួលនីតិវិធីពីលោក ង៉ិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។



បានចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន ម៉ាស៊ីនចម្រុះម៉ាក សរុបចំនួន ១០ ១៦៨គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤២៦៨ដើម ក្បាលជក់ចម្រុះម៉ាក ចំនួន៥៩០០ក្បាល ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ជាអ្នកលក់ និងម្ចាស់ទីតាំង ចំនួន២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។


សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដាក់បទបញ្ជាហាមឃាត់ដាច់ខាត មិនឱ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕


