ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ តារាចម្រៀង សួស វីសា បានអះអាងថានាងកំពុងតែពិចារណាថា គួរតែបញ្ចប់អាជីពចម្រៀង ឬវិលត្រឡប់មកវិញ ។ ការស្ទាក់ស្ទើរលើអាជីពដែលខ្លួនស្រលាញ់នេះ ក្រោយពី វីសា បាត់មុខពីឆាកតន្រ្ដី ហើយបន្ទាប់ពីមានកូនពីរនាក់ ពេលនេះសម្រស់របស់នាងចាប់ផ្ដើមប្រែប្រួល ហេតុនេះហើយបានជាមានការលើកឡើងថា វីសា អាចនឹងបាត់ទំនុកចិត្ត លែងសូវមានភាពជឿជាក់ ទើបបានជាធ្វើតេ ស្ដដល់ Fan ថា តើនៅគាំទ្រនាងដូចមុនទៀតឬអត់ ? វីសា ថាមានកត្តា ៣យ៉ាង ដែលនាងពិចារណាបោះបង់អាជីពចម្រៀង គឺទាក់ទងសម្រស់ វ័យ និងកម្លាំងចិត្ត ។

សួស វីសា ថ្លែងថា «ខានប្រឡូកវិស័យចម្រៀង ជាង១ឆ្នាំហើយ គឺព្រោះតែរវល់ រួចហើយ រវល់មើលថែកូន តែពេលនេះកំពុងគិតថា គួរវិលត្រឡប់ទៅវិញ ឬក៏គួរតែបញ្ចប់តែម្ដង?១- លែងស្អាត ២- ចាស់ ៣-អស់កម្លាំង ចិត្ត» ។

Fan មួយចំនួន បានលើកទឹកចិត្តសួស វីសា ឲ្យបន្ដអាជីពចាស់ដែលនាងស្រលាញ់ និងតស៊ូជាង ១០ឆ្នាំមកហើយ ដោយលួងលោមនាងថា ការមានស្វាមីនិងកូន មិនមែនជាទីបញ្ចប់នៃអាជីពចម្រៀងទេ ។ ប៉ុន្ដែអ្នកខ្លះទៀតបែរជាថា ការបញ្ចប់អាជីពចម្រៀងរបស់នាង ពេលនេះ ក៏នឹងមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់នាងឡើយ ព្រោះពេលនេះ នាងជាតារាមានទ្រព្យស្ដុកម្នាក់ ដែលរស់នៅផ្ទះវីឡាប្រណិត ជិះរថយន្ដថ្លៃៗ ព្រមទាំងមានមុខរបរផ្ទាល់ខ្លួនក្រៅពីអាជីពសិល្បៈទៅហើយ មុនប្រកាសចង់បាយបាយច្រៀងរាំ ។ អ្វីដែលគួរឲ្យកត់សម្គាល់កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ គ្រាន់តែវីសា ដាក់លក់ផ្ទះ ៣ទីតាំងផ្សេងគ្នា ដែលនាងទុកចោល អត់អ្នករស់នៅនោះ តម្លៃសរុបដល់ទៅ ៧២៥ ០០០ដុល្លារ ហេតុនេះទោះជាមិនបាច់រកលុយល្អិតពីសិល្បៈទៀត ដេកតែចាយលុយ ក៏មិនចេះអស់ដែរ ។

គួរបញ្ជាក់ថា សួស វីសា បានបាត់មុខពីឆាកតន្រ្ដី ជាញឹកញាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីឆ្នាំ២០២២ នាងមានជំងឺរលាកបំពង់កដ៏ធ្ងន់ធ្ងរ ជិះយន្ដហោះទៅមកៗព្យាបាលនៅថៃ ប៉ុន្ដែនៅពេលដែលជំងឺបានធូរស្រាល គ្រូពេទ្យបែរជាប្រាប់នាងថា ហាមប្រើសំឡេងទៅវិញ ។ ប៉ុន្ដែនៅឆ្នាំ២០២៣ វីសា បានចេញច្រៀងធម្មតា ព្រោះជាតារាចម្រៀង បើមិនឲ្យប្រើសំឡេង តើឲ្យទៅប្រើអី ? តែនៅឆ្នាំ២០២៤ នាងបាត់មុខពីឆាកតន្រ្ដីជាថ្មី ព្រោះពពោះកូនទី២ ហើយក្រោយសម្រាលកូន នៅដើមឆ្នាំ២០២៥ នាងចេះតែរយាលពីឆាកតន្រ្ដី ។ ទោះជាយ៉ាងណា មុនចង់ដឹងចិត្តអ្នកគាំទ្រ ថាតើនាងគួរតែបន្ដឬឈប់ច្រៀងនោះ វីសា បានចេញមុខមកបំភ្លឺដែរថា នាងនៅតែជាតារាចម្រៀងហង្សមាស ដើម្បីទប់ស្កាត់ការសង្ស័យថានាងបានដើរចេញពីផលិតកម្មនេះទៅហើយ ក្រោយតារាប្រុសស្រីរបស់ផលិតកម្មធំនេះ នាំគ្នាចេញជាបន្ដបន្ទាប់នោះ ។

ប្រភពថា អាជីវកម្មក្រៅសិល្បៈរបស់សួស វីសា កាក់កបគួរសម ដោយសារតែនាងមានស្វាមីនៅគាំទ្រពីក្រោយខ្នង ដូចជាពេលខ្លះ លោក ថមមី តែងខ្លួនជាស្រី ភេទទី៣ ដើម្បីឲ្យប្រពន្ធលក់ដាច់អ៊ឺវ៉ាន់តាម Online ជាដើម ។ វីសា ថានាងជានារីមានសំណាងម្នាក់ ព្រោះប្ដីទុកនាងដូចជាព្រះនាង ខណៈដែលលោក ប៊ុនថុល ប៊ុនថង ហៅថមមី ក៏ធ្លាប់ប្រកាសដែរថាលោកតាំងចិត្តស្រលាញ់ប្រពន្ធកូន អស់មួយជីវិត ។

មហាជនកត់សម្គាល់ថា សួស វីសា ជាតារាមានសមត្ថភាពម្នាក់ មិនចាញ់ឱក សុគន្ធកញ្ញា ឡើយ ប៉ុន្ដែវាជាធម្មតាទៅហើយដែលក្រោយមានស្វាមីនិងកូន ទីផ្សារសិល្បៈរបស់តារាទាំងឡាយនឹ ងមានការប្រែប្រួលខុសពីកាលនៅលីវ ។ មុនរៀបការប្ដី កាលពីចុងឆ្នាំ២០១៩ វីសា ធ្លាប់ដាក់គោលដៅថា នាងចង់ឈរតំណែងលេខ២ នៅហង្សមាស បន្ទាប់ពីឱក សុគន្ធកញ្ញា តែពេលនេះ ក្ដីសុបិនមិនទាន់ក្លាយជាការពិត តារាកូនពីររូបនេះ បែរជាចង់ដកថយ ព្រោះតែលែងមានទំនុកចិត្តលើខ្លួនឯងដូចមុនទៅវិញ ។ ប៉ុន្ដែមុនវីសា ពិចារណាលើការបោះបង់អា ជីពចម្រៀងនេះ ស្វាមីនាង លោកថមមី ក៏បានអះអាងកាលពីចុងខែមករា ឆ្នាំ២០២៦ ថាលោកបានដើរចេញពីអាជីពសិល្បៈ រយៈពេល១៥ឆ្នាំហើយ ៕


