ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់ដល់អាជីវករ ទាំងអ្នកនាំចូល និងអ្នកលក់បន្ត ត្រូវបញ្ឈប់និងរក្សាទុកជាបណ្តោះអាសន្ន ចំពោះផ្លែក្រូច ដែលមានសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹង បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្តសកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍ពីសាធារណជន ដែលជាអ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយក ដ្ឋាន ក.ប.ប បានរកឃើញថា មានអាជីវករមួយ ចំនួន បានដាក់តាំងលក់នូវផលិតផលដែលមានបំពាក់ម៉ាកឬ រូបសញ្ញា ដែលដូចគ្នានិង ,ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជា ណាចក្រកម្ពុជា។
ជាមួយគ្នានេះ បុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្មនិងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ក្នុងគោលបំណង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិ ដែលការពារដោយច្បាប់ ធានានូវការការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងដោយស្មោះត្រង់ នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការប្រើប្រាស់ម៉ាកសញ្ញា សម្រាប់បំពាក់លើផលិតផល អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម ៖
– ចំពោះពាណិជ្ជករ អាជីវករ ជាអ្នកលក់ចែកចាយបន្ត ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេត តាមដានស្វែងរកប្រភពផលិតនាំចូល ចែកចាយនូវផលិតផលទាំងនោះ។
– ចំពោះពាណិជ្ជករ អាជីវករ ជាអ្នកនាំចូល លក់និងចែកចាយ ៖ ត្រូវបញ្ឈប់ការនាំចូល លក់ចែកចាយ នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ ជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
– ចំពោះអ្នកប្រើប្រាស់ និងសាធារណជន ៖ សូមចៀសវាងការទិញនូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាមនីតិវិធី…៕