Tuesday, February 24, 2026
Homeចរាចរណ៍បើកឡានក្រឡាប់ផ្ទុះឆេះ ស្លាប់១ របួស៦

បើកឡានក្រឡាប់ផ្ទុះឆេះ ស្លាប់១ របួស៦

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានបើករថយន្តទំនើប ១គ្រឿង និងមានអ្នករួមដំណើរ ចំនួន៦នាក់ ក្នុងល្បឿនលឿន លុះក្រោយមកស្រាប់តែរេចង្កូតបុកខឿនសួនពុះចែកទ្រូងផ្លូវល្បឿនលឿន   បណ្តាលឱ្យក្រឡាប់ និងផ្ទុះឆេះ ស្លាប់មនុស្សម្នាក់ និង ៦នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤៨នាទីព្រឹក ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិកំណប់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលជួបឧប្បត្តិហេតុ ម៉ាកឡង់គ្រីសឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-9888 បើកបរក្នុងទិសដៅពីលិច ទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតបុកខឿនសួនពុះចែកទ្រូងផ្លូវល្បឿនលឿន   ក្រឡាប់ទាំងកំរោល  បណ្តាលឱ្យផ្ទុះឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍នេះ សរុបមានចំនួន ៧នាក់ រួមមាន ទី១-ឈ្មោះជា ប៉ូលីន ភេទស្រីអាយុ ៣៨ឆ្នាំ (ជាអ្នកបើកបរ)។ ទី២-ឈ្មោះស៊ីវ អ៊ី ភេទស្រី អាយុ៣១ឆ្នាំ។ ទី៣-ឈ្មោះចេង ណៃស៊ត ភេទស្រី អាយុ ៦៦ឆ្នាំ។ ទី៤-ឈ្មោះជា ឆោម ភេទប្រុស អាយុ៧៧ឆ្នាំ។ ទី៥-ឈ្មោះអ៊ឹង ស៊ុយឈៀង ភេទប្រុស អាយុ ១៥ឆ្នាំ។ ទី៦-ឈ្មោះ អ៊ឹង ស៊ុយហ្គិចា ភេទស្រី អាយុ១០ឆ្នាំ (ទាំង ៦នាក់ រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ) និងទី៧-ឈ្មោះសូរ ដារ៉ាគន្ធី ភេទស្រី អាយុ៤៥ឆ្នាំ មានលំនៅ ភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះរថយន្តខាងលើ រួចប្រគល់ទៅឱ្យនគរបាលចរាចរណ៍ នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីបន្ត។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES