ខេត្តកំពត ៖ ក្មេងទំនើង ១ក្រុម ដែលចូលចិត្តធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត ធ្វើការបង្ក្រាប ដោយនាំក្រុមក្មេងទំនើងទាំងនោះ ដើររើសសំរាម នៅតាមទីសាធារណៈ ស្ថិតក្នុងក្រុងកំពត និងថែមទាំងតម្រូវឱ្យពួកគេស្រែកពាក្យថា “ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ”។គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី បានធ្វើការឃាត់ខ្លួនយុវជន ១ក្រុម ដែលនាំគ្នាជិះម៉ូតូបង្ហោះ យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី។

សមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ប្រទះឃើញក្រុមយុវជនជិះម៉ូតូបង្ហោះឆ្វេចឆ្វាច ត្រង់ចំណុចដីឡូត៍ទំនេរ ស្ថិតក្នុងភូមិព្រៃវែង ឃុំស្រែក្នុង។ ភ្លាមៗ កម្លាំងអធិការដ្ឋាន សហការជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋ បាលមូលដ្ឋាន បានចុះដល់គោលដៅ រួចឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ បាន៤នាក់ រួមជាមួយម៉ូតូបម្រើស កម្មភាព ចំនួន២គ្រឿង។
ក្រុមយុវជនទាំងនោះ រួមមាន ទី១-ឈ្មោះ ផន ស៊ូឈាន អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។ទី២-ឈ្មោះរិន សិលា អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។ ទី៣-ឈ្មោះណាវ លីហួរ អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។ និងទី៤-ឈ្មោះវី ណាន់ អាយុ១៧ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី។
ក្រោយពីសាកសួរនិងធ្វើកំណត់ហេតុរួចរាល់ អធិការដ្ឋាននគរបាលស្រុកជុំគិរី បានបញ្ជូនយុវជនទាំង៤នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីមានវិធានការបន្ត។
បន្ទាប់មក កម្លាំងសមត្ថកិច្ចខេត្តកំពត បាននាំក្រុមក្មេងទំនើងទាំងនោះ ដើរសម្អាតអនាម័យ (រើសសំរាម) នៅតាមទីសាធារណៈ ស្ថិតក្នុងក្រុងកំពត ដោយតម្រូវឱ្យពួកគេស្រែកពាក្យថា “ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ!” ជាប់មាត់រហូត៕